បាល់ទាត់ ៖ លោក Leonardo Vitorino បានលាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ហើយកាលពីយប់មិញនេះ ក្រោយដឹកនាំជម្រើសជាតិកម្ពុជាបានតែ៩ខែ ពោលគឺតាំងពីខែមករាជំនួសកៅអីលោក Lee Tae Hoon។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហោះសារមួយលើប្រព័ន្ធទំនាក់ទំនងសង្គមរបស់ខ្លួន នារាត្រីថ្ងៃទី១៩ ខែតុលានេះ ដែលខ្លឹមសាសរក្នុងសាររបស់លោក ហាក់បញ្ជាក់ពីគម្រោងលាឈប់ពីក្រុមជម្រើសជាតិកម្ពុជា។
សារសរសេរថា «សូមអរគុណដល់អ្នកគាំទ្រកម្ពុជាចំពោះពេលវេលាដ៏អស្ចារ្យ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនទាំងអស់ដែលធ្វើអោយខ្ញុំមានឱកាសធ្វើការនៅទីនេះ (បុគ្គលិកមន្ត្រីរាជការ កីឡាករអ្នកគ្រប់គ្រ ងនិងគ្រូបង្វឹក)។ សូមអភ័យទោសចំពោះការមិនអាចផ្លាស់ប្តូរអ្វីមួយបាន»។
លោកបន្ដថា «ខ្ញុំសូមជូនពរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទទួលបានការរីកចំរើន និងល្អបំផុត ហើយសូមអរគុណចំពោះឱកាសអោយខ្ញុំ ដើម្បីដឹកនាំបាល់ទាត់ក្រុមជំរើសជាតិកម្ពុជា។ សូមអរគុណផងដែរ អ្នកឧបត្ថម្ភ៖ Smart, SCG, Clear … នឹង អ្នកដទៃទៀត ។ ខ្ញុំនឹងមិនភ្លេចអ្នកគាំទ្រកម្ពុជាទេ !!!»។
ជុំវិញការលាឈប់របស់បង្វឹកសញ្ជាតិប្រេស៊ីលរូបនេះដែរមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ថ្លែងថា ការប្រកួតដែលនៅសេសសល់ក្នុងឆ្នាំ២០១៧ នេះ មន្ត្រីបច្ចេកទេស លោក អូហារ៉ា នឹងដឹកនាំបណ្តោះអាសន្ន ពេលកម្ពុជាប្រកួតទល់នឹងហ្ស៊កដានី និងអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពានអាស៊ី AFC Asian Cup 2019៕