អ្នក​គាំពារ​វិស័យ​កសិកម្ម​ស្នើឱ្យ​កសិករ​ដាំ​ស្រូវ​ដែលមាន​ហាងឆេង​សម្រាប់​ទីផ្សារ​អន្តរជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ស្នើអោយ​កសិករ​ដាំ​ស្រូវ​ដែលមាន​ហាងឆេង​សម្រាប់​ទីផ្សារ​អន្តរជាតិ ព្រោះ​តម្រូវការ​ស្បៀង​កំពុង​កើនឡើង ទៅតាម​កំណើនប្រជាជន​នៅលើ​ពិភពលោក ។​

នៅក្នុង​ឱកាស​បើក​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៦ នៅ​សណ្ឋាគារ ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨ នេះ លោក​ឧបនាយករដ្ឋមន្ត្រី​យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បានស្នើរ​អោយ​ប្រជាកសិករ​ជ្រើសរើស​ពូជស្រូវ​ណា ដែលមាន​ហាងឆេង​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​លក់បាន​ថ្លៃ ។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា កសិករ​គួរតែ​ងាក​មក​ដាំ​ដុះ ពូជស្រូវ​ល្អៗ និង​មាន​ហាងឆេង​សម្រាប់​នាំចេញ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែល​កម្ពុជា​កំពុងមាន​ស្រាប់​។​

បច្ចុប្បន្ន​ស្រូវ​ក្រអូប​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​ជា​អង្ក​របាយ​ឆ្ងាញ់ និង​មាន​គុណភាព​លំដាប់​ពិភពលោក ដូចនេះ ស្រូវ​របស់​កម្ពុជា​ក៏បាន​ល្បីល្បាញ​ទៅ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ហើយ​ប្រទេស​ទាំងនោះ​ក៏​ចង់បាន​អង្ករ​កម្ពុជា​ទៅ​ផ្គត់​ផ្គត់​ដល់​ពលរដ្ឋ​របស់​គេ​ដែរ ។ កត្តា​ទាំងនេះ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជាកសិករ ក្នុង​ការយក​ពូជស្រូវ​ដែល​ល្អ និង​មានគុណ​ភាព​មក​ដាំ​ដុះ ផ្គត់ផ្គង់ និង​នាំចេញ ។

​ចំណែក​លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកឡើងថា ក្នុងនាម​ជា​សហព័ន្ធ​ស្រូវ​អង្ករ នឹង​ជំរុញ លើកទឹកចិត្ត​ដល់​ប្រជាកសិករ ងាក​មក​ដាំ​ដុះ​ពូជស្រូវ ដែលមាន​ហាងឆេង​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ហើយ​ការជ្រើសរើស​ពូជស្រូវ​ល្អ​មក​ដាំ​ដុះ ដែល​លក់បាន​តម្លៃ​ខ្ពស់​នោះ នឹង​ធ្វើអោយ​កម្រិតជីវភាព ប្រជាកសិករ​ប្រសើរឡើង​ផងដែរ ។ លោក បាន​បង្ហាញថា កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្ដានុពល​ខ្ពស់​មួយ នៅក្នុង​វិស័យ​កសិកម្ម ហើយ​នៅពេល​ខាងមុខនេះ កម្ពុជា​ក៏​ជា​ប្រទេស​ផលិត​ស្បៀង​ដ៏​សំខាន់​មួយ សម្រាប់​ផ្គត់ផ្គង់​លើ​ពិភពលោក​ផងដែរ ព្រោះ​កំណើនប្រជាជន​នៅលើ​ពិភពលោក កំពុង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ដូចនេះហើយ​តម្រូវការ​ស្បៀង​ក៏​កើនឡើង​ទៅតាម​នោះដែរ ។

បើតាម លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍​ផងដែរ​ថា នៅ​ឆ្នាំនេះ​ប្រទេស​ចិន​បាន​ត្រៀម​នាំ​អង្ករ​ក្រអូប​ពី​កម្ពុជា​ចំនួន​៣០០​ពាន់​តោន រឺ​៣០​ម៉ឺន​តោន ព្រោះ​ប្រទេស​ចិន​បានដាក់​គោលការណ៍​លែង​ផលិត​អង្ករ​ដែល​យក​ប្រភពទឹក​ក្រោម​ដី​មក​ប្រើ ដូចនេះហើយ​ចិន​ត្រូវ​ងាក​មករក អង្ករ​ពី​ប្រទេស​ផ្សេង​ទៅ​ផ្គត់ផ្គង់​វិញ ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ ។ លោក វេ​ង សាខុន បាន​ថ្លែងថា​ថ្មីៗ​នេះ កម្ពុជា​ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ​នៅ​ខេត្ត​យូ​ណាន​ប្រទេស​ចិន ដើម្បី​ពិចារណា​នាំ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន​បន្ថែមទៀត ក្នុង​បរិមាណ​៣០០​ពាន់​តោន ក្នុង​មួយឆ្នាំ ជា​ប្រភេទ​អង្ករ​គ្រាប់ខ្លី ។

តំណាង​សហគមន៍​គ្រឹ​ង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក គង់ វុទ្ធី​បានអោយដឹងថា បញ្ហា​ប្រឈម​សម្រាប់ កសិករ​ក្នុង​ការផលិត​ពូជស្រូវ​ក្រអូប នោះ​គឺ​កង្វះ​ទឹក​សម្រាប់​ស្រោចស្រព ព្រោះស្រូវ​ក្រអូប​ត្រូវការ​ទឹក​គ្រប់គ្រាន់ ខុសពី​ពូជស្រូវ​ដែល​កសិករ ដាំ​ដុះ​សព្វថ្ងៃ ។ ដោយសារ​កត្តា​ទាំងនេះហើយ ទើប​កសិករ​មួយចំនួន នៅតែ​បន្ត​ដាំ​ដុះ​ពូជស្រូវ​ដែល​សល់​ពី​ដូនតា ជា​ប្រភេទ​អង្ក​របាយ​រឹង​បន្តទៀត ។

គួរ​បញ្ជាក់ដែរថា អង្ករ​ក្រអូប​ផ្ការំដួល​របស់​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងការ​ចូលរួម​ប្រកួត​ពានរង្វាន់​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​ឆ្នាំ​២០១៧ កាលពី​ខែវិច្ឆិកា​កន្លងមក នៅក្នុង​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​។ អង្ករ​ផ្ការំដួល​របស់​កម្ពុជា ក៏​ធ្លាប់​បានឈ្នះ​ចំណាត់ថ្នាក់​លេខ​មួយរយៈ​ពេល​៣​ឆ្នាំ​ជាប់​គ្នា​ផងដែរ គឺ​ក្នុង​ឆ្នាំ​២០១២ ២០១៣ និង​ឆ្នាំ ២០១៤ ហើយ​ក្នុង​ឆ្នាំ​២០១៦ អង្ករ​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​ស្មើគ្នា​នឹង​អង្ករ​របស់​ប្រទេស​ថៃ​៕