ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាបានទាញយកថាមពលអគ្គិសនី ដែលផលិតចេញពីទំនប់វារីអគ្គិសនី រួមនិងរោងចក្រថាមពលដើរដោយធ្យូងថ្ម ដើម្បីផ្គត់ផ្គង់ទូទាំងប្រទេស បានប្រហែល ៨០ ភាគរយនៃការផ្គត់ផ្គង់សរុប បើគិតជាកម្លាំងថាមពលគឺបានប្រមាណ ៦ពាន់៥រយលានគីឡូវ៉ាត់ម៉ោង ។ បើតាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល ការផ្គត់ផ្គង់ថាមពលក្នុងឆ្នាំ២០១៧ គឺបានសម្រេចទៅតាមផែនការកំណត់។
ក្នុងចំណោមប្រភពថាមពលអគ្គិសនីផ្គង់ផ្គង់សរុបនេះដែរ បានមកពីប្រភពថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ជាង៣៩,៧ ភាគរយ! ពីប្រភពវារីអគ្គិសនី ជាង៣៣,៧ភាគរយ! បានមកពីការដុតប្រេងប្រមាណ៥,៣ ភាគរយ! បានមកពីថាមពលកកើតឡើងវិញ០,៨ ភាគរយ និង បានមកពីប្រភពផ្ទាល់របស់ឧស្សាហកម្ម និងអ្នកចែកចាយ០,២ ភាគរយ។ ក្រសួងរ៉ែ និងថាមពល បានបង្ហាញដែរថា ដើម្បីបំពេញកង្វះខាត កម្ពុជា បាននាំចូលថាមពលអគ្គិសនី ប្រមាណ ១ពាន់៦រយលានគីឡូវ៉ាត់ម៉ោង ដែលស្មើនឹង ២០ ភាគរយនៃការផ្គត់ផ្គង់សរុប ពីប្រទេសជិតខាង។ ក្នុងនោះ នាំចូលពីប្រទេសវៀតណាម១៥%, ថៃប្រមាណ៤,៥ និងឡាវប្រមាណ០,៥%។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជា( EAC) បានផ្គត់ផ្គង់ថាមពលអគ្គសនី ទៅដល់ភូមិជាង ១ម៉ឺន៤ពាន់ភូមិ ស្មើនឹង ៨១ ភាគរយ និងទៅកាន់លំនៅឋានជាង ៣លាន៣សែន ស្មើនឹង ៦៨,៥ ភាគរយ។
ជាទិសដៅកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា នឹងពង្រីកការផ្គត់ផ្គង់អគ្គិសនីក្នុងតម្លៃទាប ទៅកាន់គ្រប់ភូមិទាំងអស់នៅទូទាំងប្រទេសកម្ពុជា នៅឆ្នាំ២០២០ ។ តម្លៃអគ្គិសនីសម្រាប់លំនៅឋាននាពេលបច្ចុប្បន្ន ថ្លៃចាប់ពី ៤៨០រៀលដល់ ៧២០រៀលក្នុងមួយគីឡូវ៉ាត់ទៅតាមទំហំប្រើប្រាស់។ បច្ចុប្បន្នកម្ពុជា កំពុងទាញយកថាមពលអគ្គិសនីសម្រាប់ ប្រើប្រាស់ ពីប្រភពថាមពលអគ្គសនី សរុបជាង២ពាន់មេហ្គាវ៉ាត់ ក្នុងនោះទី១ បានមក កានាំ ចូលពី ប្រទេសវៀតណាម១៧០មេហ្គាវ៉ាត់។ ទី២ នាំចូលពីប្រទេសថៃ ១២០មេហ្គាវ៉ាត់។ ទី៣ វារីអគ្គិសនី គីរីរម្យ១ចំនួន១២មេហ្គាវ៉ាត់។ ទី៤ វារីអគ្គសនីកំចាយខេត្តកំពត១៩៤.១មេហ្គាវ៉ាត់។ ទី៥ វារីអគ្គិ សនីគីរីរម្យ៣ ចំនួន១៨មេហ្គាវ៉ាត់។ ទី៦ វារីអគ្គិសនីស្ទឹងអាតៃ១២០មេហ្គាវ៉ាត់។ ទី៧ វារីអគ្គិសនី ឬស្សីជ្រុំក្រោម៣៣៨មេហ្គាវ៉ាត់។ ទី៨ វារីអគ្គិសនីស្ទឹងតាតៃ ២៤៦មេហ្គាវ៉ាត់។ ទី៩ វារីអគ្គិសនី សេសានក្រោម១២០មេហ្គាវ៉ាត។ ទី១០ ស្ថានីយ៍អគ្គិសនីដុតធ្យូងថ្មចំនួន៣ទៀត នៅខេត្តព្រះ សីហនុ ផលិតថាមពល៤០៥មេហ្គាវ៉ាត់។
រីឯ វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែង នឹងផ្តល់ថាមពលអគ្គិសនី សរុប៤០០មេហ្គាវ៉ាត់ នៅពេលចាប់ផ្តើមដំណើរការតួប៊ីនសរុបទាំង៨ នៅក្នុងឆ្នាំ២០១៨នេះ ៕