ខេត្តកែប ៖ ភ្នំព្រះ ដែលជាភ្នំធម្មជាតិមានទីតាំងស្ថិតក្នុងភូមិដំណាក់អង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កំពុងត្រូវបានជីកកកាយ ដោយប្រើរថយន្តបែនជាច្រើនគ្រឿងជីកយកអាចម៍ដីដឹកជញ្ជូនយកទៅលក់យ៉ាងអនាធតេយ្យ។ សកម្មភាពខាងលើនេះ ត្រូវបានលោក យស វណ្នី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប អះអាងថា ក្រុមហ៊ុន ស៊ុន ស្រីមាស ដែលជីកយកដីភ្នំនេះ គេមានអាជ្ញាប័ណ្ណ។
យ៉ាងណាក៏ដោយ សកម្មភាពជីកកកាយភ្នំព្រះយ៉ាងអនាធិបតេយ្យនេះ ត្រូវបានប្រភពច្បាស់ការណ៍បង្ហើបឱ្យដឹងថា បានកើតឡើងជាយូខែមកហើយ ដែលម្ចាស់គ្រឿងចក្រត្រូវគេស្គាល់ថា ជាក្រុមហ៊ុនមួយនៅក្នុងក្រុងកែបនេះ តែម្តង។ចំពោះការផ្តួចផ្តើមឱ្យមានជីកកកាយរំលាយភ្នំព្រះខាងលើនេះ ទំនងជាគេសំអាងលើអាជ្ញាប័ណ្ណដែលបានត្រូវរ៉ូវគ្នារៀបចំរបស់ថ្នាក់ណាមួយ ទើបអាជ្ញាធរដែនដីធ្មេចភ្នែក បិទត្រចៀក មិនហ៊ានរារាំង។
ប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំព្រះ បានសម្តែងការងឿងឆ្ងល់ដូចៗគ្នាថា ហេតុអីបានជាគេចេញអាជ្ញាប័ណ្ណឱ្យធ្វើអាជីវកម្មរំលាយភ្នំនេះ ព្រោះជាសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាលដែលបន្សល់ពីដូនតា ពិសេសភ្នំព្រះ នេះ កាលពីមុនមានសភាពខៀវស្រងាត់ហ៊ុមព័ទ្ធដោយព្រៃប្រឹក្សា តែពេលនេះក្លាយជាទីតាំងជីកយកអាចម៍ដីយ៉ាងអនាធិបតេយ្យទៅវិញ ហើយមិនយូរទេវានឹងរលាយបាត់រូបរាងមិនខានឡើយ។
ក្រុមប្រជាពលរដ្ឋដដែល បានលើកឡើងថា តំបន់មួយចំនួនក្នុងក្រុងកែប ពិសេសផ្លូវថ្នល់មួយខ្សែដែលពួកគេដឹកជញ្ជូនដីភ្នំ បានទទូលរងការខូចខាតជាច្រើនកន្លែង ហើយកន្លែងខ្លះខូចស្ទើរតែទាំងស្រុង ។
លោក យស វណ្នី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប បានអោយដឹងថា ភ្នំមួយនេះ គេមានអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការជីកកកាយធ្វើអាជីវកម្ម ប៉ុន្តែទោះបីយ៉ាងក្តី ក៏ប្រជាពលរដ្ឋនិយាយថា ការកាយយកអាចម៍ដីភ្នំព្រះនេះ អាជ្ញាធរ និងជំនាញមានការឃុបឃិតគ្នាជាមួយក្រុមឈ្មូញដើម្បីផលប្រយោជន៍រៀងៗខ្លូន។
ចំណែកលោក កែន សត្ថា អភិបាលខេត្តកែប មិនអាចសុំការពន្យល់បានទេ ដោយសារទុរស័ព្ទចូលហើយ តែគ្មាននរណាលើក ឬក៏គាត់មិនលើកទូរស័ព្ទដោយសារគាត់លេខរបស់អ្នកកាសែត។ រីឯ លោក ស្រី ទិត្យ សុខា អភិបាលក្រុងកែប ក៏មិនអាចសុំការបំភ្លឺបានដែរដោយសារលោកស្រីចេញទៅក្រៅប្រទេស។
ក្រុមប្រជាពលរដ្ឋ បានអំពាវនាវ នៅចំពោះមុនអ្នកកាសែតដោយទទូចឱ្យក្រសួងរ៉ែ និងឋាមពល ឬប្រមុខរាជរដ្ឋាភិបាលសើរើពិនិត្យឡើងវិញករណីចេញអាជ្ញាប័ណ្ណឱ្យរំលាយភ្នំព្រះ ដែលជាភ្នំធម្មជាតិធ្លាប់សម្រស់ដ៏ស្រស់ដ្រកាលមួយនេះ ដើម្បីទុកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ និងសម្រាប់បម្រើវិស័យទេសចរណ៍នាពេលអនាគតផងដែរ៕