ភ្នំពេញ ៖ ស្របតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រ របស់រាជរដ្ឋាភិបាល អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យមន្ទីអប់រំរាជធានី បន្តយកចិត្តទុកដាក់ អុវត្តសេចក្ទីណែនាំរបស់ក្រសួង ក្នុងស្មារតីធានាឱ្យវិស័យអប់រំ មានការអភិវឌ្ឍកាន់តែល្អប្រសើរថែមទៀត ឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ច និងបរិយាកាសសង្គម។
ការជម្រុញនេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ និង លើកទិសដៅការងារសម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ នៅមន្ទីរអប់រំ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា រាល់សមិទ្ធផល ដែលកើតឡើងសព្វថ្ងៃនេះ មិនមែនជាភាពចៃដននោះទេ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងគ្រប់គ្នា ពិសេស ការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល ។ ក្រៅពីនោះ ក៏ត្រូវមានសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឱ្យបានល្អ ដើម្បីធានាបាននូវសមធម៌ ឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
នាឱកាសនោះដែរលោក អភិបាល បានរំលឹក អំពី អតីតកាលជាង៤០មុន ដែលកម្ពុជាបានធ្លាក់ទៅក្នុងអន្លុងភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ធ្វើខូចខាតទាំងស្រុង នូវ ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ហើយធនធានមនុស្សភាគច្រើន ត្រូវបានគេសម្លាប់ ក្នុងរបបប្រល័យ ពូជសាសន៍។
ជាមួយគ្នានោះ លោក អភិបាល ស្នើឱ្យប្រជាពលរដ្ឋ មន្ត្រីអប់រំ គ្រប់ជាន់ថ្នាក់បន្ត អប់រំ ដល់ក្មួយៗ សិក្សានុសិស្ស ត្រូវតែរួមគ្នាថែរក្សា សន្តិភាព ដែលកំពុងមាននៅកម្ពុជាឱ្យគង់វង្សយូរអង្វែងរៀងទៅ។ ប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់ វិស័យដូចសព្វថ្ងៃនេះ។ លោក សុំឱ្យទាំងអស់មានការពិចារណា កុំជឿការញុះញ៉ុង ពីក្រុមជ្រុលនិយមមួយក្តាប់តូច ដែលបានបង្កើតតែបញ្ហាស្មុកគ្រស្មាញ ហើយពួកគេមិនដែលទទួលខុសត្រូវ ចំពោះបញ្ហាទាំងនោះម្តងណានោះ ញុះញ៉ុងបង្កាច់បង្ខូច ក្នុងចេតនាបង្កើតឱ្យមានភ្លើងសង្គ្រាមជាថ្មី។
នាឱកាសនោះដែរ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីអប់រំ រាជធានីភ្នំពេញ ថ្លែងថា ឆ្នាំសិក្សា២០១៧-២០១៨នេះ តាមការណែនាំរបស់ក្រសួងងអប់រំយុវជន និងកីឡា មន្ទីរអប់រំរាជធានីភ្នំពេញ នឹងពង្រឹងការអនុវត្តន៍ ម៉ោងបង្រៀនរបស់គ្រូ ឱ្យអនុវត្តតាម ម៉ោងកំណត់ និងបង្រៀនឱ្យបានចប់តាមកម្មវិធីសិក្សារបស់ក្រសួង។ ក្រៅពីនេះ ជម្រុញការបង្រៀន និងរៀន របស់គ្រូតាមមុខវិជ្ជាឯកទេស ដោយមានប្រើប្រាស់សម្ភារៈ ឧបទ្ទេស ឬ ធ្វើពិសោធន៍បង្ហាញដល់សិស្សានុសិស្ស និងជម្រុញការរៀបចំឱ្យមានបណ្ណាល័យ នៅគ្រប់សាលារៀនក្នុងរាជធានី តាមគ្រប់រូបភាព។
ទាក់ទងទៅនិងការអប់រំក្រៅប្រព័ន្ធ លោកប្រធានមន្ទីរអប់រំ បញ្ជាក់ ក្រសួងមានផែនការបង្កើនប្រសិទ្ធ នៃការគ្រប់គ្រងកម្មវិធីអប់រំទាំងក្នុងនិងក្រៅប្រព័ន្ធ ដោយជម្រុញ គោលនយោបាយ អប់រំ ក្រៅប្រព័ន្ធ បង្កើតគណៈគ្រប់គ្រងកម្មវិធីអប់រំក្រៅប្រព័ន្ធ ថ្នាក់
រាជធានី ខណ្ឌ សង្កាត់ និងដៃគូរអភិវឌ្ឍន៍ ជាពិសេស ស្រង់ស្ថិតិកុមារ យុវជន ក្រៅសាលា ជាអក្ខរជន កុមារបោះបង់ការសិក្សា ឱ្យបានច្បាស់លាស់ កំណត់ទីតាំង និងកាលបរិច្ឆេទ ការចូលរៀនថ្នាក់អប់រំក្រៅប្រព័ន្ធ ឱ្យបានច្បាស់លាស់ ជ្រើសរើសគ្រូបង្រៀន ថ្នាក់អប់រំក្រៅប្រព័ន្ធ នៅក្នុងមូលដ្ឋាន ធ្វើការបណ្តុះបណ្តាល ផ្នែកគរុកោសល្យ និងវិធីសាស្ត្របង្រៀន ដល់គ្រូ បង្រៀន ថ្នាក់ក្រៅប្រព័ន្ធផងដែរ៕