នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបង្ហាញរបាយ ការណ៍នាពេលថ្មីៗនេះថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានទទួលពាក្យបណ្តឹងជាច្រើន តែក្នុងនោះ មានពាក្យបណ្តឹងខ្លះ ត្រឹមត្រូវតាមទម្រង់ច្បាប់ ពាក់ព័ន្ធនឹងការឆបោករបស់ជនល្មើសតាមរយៈការភូតភរឱ្យប្រជាពលរដ្ឋវេលុយជាមួយនឹងភ្នាក់ងារវេរលុយមួយចំនួន ដែលគិតជាទឹក ប្រាក់រាប់ម៉ឺនដុល្លារ។
យោងរបាយការណ៍ដដែលបានបញ្ជាក់ថា “ភ្នាក់ងារវេប្រាក់ដែលជនល្មើសប្រើជាមធ្យោបាយប្រព្រឹត្តបទល្មើសរួមមានៈ វីង អ៊ីម៉ាន់នី ទ្រូម៉ាន់នី លីហួរ វេលុយ អាស៊ីវេលុយ និងមីក្រូហិរញ្ញវត្ថុ អេអឹមខេ” ហើយជនល្មើសបានឆបោកប្រជាពលរដ្ឋតាមគ្រប់រូបភាពដូចជា ដើរតួជាមន្ត្រីគយ ការត្រូវរង្វាន់ឆ្នោត យកគណនីហ្វេសប៊ុកទៅខ្ចីលុយគេ (លួចគណនីហ្វេសប៊ុក) …។ល។
ក្នុងរបាយការណ៍របស់សមត្ថកិច្ច ក៏បានលើកឡើងពីភាពស្មុគស្មាញក្នុងការស៊ើបអង្កេតដោយសារលេខទូរស័ព្ទរបស់ជនល្មើសដែលប្រើប្រាស់ធ្វើសកម្មភាពឆបោក គ្មានភាពត្រឹមត្រូវ សម្រាប់សម្គាល់អត្តសញ្ញាណ ម្យ៉ាងវិញទៀត នៅតាមបញ្ជរវេលុយភាគច្រើន បានអនុញ្ញាតឲ្យអ្នកដកលុយពាក់មួក ពាក់ម៉ាស់ ដែលមិនអាចឱ្យកាមេរ៉ាសុវត្ថិភាព ថតចាប់យករូបភាពជនល្មើសបាន ច្បាស់ ដើម្បីងាយស្រួលសម្រាប់ឱ្យសមត្ថកិច្ចបន្តស៊ើបអង្កេត ឬតាមចាប់ខ្លួនជនល្មើសក្នុងករណី មានបទល្មើសកើតឡើងនោះទេ។
សូមជម្រាបថា ក្រុមហ៊ុនបម្រើសេវាកម្មផ្ទេរ និងទូទាត់ប្រាក់ ដែលកំពុងតែដំណើរការនៅកម្ពុជា មានចំនួន១០ រួមមាន៖ ក្រុមហ៊ុន វីង ,ក្រុមហ៊ុន ទ្រូ ម៉ាន់នី, ក្រុមហ៊ុន លី ហួរ ,ក្រុមហ៊ុនស្មាត, ក្រុមហ៊ុន អ៊ី ម៉ាន់នី , មីក្រូហិរញ្ញវត្ថុ អេអឹមខេ , មីក្រូហិរញ្ញវត្ថុ អាស៊ីវេរលុយ , មីក្រូហិរញ្ញវត្ថុ ប្រាសាក់ , ក្រុមហ៊ុនស្ពីតផេរ និងក្រុមហ៊ុន ដារ៉ាផេរ ៕