កម្ពុជា និង​UN បង្កើត​កម្មវិធី​លើកកម្ពស់​សមត្ថភាព និង​វិជ្ជាជីវៈ​យុវជន​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2017 ក+ ក-

​ភ្នំពេញ ៖ អង្គការ​សហ​ប្រជាជ​តិ​ប្រចាំ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈ​ប្រឹក្សា​ភិ​បាល​នៃ​កម្មវិធី​រួមគ្នា​ដើម្បី​មុខរបរ​និង​ឱកាស​ការងារ​សមរម្យ​សម្រាប់​យុវជន​នៅ​កម្ពុជា ដែល​គម្រោង​នេះ​ត្រូវបាន​បើក​កិច្ចប្រជុំ​ជា​លើកទីមួយ​របស់ខ្លួន នៅ​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ ដែល​ដឹកនាំ​ដោយ​សហប្រធាន មាន ឯកឧត្តម​បណ្ឌិត​អ៊ិត​សំហេង​រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកជំទាវ Claire Van der Vaeren​អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ទីស្តីការក្រសួង​ការងារ​។
​លោក​បណ្ឌិត អ៊ិត សំហេង បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅក្រោយ​កិច្ចប្រជុំ​នោះ​ថា កិច្ចប្រជុំ​នៅថ្ងៃនេះ មាន​គោលបំណង​ដើម្បី​ឧទ្ទេសនាម សមាជិក​-​សមាជិការ គណៈ​ប្រឹក្សា​ភិ​បាល ដែលមាន​របៀបវារៈ​ចំនួន​បី បាន​លើ​មក​ពិភាក្សា និង​ធ្វើការ​អនុម័ត ក្នុងនោះ​មាន ៖ និតិ​វិធី​ដំណើរការ​សកម្មភាពរ​បស់​ក្រុមប្រឹក្សា​គម្រោង​, ការពិនិត្យ​និង​អនុម័ត​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​របស់​គណៈ​ប្រឹក្សា​ភិ​បាល​ពិគ្រោះ​យោបល់ និង ការពិនិត្យ​និង​អនុម័ត​លើ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​កម្មវិធី​សម្រាប់​ឆ្នាំ​ទី​១​។​
​នៅ​ឆ្នាំ​ទីមួយ​នេះ កម្មវិធី​រួមគ្នា គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៤​លាន​ដុល្លារ សម្រាប់​ដំណើរការ​កិច្ចការ​ជាច្រើន​របស់​គម្រោង​លើ​ឱ្យ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការកសាង​សមត្ថភាព​យុវជន នឹង​ការបង្កើត​ឱកាស​ការងារ​សមរម្យ​ដែល​នឹងត្រូវ​ចាប់ផ្តើម​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ទៅ​។ គណៈ​ប្រឹក្សា​ភិ​បាល បានទទួល​សិទ្ធិ​ប្រទាន​ពី​ម្ចាស់ជំនួយ​ទីភ្នាក់ងារ​ស្វី​ស​ដើម្បី​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​ដើម្បី​ធ្វើការ​សម្រេចចិត្ត​នានា ដោយ​យោងតាម​គោលបំណង អភិក្រម និង​វិសាលភាព​របស់​គម្រោង ដូចដែល​បានកំណត់​នៅក្នុង​ឯកសារ​គម្រោង​ជា​ធរមាន​។
​កម្មវិធី​រួមគ្នា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​មុខរបរ និង​ការងារ​សម្រាប់​យុវជន នៅ​កម្ពុជា​នេះ និង​កាន់តែ​ជំរុញ​ដល់​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ នូវ​គោលដៅ​នៃ​គោលនយោបាយ​ជាតិ​ធំៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ កម្មវិធី​រួមគ្នា​នេះ ចាប់ផ្តើម​រយៈពេល​២​ឆ្នាំ ពី​ខែកញ្ញា ឆ្នាំ​២០១៧ ដល់​ខែសីហា​ឆ្នាំ​២០១៩ ដើម្បី​អភិវឌ្ឍន៍ យុវជន និង​ស្ត្រី​វ័យក្មេង​កាន់តែ​ច្រើនឡើង​ឱ្យទទួល​បាន​ឱកាស​ការងារ​សមរម្យ និង​មាន​ផលិតភាព ហើយ​អ្វី​ដែលជា​ការរំពឹងទុក​ក្នុងការ​សម្រេច​ឱ្យបាន​គឺ យុវជន និង​ស្ត្រី​វ័យក្មេង​ទទួលបាន​ការអប់រំ​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ប្រកបដោយ​គុណភាព និង​ការស្ម័គ្រចិត្ត​ដើម្បី​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវ​: និង​បច្ចេកទេស​។ ក្រៅពីនេះ យុវជន និង​ស្ត្រី​វ័យក្មេង​ទាំង​ក្នុង​និង​ក្រៅ​សាលា​បានទទួល ជំនាញ អាជីវកម្ម និង​សហគ្រាស​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​សហគ្រាស​ប្រកបដោយ​និរន្តរភាព​ជាពិសេស​យុវជន​បានទទួល​អត្ថ​ប្រ​យោ​ជ​ន៏​ពី​ហានិភ័យ​នៃ​ការរំលោភបំពាន​និង​ការរើសអើង​នៅ​កន្លែង​ការងារ​។​
​លោកស្រី Claire Van der Vaeren​បាន​លើកឡើងថា ការអនុវត្ត​កម្មវិធី​រួមគ្នា​នេះ​កើតឡើង ខណៈពេលដែល​ឆ្នាំ​២០៣០ និង​គោលដៅ​អភិវឌ្ឍន៍​ចីរភាព​អំពាវនាវ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​សម្រាប់​ការងារ​និយោជិត​ជាពិសេស​គោលដៅ​ទី​៨​។ ក៏ដូចជា​ការអំពាវនាវ​កាត់បន្ថយ​ឲ្យ​បាន​ច្រើន​នូវ​សមាមាត្រ​នៃ​យុវជន​ដែល​មិនទាន់​ទទួលបាន​ការងារ ការបណ្តុះបណ្តាល​ឆ្នាំ​២០២០ និង​អំពាវនាវ​ឲ្យ​មានការ​អនុវត្តន៍​នៅ​យុទ្ធសាស្ត្រ​ដើម្បី​កាត់បន្ថយ​ភាព​គ្មាន​ការងារ​ធ្វើ និង​លើកកម្ពស់​កញ្ចប់​ការងារ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ឆ្នាំ​២០២០ ហើយ​កម្មវិធី​រួមគ្នា​នេះ​នឹង​ឆ្លើយតប​ទៅដល់​គោលដៅ​រួមគ្នា​ផងដែរ​។
​សូមបញ្ជាក់ថា សមាជិក​-​សមាជិកា​គណៈ​ប្រឹក្សា​ភិ​បាល​នេះ​មាន​១១​រូប​ក្នុងនោះ​មកពី​តំណាង​ជាន់ខ្ពស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ទីភ្នាក់ងារ​ស្វី​ស​ដើម្បី​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​អង្គការ​អន្តរជាតិ​ខាង​ការងារ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​អង្គការសហប្រជាជាតិ​ផ្នែក​អប់រំ​វិទ្យាសាស្ត្រ​និង​វប្ប​ធ៌​ម​មូលនិធិ​សហប្រជាជាតិ​សម្រាប់​កុមារ​កម្មវិធី​ស្ម័គ្រចិត្ត​សហប្រជាជាតិ​និង​ក្រុមប្រឹក្សា​យោបល់​យុវជន​របស់​អង្គការសហប្រជាជាតិ​៕