ភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃ សុក្រស្អែក ដើម្បីពិភាក្សាត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺដើម្បីបើកលទ្ធភាពឲ្យនាយករដ្ឋមន្ត្រីធ្វើការស្នើទៅព្រះមហាក្សត្រដើម្បី តែងតាំងរដ្ឋលេខាធិការ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាទៀតនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាបាន បញ្ជាក់ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ នឹងធ្វើការ ពិភាក្សាលំអិតពីការត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវឲ្យនាយករដ្ឋ មន្ត្រីអាចដាក់ស្នើតែងតាំងរដ្ឋលេខាធិកាតាមក្រសួង ត្រឹមព្រះរាជក្រិត ដោយ មិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភានោះទេ។ បើតាម សម្តេចតេជោនាយករដ្ឋមន្ត្រីបានពន្យល់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះនឹងធ្វើឲ្យគណៈរដ្ឋមន្ត្រីអាចបង្រួមពីក្បាលធំខ្លួនតូចបានផងដែរ។ តាមការគ្រោងទុកកិច្ចប្រជុំពេញអង្គក៍នឹងត្រៀមពិភាក្សាដើម្បីធ្វើវិសោធនកម្មដោយបំពេញបន្ថែមនៅក្នុងក្រមព្រហ្មទណ្ឌពីការប្រមាថព្រះចេស្តារព្រះមហាក្សត្រ។
គួររម្លឹកថា កាលពីថ្ងៃទី០១ ធ្នូ ឆ្នាំមុន រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីសិក្សាស្រាវជ្រាវពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញបំណងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីមុនដំណាច់ឆ្នាំ២០១៧ ពីការកាត់បន្ថយចំនួនក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីឲ្យនៅតិចតួច។ ក្រុមការងារនេះ ដឹកនាំមាន ឯ.ឧ អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើជាប្រធាន ឯ.ឧ ឆេង សារឿន រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធាន និងអមដោយសមាជិក៨រូបទៀត ដែលសុទ្ធសឹងតែជាអ្នកច្បាប់មកពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃជាដើម។ ក្រុមការងារថ្មីនេះ មានភារកិច្ចជាសេនាធិការ នាយករដ្ឋមន្ត្រី ក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តួចផ្តើមអំពីជម្រើសនានាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចាំបាច់ ស្របតាមមាត្រា១៥១ថ្មី និងមាត្រា ១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបឲ្យដឹងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃកម្ពុជាមានចំនួន៣ចំណុចរួមមាន ទី១. ការកាត់បន្ថយសមាសភាពរាជរដ្ឋាភិបាល ឬការផ្តល់តួនាទីរដ្ឋលេខាធិការ នៅតាមក្រសួងស្ថាប័នរដ្ឋ, ទី២. ការគិតអគតិមកលើកម្ពុជាឬប្រៀបប្រដូចកម្ពុជាទៅនឹងប្រទេសមួយចំនួនដែលកំពុងមានសង្គ្រាមហែកហួរ និងទី៣. ទប់ស្កាត់ការជ្រៀតជ្រែកគោលការណ៍ប្រឆាំងមកពីប្រទេសខាងក្រៅជាដើម។ ពិសេសជាងនេះ វិសោធនកម្មរដ្ឋធម្មនុញ្ញថ្មី នឹងមានការបន្ថែមការកំណត់ទោសឲ្យធ្ងន់ធ្ងរ ចំពោះជនទាំងឡាយណាដែលប្រមាថព្រះមហាក្សត្រផងដែរ៕