គ្រូបង្រៀន​ត្រូវបាន​ពន្យារពេល​ចូលនិវត្តន៍​រហូតដល់​អាយុ​៦៥​ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2017 ក+ ក-

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​អោយមាន​ការធ្វើ វិសោធនកម្ម​ច្បាប់ ស្តីពី​អាយុ​ចូល​និវត្ត​ន៌​របស់​គ្រូបង្រៀន ឡើងដល់​អាយុ​៦៥​ឆ្នាំ ដែល​នាពេល​បច្ចុប្បន្ន ច្បាប់​ចូល​និវត្ត​ន៌​សម្រាប់​មន្ត្រីរាជការ បានកំណត់​អាយុ​ចូល​និវត្ត​ន៌ ត្រឹម​អាយុ​៦០​ឆ្នាំ​។
​សម្តេច​តេ​ជោ បានប្រគល់​កិច្ចការ​នេះ ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើការ​ជាមួយ ក្រសួង​មុខងារសាធារណៈ ដើម្បី​ឈានទៅដល់ ការធ្វើ​វិសោធនកម្ម​ច្បាប់​ចូល​និវត្ត​ន៌​ថ្មី​វិញ​។​ការស្នើ នេះ គឺជា​ចំនុច​សំខាន់​មួយ ដែល​សម្តេច​តេ​ជោ បានលើកឡើង នៅក្នុង​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ​«​គ្រូបង្រៀន​ជា​វិស្វករ​ព្រលឹង​នៃ​យុវជន​ជំនាន់​ក្រោយ » ដែល​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ម្សិលមិញនេះ​។
​មូល​ហេតុដែល​ស្នើអោយ​ពន្យារពេល​អាយុ​ចូល​និវត្ត​ន៌​សម្រាប់​គ្រូបង្រៀន​ដល់​អាយុ​៦៥​ឆ្នាំនេះ ដោយសារ ជាក់ស្តែង​ក្នុងពេល​បច្ចុប្បន្ន គ្រូ​ភាគច្រើន​ដែល​បាន​ចូល​និវត្ត​ន៌​ហើយ​នោះ នៅតែ​អាច​បង្រៀន​សិស្ស​បាន​ដដែល ប៉ុន្តែ​ពួកគាត់​ត្រូវបាន​បញ្ចូល​ក្នុង​គ្រូ​ជាប់កិច្ចសន្យា រឺ​គ្រូ​ក្រៅ​ម៉ោង​ប៉ុណ្ណោះ​។
​បើតាម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់ថា ក្នុង​មួយឆ្នាំៗ​ក្រសួង​ត្រូវការ​ជ្រើសរើស​គ្រូបង្រៀន​ថ្មី ប្រមាណ​៣០០០​នាក់ សម្រាប់​មក​ជំនួស​គ្រូបង្រៀន​ដែល​ត្រូវ​ចូល​និវត្ត​ន៌​។ ប៉ុន្តែ​ការជ្រើសរើស​គ្រូ​ថ្មី​បន្ថែម​នេះ មិនទាន់​គ្រប់​តម្រូវការ​នៅឡើយ​ទេ ខណៈ​ចំនួន​សិស្ស និង​សាលារៀន មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។ ពេល​ប​ច្ច​ប្បន្ន ប្រទេស​កម្ពុ​ជាមាន បឋមសិក្សា ចំនួន​៧១៤៤! អនុ​វិទ្យា ចំនួន​១២៤៥! វិទ្យាល័យ ចំនួន​៤៨៦! គ្រឺះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន​១១៥ ដែលមាន​សិស្ស​កំពុង​សិក្សា​ប្រមាណ​៣​លាន​នាក់​។ តាមរយៈ​ការចុះ​ជួប​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី ជាមួយ​លោកគ្រូ​អ្នកគ្រូ នៅតាម​សាលារៀន​នៃ​បណ្តា​រាជធានី​ខេត្ត​ទូទាំងប្រទេស ក្នុង​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ​មកនេះ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ​១៥០​លាន​ដុល្លារ ដើម្បី កសាង​អគារសិក្សា​ថ្មី​បន្ថែម​ជាច្រើន​។ ជាងនេះទៀត រាជរដ្ឋាភិបាល​បាន​តម្លើង​ប្រាក់ខែ​ជា​បន្តបន្ទាប់​ដល់​គ្រូបង្រៀន ដែល​នៅក្នុង​ឆ្នាំ​២០១៧ នេះ​ប្រាក់ខែ​អប្បបរមា​គឺ ៩៥ ម៉ឺន​រៀល​! ហើយ​នៅ​ឆ្នាំ ២០១៨ ខាងមុខនេះ នឹង​កើន​ឡើងដល់​ជាង ១​លាន​រៀល​៕