ភ្នំពេញ ៖ តាមរយៈ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងជប៉ុន ដែលបានចុះហត្ថលេខា លើអនុស្សាយោគយល់គ្នា កាលពីពេលកន្លងទៅ ក៏ដូជជា ការចុះ MOU រវាង ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាមួយ ខេត្ត អ៊ីហេមិ នៅព្រឹកថ្ងៃទី១៥ ខែមករា នេះដើម្បីបញ្ជូន និងទទួលកម្មពលករនោះ កម្ពុជាគ្រោងនឹងបញ្ជូនកម្មសិក្សាការីរបស់ខ្លួនចំនួន១០០០នាក់ទៅបំរើការងារនៅប្រទេសជប៉ុនក្នុងឆ្នាំ២០១៨នេះ។
លោក បណ្ឌិត អ៊ិន សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយពិធីចុះMOUនោះថា ជំហានដំបូងនេះ កម្ពុជានឹងបញ្ជូនកម្មសិក្សាការីប្រមាណ១០០០នាក់ បន្ទាប់មកនឹងពិនិត្យលទ្ធភាព ដើម្បីបញ្ជូនជាបន្តបន្ទាប់តាមតម្រូវការរបស់ក្រុមហ៊ុននៅជប៉ុន និង ទីភ្នាក់ងារទទួលសិទ្ធបញ្ជូនពលកររបស់កម្ពុជា។
លោករដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ន កម្មសិក្សាការីកម្ពុជា កំពុងបំរើការងារនៅប្រទេស ជប៉ុនប្រមាណជាង៦ពាន់នាក់ ហើយនៅឆ្នាំក្រោយទៀត នឹងខិតខំធ្វើយ៉ាងណាឱ្យចំនួនពលករទៅធ្វើការនៅប្រទេសជប៉ុន មានការកើនឡើងអាចរហូតដល់មួយម៉ឺននាក់។
លោកបណ្ឌិតបញ្ជាក់ថា កម្មសិក្សាការីកម្ពុជា ក្រោយពីបានទៅបំរើការងារនៅប្រទេសជប៉ុន ពួកគេនឹងទទួបានប្រាក់បៀវត្សខ្ពស់ អាចចាប់ពី១០០០ដុល្លារឡើង ទៅក្នុង១ខែ ក្រៅពីនោះពួកគេក៏នឹងទទួលបាន ចំណេះដឹង ភាសារ ស្វែងយល់ពីទំនាមទំលាប់ ប្រពៃណី វប្បធម៌ និងការរស់នៅរវាងប្រជាជននៃប្រទេសទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពបន្ថែម បទពិសោធន៍ក្រោយពេលត្រឡប់មកប្រទេសវិញ។
ចំណែកលោក ណាការម៉ូរ៉ា អភិបាលខេត្ត អ៊ីហេមិ បានអះអាងថា ក្រោពីបានមកដល់ប្រទេសកម្ពុជាដោយផ្ទាល់ទើបលោកដឹងថា កម្ពុជាកំពុងមានការរីកចំរើន ហើយប្រទេសមានកំណើនសេដ្ឋកិច្ចល្អ ប្រជាជនមានភាពរួសរាយរាក់ទាក់ មានកម្លាំងពលកម្មច្រើន និងមានការតស៊ូខ្ពស់ ដែលប្រទេសជប៉ុនកំពុងតែត្រូវការ។ ពិសេសប្រជាជនកម្ពុជា មានការស្រលាញ់និងចូលចិត្តប្រជាជននិងប្រទេសជប៉ុនផងដែរ ដែលពួកគេអាចរស់នៅ ធ្វើការជាមួយគ្នាបានយ៉ាងល្អពីពេលបច្ចុប្បន្ននិងទៅថ្ងៃខាងមុខ។
ចំពោះលក្ខណការងារវិញ លោកថា ជប៉ុនមិនមានតម្រូវការជំនាញខ្ពស់ ឬ ច្បាស់លាស់ពេកទេ សំខាន់កម្មសិក្សាការី ត្រូវចេះភាសាបឋម ជំនាញបឋម ដែលភាគីជប៉ុន និងកម្ពុជាបានឯកភាពគ្នាមុនពេលបញ្ជូន។ នៅពេលទៅដល់ ក៏នឹងមានការតាមមើលថែទាំពួកគាត់យ៉ាងល្អបន្ថែមទៀត។
លោកបញ្ជាក់ថា សម្រាប់កម្មសិក្សាការីកម្ពុជា ដែលត្រូវទៅបំរើការងារនៅខេត្ត អ៊ីហេមិ មានដូចជា ផ្នែក កសិកម្ម ឧស្សាហកម្ម នេសាទ និងសេវាកម្មមួយចំនួនទៀត៕