តាកែវ ៖ ការផ្តល់ប្រាក់កម្ចី របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថ និងធនាគារ ធ្វើឲ្យប្រជាពលរដ្ឋខ្លះ ទទួលបានជោគជ័យ ក្នុងការប្រើប្រាស់ប្រាក់កម្ចីនោះហលយក៏ មានគ្រួសារខ្លះបាន លក់ទ្រព្យសម្បត្តិ គោ ជ្រូក មាន់ ទា ដីស្រែចំការ និងផ្ទះសម្បែង ដើម្បីសងបំណុល ទាំងការនិងដើម។ ដោយសារតែ មិនអាចរកប្រាក់សង ឲ្យបានទាន់តាមកិច្ចសន្យា នាំឲ្យ ការប្រាក់ ជំពាក់កើនឡើង លើសប្រាក់ ដើម ដែលខ្ចី។
ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ អះអាងដូចគ្នាថា អ្នកដែលបានខ្ចីប្រាក់ ច្រើនស្ថាប័ន មានឯកជនផង មីក្រូហិរញ្ញវត្ថុផង និងធនាគារផង ទៅរកស៊ី គឺមិនអាច សងទាំងប្រាក់ដើម និងការប្រាក់ ប្រចាំខែបានទាន់ពេលទេ។ ពួកគេតែងតែលក់ ដីស្រែផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងទៀត ដើម្បីសងបំណុល ហើយនិរទេសខ្លួន ចេញពីភូមិ។
អាជ្ញាធរភូមិខ្វាវ លោក ហែម ឡាក់ ជាអនុប្រធានភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវឲ្យដឹងថា ក្នុងភូមិនោះមានប្រជាជនជាង៦០%នៃចំនួនគ្រួសារ២៩៣គ្រួសារ បានខ្ចីប្រាក់ពីឯកជន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងពីធនាគារ។ គាត់ខ្ចីច្រើនស្ថាប័ន ដើម្បីយកទៅរកស៊ី។
ក្នុងចំណោម ៦០% នៃគ្រួសារអ្នកខ្ចីប្រាក់ច្រើនស្ថាប័ននោះ មានតែ៣ទៅ៤គ្រួសារទេ ដែលលក់អស់ទ្រព្យសម្បត្តិ យកទៅសងគេ រួចហើយចេញពីភូមិ ទៅរស់នៅកន្លែងផ្សេង៖
លោក ហែម ឡាក់ បន្តថា នៅក្នុងភូមិខ្វាវនោះដែរ ក្រៅពីអ្នកខ្ចីប្រាក់ច្រើនស្ថាប័ន មិនអាចសងបំណុលរួច ហើយលក់អស់ទ្រព្យសម្បត្តិ រួចចាកចេញពីភូមិស្រុក ទៅរស់នៅកន្លែងផ្សេង ក៏មានគ្រួសារច្រើនទៀត ដែលខ្ចីប្រាក់ទៅរកស៊ី បង្កើនសេដ្ឋកិច្ចគ្រួសារ ហើយអាច សងវិញបាន មិនលក់ទ្រព្យសម្បត្តិ មកពីពួកគេខ្ចីប្រាក់ តែមួយស្ថាប័នទេ។ លោកថាអ្នកខ្ចីតែមួយស្ថាប័ននោះ គាត់អាចមានលទ្ធភាពសងគ្រប់ចំនួន ទាំងប្រាក់ដើម និងការប្រាក់។ អ្នកសងប្រាក់រួច ទាំងការប្រាក់និងប្រាក់ដើមនោះ មិនបានលក់ដីស្រែ លក់ផ្ទះ យកលុយទៅសងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទេ។ ពួកគេ បានលទ្ធភាព បង់រំលោះច្រើនឆ្នាំ ហើយសងទាំងការ ទាំងដើមរហូតចប់ រួចពួកគេ អាចខ្ចីប្រាក់រកស៊ី លើកក្រោយៗទៀត។
