ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងបញ្ជូនមន្ត្រីជំនាញផ្នែកសុរិយោដីចុះទៅសិក្សានៅតាមបណ្តាកោះសរុបជាង៧០កោះ ក្នុងខេត្តជាប់សមុទ្រទាំងបួនរបស់ កម្ពុជា ដើម្បីពិនិត្យវាយតម្លៃពីសក្ដានុពលវិនិយោគ និងរៀបចំផែនការមេជាមុន កុំអោយកើតមាន បញ្ហានានាក្រោយការវិនិយោគ ៖
តាមការបញ្ជាក់របស់ ឯ.ឧ. ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ របស់ក្រសួង កាលពីពេលថ្មីៗនេះ បានបង្ហាញពីគម្រោងរបស់ក្រសួងដែនដី ក្នុងការបញ្ជូនមន្ត្រីជំនាញ ទៅសិក្សាលើកោះទាំង៧៥ ក្នុងប្រទេសកម្ពុជា ដែលការចុះសិក្សានេះ អាចនឹងចាប់ផ្ដើមនៅខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។ គម្រោងនៃការចុះសិក្សាលើកោះទាំងអស់ក្នុងប្រទេសកម្ពុជានេះ គឺដើម្បីពិនិត្យមើល ពីសក្ដានុពលសម្រាប់ការវិនិយោគ និងជៀសវាងមិនអោយមានការសាងសង់រំលោភលើផ្ទៃកោះរួចហើយ ទើបហាមឃាត់ និងរុះរើតាមក្រោយ ដូចទៅនឹងករណីកន្លងមកនៅលើកោះមួយចំនួន។
ខណៈដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិសម្បទានដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិនានាដើម្បីអភិវឌ្ឍន៍កោះជាច្រើន រួចមកហើយនោះ គេមើលឃើញថា រហូតមកដល់ពេលនេះ ក្នុង ចំណោមបណ្តាកោះទាំងអស់ ក្នុងខេត្តជាប់សមុទ្រទាំង៤ គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និង ខេត្តកោះកុង គឺមានកោះមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបានអភិវឌ្ឍន៍ ជាតំបន់រម្មណីដ្ឋាន ទេសចរណ៌ឆ្នេរកោះ ដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម កោះឋានសួគ៌ កោះទន្សាយ កោះដែកគោល កោះសង្សារ កោះឫស្សី កោះក្របី កោះស្តេច ជាដើម ប៉ុន្តែកោះជាច្រើនទៀតនៅមិនទាន់ ធ្វើការអភិ វឌ្ឍ ទៅតាមគម្រោងនៅឡើយទេ ដូចជា កោះពស់ ជាដើម ដែលត្រូវបានផ្អាកដំណើរការសាងសង់ រហូតមកដល់ពេលនេះ។ ទន្ទឹមនឹងការផ្តល់សិទ្ធសម្រាប់ការវិនិយោគនិងអភិវឌ្ឍន៌នៅលើបណ្តាកោះនានាក្នុងប្រទេសកម្ពុជានេះ សមាគមទេសចរណ៌នានា យល់ឃើញថា ជារឿងល្អសម្រាប់ការទាញយកផលប្រយោជន៌ និងចំណូលពីវិស័យទេសចរណ៌នៅលើកោះនានា ប៉ុន្តែការវិនិយោគទាំងនោះ ក៏គួរតែមានការអភិរក្សធម្មជាតិ និង ថែរក្សាបរិស្ថានផង ទើបការអភិវឌ្ឍនោះអាចផ្តល់ផលប្រកបដោយចីរភាព សម្រាប់ទាំងអស់គ្នា ជារួមគឺជៀសវាងការអភិវឌ្ឍន៍ហើយបំផ្លាញដល់បរិស្ថាន តាមរយៈការបង្ហូរទឹកស្អុយ ទឹកកខ្វក់ និងសម្រាម ចូលក្នុងសមុទ្រជាដើម ។
គូររំលឹកថា នៅក្នុងពិធីបុណ្យសមុទ្រក្នុង ខេត្ត កែប កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ប្រមុខរាជរដ្ឋាកម្ពុជា បានចាត់ទុកវិស័យ ទេស ចរណ៌ដែលជាមាសបៃតង គឺជាវិស័យអាទិភាពមួយរបស់កម្ពុជា ដែលបានចូលរួមកំណើន សេដ្ឋកិច្ច តាមរយៈការផ្តល់ការងារធ្វើ ការបង្កើតមុខរបរ ការបង្កើនប្រាក់ចំណូលដល់ ប្រជាពលរដ្ឋ ។ ទន្ទឹមនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏ បានស្នើឲ្យក្រសួង ស្ថាប័ន រួមនិងអាជ្ញាធរដែនដីគ្រប់ លំដាប់ ថ្នាក់ ចាំបាច់រួមគ្នាគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងអភិវឌ្ឍន៍វិស័យទេសចរណ៍ តំបន់ ឆ្នេរ កម្ពុជា ឲ្យមាននិរន្តរភាព គឺត្រូវរក្សាឆ្នេរសមុទ្រកម្ពុជាអោយនៅតែជាឆ្នេរសមុទ្របៃតង ទឹកសមុទ្រ ស្អាត សម្រាប់ភ្ញៀវទេសចរណ៌មុជ! រួមនិងការពារព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលស័ក្ដិសមជា សមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើលោក។
សូមបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជាលាត សន្ធឹងប្រវែង៤៤០គីឡូម៉ែត្រ នៅក្នុងខេត្តចំនួន៤ គឺខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និង ខេត្តកែប។ ក្នុងចំណោមកោះដែលជាតំបន់កម្សាន្ត ក្នុងប្រទេសកម្ពុជា កោះរ៉ុងត្រូវបាន National Geographic ផ្តល់ចំណាត់ថ្នាក់ជាឆ្នេរសមុទ្រប្រណីតជាងគេ ក្នុងចំណោមឆ្នេរសមុទ្រ ស្អាតទាំង ១០ របស់ពិភពលោក ដែលការផ្តល់ចំណាត់ថ្នាក់នេះ គឺផ្អែកលើកត្តាធម្មជាតិស្រស់ស្អាត និង បរិយាកាសបរិសុទ្ធតែម្តង៕( រូប ៖ កោះសង្សារ)