ប៉ៃលិន៖ ស្ទឹងត្រង់ជាឃុំមួយក្នុងស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ដែលមានប្រជាពលរដ្ឋសឹងតែ៩៩ភាគរយ ជាអ្នកប្រកបរបរកសិកម្ម ដំណាំស្រូវ ដំឡូងមី ព្រមទាំងពោត ប៉ុន្តែក្រៅពីដំណាំទាំងនេះ ក៍ប្រជាពលរដ្ឋមួយចំនួន បានឆ្លៀតរករបរដុតធ្យួងលក់ ជាចំណូលគួបផ្សំ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ជៀសវាងការធ្វើចំណាកស្រុក ទៅប្រទេស ដោយប្រថុយប្រថានផងដែរ ។
ប្អួនប្រុស អ៊ួច ចាន់ណា ជាប្រជាពលរដ្ឋប្រកបរបរដុតធ្យួងលក់ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ បានរៀប រាប់ឲ្យភា្នក់ងារយើងដឹងនៅថ្ងៃទី២១ ខែធ្នូ ថា៖ របរដុតធ្យួងលក់ ជារបរគួបផ្សំមួយ បន្ទាប់ពីការធ្វើស្រែចំការរួចរាល់ ហើយការប្រកបរបរដុតធ្យួងនេះ មានរយៈពេលជាង១០ឆ្នាំមកហើយ ដោយការដុតធ្យួងនេះ មាន២របៀប គឺដុតឡ បូក និងដុតឡកប់ ។ ប្អួនប្រុស បានបន្តថា៖ បើយើងដុតឡកប់ គឺយើងទទួលបានផលច្រើន ដែលបានធ្យួងរហូត ដល់៥០ការ៉ុង ទៅ៦០ការ៉ុង តែបើឡបូកវិញគឺបានតែ២០ការ៉ុង ទៅ៣០ការ៉ុងតែប៉ុណ្ណោះ ។ ជាមួយនិងការ ដុតធ្យួង លក់នេះដែរ កាលពីមុនគឺមានបញ្ហាប្រឈមជាមួយមេព្រៃ ដែលចុះមកហាមឃាត់មិនឲ្យយើងដុតឡើយ តែពេលនេះមិនមានបញ្ហាទាំងអស់នេះកើតឡើងនោះទេ ព្រោះអស់ព្រៃឈើទៅហើយ ។ ចំណែកអ្នកមីងម្នាក់ទៀតឈ្មោះ ថោង ភី រស់នៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ជាអ្នកប្រកបរបរដុតធ្យួងលក់ដែរនោះ បានប្រាប់ភ្នាក់ងារយើងដឹងថា៖ គាត់បានចាប់របរដុតធ្យួងលក់រយៈពេល៥ទៅ៦ឆ្នាំ មកហើយ ដើម្បីរកប្រាប់ចំណូលប្រចាំថ្ងៃ គ្រាន់ដោះស្រាយជីវភាព ហើយរបរនេះគឺជារបរគួបផ្សំតែប៉ុណ្ណោះ បន្ទាប់ពីការធ្វើស្រែចំការរួច ជៀសវាងការធ្វើចំណាកស្រុកទៅស៊ីឈ្នួលនៅស្រុកគេ ។ អ្នកមីងបានបន្តថា៖ របរដុតធ្យួងក៍មានបញ្ហាប្រឈមជាច្រើន ទំរាំបានយកទៅលក់ ដូចជាការដុតមិនបានឆេះស្អាត់ល្អ ភ្ញៀវទិញមានការរើស ,ហើយបើដើមឈើណាដែលយើងយកមកដុត បានហើយ បែរជាមានការផ្ទុះ ក៍ភ្ញៀវមិនទទួលទិញដែរ ប្រការទាំងនេះ វាធ្វើឲ្យយើងពិបាករកអតិថិជនផងដែរ ។ អ្នកមីង បានបន្តថា៖ ធ្យួងដែលរូបគាត់ដុតនេះ ជាប្រភេទឡបូក ហើយបើយើងដុតដំបូង បានតែ៥ទៅ៦ការ៉ុងប៉ុណ្ណោះ ដល់ដុតយូៗទៅ ទើបឡើងបាន១០ការ៉ុង ទៅ២០ការ៉ុង ព្រោះឡ ដែលយើងដុតវាមានទទួលកម្តៅឆ្អិនល្អ ទើបធ្យួងដែលយើងដាក់ដុតនោះ បានច្រើន ។ ការដុតធ្យួង ក្នុងមួយឡ អាចប្រើពេល ចាប់ពី១០ថ្ងៃ ឬជាង១០ថ្ងៃ ចំណែកការចំណាយលើរបរធ្យួងនេះ វាត្រួវការចំណាយច្រើន ដូចជាទិញឈើគេយកមកដុត ទិញខ្សែសម្រាប់ចង ទិញការ៉ុង សម្រាប់ច្រកធ្យួងជាដើម ។ ជាមួយគ្នានេះដែរ នៅពេលយើងដឹកយកទៅលក់ ក៍មានបញ្ហាប្រឈមទៅនិងសមត្ថកិច្ចតាមផ្លូវកាក់យកលុយ ពីការដឹកធ្យួងនេះផងដែរ ។
បើនិយាយកាលពីមុន ពេលចេញទៅលក់ម្តងៗ ប្រសិនមេព្រៃឃើញ គឺកាកយកលុយ ក្នុងមួយជើង១ម៉ឺនរៀល ដោយមិនមានលក្ខខណ្ឌតវ៉ា ដោយអស់មេព្រៃចាប់ផ្តើមប៉ូលីសចរាចរណ៍ តែបើយើងយកទៅលក់តាមផ្លូវទៅភ្នំកុយវិញ មានទាហានចំកាកយកលុយ២ពាន់ទៅ៣ពាន់រៀលទិញបារីជក់ផងដែរ ។
ពាក់ព័ន្ធរបរដុតធ្យួងនេះដែរ ត្រួវបានលោក អោម វិរៈ នាយខណ្ទរដ្ឋបាលព្រៃឈើប៉ៃលិន មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២១ ខែធ្នូ ថា៖ សព្វរបរដុតធ្យួងលក់ នៅខេត្តប៉ៃលិន មិនមានឡើយ ដោយធ្យួង ដែលយើងឃើញគឺយកមកពីខេត្តផ្សេងដាក់លក់នោះទែ ។កាលពីមុនប្រជាពលរដ្ឋស្រុកសាលាក្រៅភាគច្រើន ប្រកបរបរដុតធ្យួងលក់ ហើយឈើ ដែលយកមកដុតគឺរកក្នុងចំការរបស់ពួកគាត់ តែពេលនេះអស់ឈើទៅហើយ ព្រោះពួកគាត់ឈួសឆាយធ្វើជាចំការទៅវិញ៕