ភ្នំពេញ ៖ សេចក្តីព្រាង យុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ត្រូវបានរៀបចំឡើងដោយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឆ្លងកាត់ការសិក្សាជាច្រើន និងដកស្រង់បទពិសោធន៍ពីស្ថាប័នអន្តរជាតិធំៗ និងពីប្រទេសមួយចំនួន, ជាពិសេស ផ្អែកលើបទពិសោធន៍ នៃអនុវត្តការងារជាក់ស្ដែងរយៈពេល៣ឆ្នាំ របស់កម្ពុជាផ្ទាល់, ក៏ដូចជាការចូលរួមរំលែកជំនាញ និងបទពិសោធន៍ផ្ទាល់ពីអ្នកជំនាញការងារជាច្រើន ព្រមទាំងការផ្តល់មតិយោបល់ពីដៃគូអភិវឌ្ឍន៍សំខាន់ៗ។ ទន្ទឹមនេះ ឯកសារនេះបានពាក់ព័ន្ធគន្លឹះនានា។
ខ្លឹមសារយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥
ឯកសារយុទ្ធសាស្ត្រនេះរួមមាន៖
– អំពីសាវតា នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ដុសាធារណៈ អំពីសមិទ្ធផល និងវឌ្ឍនភាព ដែលសម្រេចបានរហូតមកដល់បច្ចុប្បន្នព្រមទាំងបញ្ហាប្រឈមនានា ដែលកម្ពុជាបាន និងកំពុងតែជួបប្រទះ។
– អំពីទិសដៅ នៃការកែទម្រង់ប្រព័ន្ធថវិកា គឺសម្រាប់កំណត់ទិសដៅអោយបានកាន់តែច្បាស់លាស់ នៃការកែទម្រង់ប្រព័ន្ធថវិកា ដោយផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធថវិកា ផ្អែកលើធាតុចូល និងមជ្ឈការ(ត្រួតពិនិត្យជាមុនខ្លាំងនៅពេលអនុវត្ត) ឆ្ពោះទៅប្រព័ន្ធថវិកាដែលផ្អែកលើលទ្ធផល/សមិទ្ធកម្ម និងវិមជ្ឈការ(ផ្ទេរសិទ្ធិ និងការទទួលខុសត្រូវគ្រប់គ្រងថវិកាកាន់តែច្រើន ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅក្រសួង-ស្ថាប័ន និងផ្ទៃក្នុងក្រសួង-ស្ថាប័ន)ក្នុងឆ្នាំ២០២០។
– យុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ និងផែនចង្អុលផ្លូវឆ្ពោះទៅកាន់គោលដៅយុទ្ធសាស្ត្រឆ្នាំ ២០២៥ ដោយប្រមូលផ្ដុំលើការធ្វើផែនការកម្រិតយុទ្ធសាស្ត្រនេះ (ថវិការយៈពេលមធ្យម) ការរៀបចំគម្រោង និងការអនុវត្តថវិកា ហើយនិងការធ្វើរបាយការណ៍តាមដានវាយតម្លៃ។
+ ការរៀបចំថវិកា
យុទ្ធសាស្ត្រមានគោលបំណងសំខាន់គឺ លើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំថវិកាពហុឆ្នាំ, ប្រើប្រាស់ព័ត៌សមិទ្ធកម្មជាមូលដ្ឋានមួយសម្រាប់ការវិភាជថវិកា និងបង្កើនភាពជាម្ចាស់ និងគណនេយ្យភាព នៃក្រសួង-ស្ថាប័នលើការរៀបចំថវិកា។ ទន្ទឹមនឹងនេះ ការរៀបចំអោយមានក្របខណ្ឌថវិការយៈពេលមធ្យម ដោយកំណត់ពិដានដល់កម្រិតក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ។
+ ការអនុវត្ដថវិកា
យុទ្ធសាស្ត្រនេះមានគោលបំណងសំខាន់ គឺបង្កើនភាពទន់ភ្លន់ និងភាពងាយស្រួលដល់ក្រសួង-ស្ថាប័នតាមរយៈការកាត់បន្ថយនីតិវិធីអនុវត្ត និងស្វ័យប្រវត្តិកម្ម ការផ្តល់សិទ្ធិសម្រេចក្នុងការអនុវត្តថវិកា, និងការធ្វើប្រតិភូកម្មលើការងារត្រួតពិនិត្យថវិកា។ ការបង្កើតយន្តការត្រួតពិនិត្យថវិកា ដោយអង្គភាពខុសៗគ្នា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលក្ខណៈសាមញ្ញ មានសិទ្ធិស្វ័យសម្រេច និងមានការទទួលខុសត្រូវខ្ពស់ និងគណនេយ្យភាពច្បាស់លាស់ ស្របតាមទិសដៅ នៃថវិកាសមិទ្ធកម្ម។ គោលបំណង នៃយុទ្ធសាស្ត្រ គឺឈានទៅធ្វើសាមញ្ញកម្មក្របខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យការបើកផ្តល់តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ចំណែកការទូទាត់សាច់ប្រាក់នឹងធ្វើតាមរយៈការផ្ទេរតាមប្រព័ន្ធអេឡិចត្រូនិច (E-Transfer)។
+ ការតាមដាន និងវាយតម្លៃការអនុវត្តថវិកា
ប្រព័ន្ធរបាយការណ៍នឹងរៀបចំតាមទម្រង់របាយការណ៍ហិរញ្ញវត្ថុផ្អែកលើមូលដ្ឋានសាច់ប្រាក់កែសម្រួលស្របតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ (Modified Cash-IPSAS)និងមានសមិទ្ធកម្មតាមកម្មវិធី និងអនុវត្តវិធី។ សម្រាប់ការតាមដាន និងវាយតម្លៃសមិទ្ធកម្មអោយបានច្បាស់លាស់ ដោយកំណត់មុខងារសិទ្ធិអំណាច និងកាតព្វកិច្ច អោយបានច្បាស់លាស់រវាងក្រសួង-ស្ថាប័ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរសវនកម្មជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
+ ការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ
ឯកសារយុទ្ធសាស្ត្របានកំណត់ ប្រព័ន្ធថវិកាមួយប៉ុណ្ណោះគឺ ប្រព័ន្ធថវិកាជាតិ ដោយប្រព័ន្ធថវិកា នៃរដ្ឋបាលថ្នាក់ក្រោមជាតិស្ថិតនៅក្នុងនោះមានលក្ខណៈដូចគ្នាទៅនឹងប្រព័ន្ធថវិកាជាតិដែរ ប៉ុន្តែមានលក្ខណៈសាមញ្ញ ហើយជាគោលការណ៍ ការវិភាជ និងការអនុវត្តថវិកា ត្រូវបានផ្តល់សិទ្ធិស្វ័យសម្រេច និងគណនេយ្យភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
+ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ
ការធ្វើវិសោធនកម្មច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០០៨ ដើម្បីផ្តល់ភាពស្របច្បាប់ក្នុងដំណើរការរៀបចំថវិកាតាមប្រព័ន្ធថវិកាសមិទ្ធភាព។ការបន្តពង្រីកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អោយគ្របដណ្ដប់ប្រតិបត្តិការទាំងអស់នៅក្នុងវដ្តថវិកា ចាប់តាំងពីរៀបចំ ការអនុវត្ត និងការធ្វើរបាយការណ៍។
គណៈរដ្ឋមន្ត្រី បើកកិច្ចពិភាក្សាលើសេចក្តីព្រាង ការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