លោកស្រី ណុប ផាត រស់នៅភូមិខ្វាវ អះអាងថា មុននឹងគាត់ខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ មកសង់ផ្ទះថ្មី គាត់គិតពីលទ្ធភាពនៃប្រាក់ចំណូលប្រចាំខែ របស់ក្រុមគ្រួសារគាត់ ថាតើអាច ទូទាត់សងការប្រាក់ និងបង់រំលោះប្រាក់ដើម បានឬអត់? លោកស្រីថា កូនគាត់២នាក់ធ្វើការរោងចក្រកាត់ដេរ បានចំណូល៤០០ដុល្លារ ឯប្តីគាត់ដើរចាប់ជ្រូក។ក្នុង១ខែ ក្រុមគ្រួសារគាត់បានចំណូលទៀងទាត់ សរុបប្រហែល៥០០ដុល្លារ។ ទើបគាត់ សំរេចចិត្ត ខ្ចី១ម៉ឺនដុល្លារ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ មកសង់ផ្ទះថ្មីរស់នៅ ដោយ សន្យាសងទាំងការនិងដើម រយៈពេល៧ឆ្នាំ។ លោកស្រីអះអាងថា ប្រាក់កម្ចីនោះ គាត់ធានាសងឲ្យរួចអស់ទាំងស្រុង មុនកាលកំណត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រោះគាត់ យកប្លង់ដី ទៅបញ្ចាំសម្រាប់ខ្ចី។ គាត់មិនបណ្តោយឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់រឹបអូសយកប្លង់ដីគាត់ ដែលសងលុយមិនទាន់នោះទេ។
ចំណែកលោកស្រី ប៉ែន ចារី រស់នៅភូមិខ្វាវដែរ ឲ្យដឹងថា គាត់ខ្ចីប្រាក់ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីទិញម៉ូតូថ្មីឲ្យកូនជិះទៅរៀន។ ក្នុង១ខែ គាត់អាចសងរំលោះ ទាំងការនិងដើម ជិត១០០ដុល្លារ ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់វិញ។ លោកស្រីថា គាត់មានរបរលក់ដូរនៅផ្ទះ ចំណែកប្តីគាត់ រត់ម៉ូតូកង់បី ដឹកភ្ញៀវនិងដឹកឥវ៉ាន់៖(សម្លេង ខ្ចីក្នុង រយៈពេល១៨ខែ ចំនួន១៦០០ដុល្លារ។ ការប្រាក់១.៥%។ សងគេដើម ៨៥ដុល្លារ ហើយការ គេគិតតាមនឹង គេចុះដើមចុះការ រហូតទៅដល់រយៈពេល១៨ខែនឹង)។
លោកស្រី ប៉ែន ចារី បន្តថា គាត់សងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ទាំងប្រាក់ដើម និងការប្រាក់ អស់១៥ខែហើយ នៅសល់៣ខែទៀត គាត់កំពុងសងឲ្យគ្រប់ចំនួនខ្ចី។
អាជ្ញាភូមិខ្វាវ លោក ហែម ឡាក់ ឲ្យដឹងថា ក្នុងភូមិនោះ មានប្រជាពលរដ្ឋ ខ្ចីប្រាក់ពីធនាគារនិងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន ដែលបានមកស្នើសុំ បណ្តាក់ប្រាក់ឲ្យអ្នកភូមិខ្ចី មិនដែលរឹបអូសយកប្លង់ដី ប្លង់ផ្ទះដែលគេបញ្ចាំនោះទេ។ អ្នកដែលសងគេមិនរួចបានលក់អស់ទ្រព្យសម្បត្តិនោះ ភាគច្រើនខ្ចីលុយច្រើនស្ថាប័នពេក ហើយចំនួនខ្ចី រាប់ម៉ឺនដុល្លារ តាមការ វាយតម្លៃទ្រព្យសម្បត្តិគាត់ មុនគេបោះទុនឲ្យខ្ចី។ អ្នកខ្ចីនោះ នៅខែ ឆ្នាំដំបូងៗ ចេះតែមាន លុយសម្រាប់សងរំលោះ។ ពេលក្រោយមកគាត់ អសមត្ថភាពសង ដោយបញ្ហាផ្សេងៗ ទើបកើតជារឿង លក់អស់ទ្រព្យសម្បត្តិ ដើម្បីសងគេ ព្រោះការប្រាក់កើនលើស ប្រាក់ដើម ខ្ចីក៏មាន។
កាលពីឆ្នាំ២០១៧ កន្លងមកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យគ្រប់ស្ថាប័ន ទាំងធនាគារ ទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនគួរតម្លើង ការប្រាក់កម្ចី ហួសហេតុពី១៨% នោះទេ៕