ភ្នំពេញៈ តំណាងក្រុមហ៊ុននាំចេញអង្ករធំៗបានអះអាងកាលពីម្សិលមិញថា កម្ពុជា នឹងមិនអាចប្រជែងក្នុងការទទួលបានគម្រោងនាំចេញអង្ករទៅ ប្រទេសហ្វីលីពីន ទេ ដោយសារទីផ្សារថ្មីនេះបានដាក់លក្ខខណ្ឌតឹងរ៉ឹងពេក។
រដ្ឋាភិបាលហ្វីលីពីន ទើបសម្រេចបើកឱកាសដល់ប្រទេសនាំចេញអង្ករបីគឺកម្ពុជា វៀតណាម និងថៃ ដាក់ពាក្យដើម្បីទទួលយកសិទិ្ធលើគម្រោងនាំចេញអង្ករទៅហ្វីលីពីន ដែលមានបរិមាណអង្ករកន្លះលានតោន តាមរយៈកិច្ចព្រមព្រៀងជាលក្ខណៈរដ្ឋ និងរដ្ឋ។ ការផ្តល់ឱកាសនេះគឺបន្ទាប់អាជ្ញាធរជាតិផ្នែកស្បៀងអាហាររបស់ ហ្វីលីពីន កាលពីថ្ងៃ ទី២៧ សីហា បានបដិសេធការផ្តល់សិទ្ធិដល់ក្រុមហ៊ុននាំចេញអង្ករជាច្រើនដោយសារ ពួកគេមិនអាចលក់អង្ករក្រោមតម្លៃកំណត់ ៤៥៦,៦ ដុល្លារក្នុងមួយតោនបាន។ ដូច្នេះហើយ នាពេលថ្មីៗ នេះតំណាងរដ្ឋាភិបាលហ្វីលីពីន បានផ្ញើលិខិតដល់ប្រទេសទាំងបីដើម្បីបំពេញលក្ខខណ្ឌទទួលសិទ្ធិនាំ ចេញអង្ករទៅប្រទេសនេះ។
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងពីម្សិលមិញថា សហព័ន្ធបានទទួលលិខិតអញ្ជើញសម្រាប់ការដេញគម្រោងដើម្បីអាចនាំចេញ អង្ករទៅហ្វីលីពីន ហើយកំពុងត្រៀមជាមួយភាគីពាក់ព័ន្ធនានាដើម្បីចូលរួមក្នុងគម្រោង ដេញថ្លៃនេះ។ ប៉ុន្តែ លោកអះអាងថា អ្នកនាំចេញកម្ពុជា នឹងត្រូវប្រឈមបញ្ហាលំបាកច្រើនឬអាចនឹងមិនអាចមានលទ្ធភាពទទួល គម្រោងនេះបានទេ ដោយសារលក្ខខណ្ឌ។
លោកថ្លែងថា៖ «លក្ខខណ្ឌដែលដាក់ដោយខាង ហ្វីលីពីន គឺលំបាកណាស់ ដែលយើងមើលទៅមានការលំបាកខ្លាំងមែនទែនក្នុងការនាំចេញទៅប្រទេស នេះ»។
លក្ខខណ្ឌដែលតម្រូវពីខាងភាគ ហ្វីលីពីន គឺការតម្រូវឲ្យទទួលការនាំចេញយ៉ាងតិចបំផុត ២០ ម៉ឺនតោនក្នុងអំឡុងពេលជាក់លាក់មួយ និងការតម្រូវឲ្យអ្នកផ្គត់ផ្គង់រៀបចំដឹកទំនិញទៅដល់គោលដៅជាមួយ នឹងឯកសារគ្រប់គ្រាន់រួចជាស្រេចដល់អ្នកទិញ (CIF)។ នេះបើតាមលោក វ៉ាន់ ដេវិដ វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន BOOST RICHE CAMBODIA ដែលជាក្រុមហ៊ុននាំចេញអង្ករមួយនៅកម្ពុជា។
លោក វិចិត្រ ថ្លែងថា កត្តានេះនឹងក្លាយជាបញ្ហារាំងស្ទះសម្រាប់អ្នកនាំចេញក្នុងការ ទទួលគម្រោងនេះ ខណៈលក្ខខណ្ឌបច្ចេកទេសដ៏ស្មុគស្មាញនេះមានតែសម្ព័ន្ធក្រុមហ៊ុននាំ ចេញធំៗប៉ុណ្ណោះទើបអាចអនុវត្តបាន។
លោកបន្ថែមថា៖ «យើងគួររៀនដើរយឺតៗហើយឈរជើងទាំងពីរឲ្យរឹងមាំជាមុនសិនយើងមិន ទាន់មានលទ្ធភាពចុះឈ្មោះនៅក្នុងការរត់ប្រណាំងម៉ារ៉ាតុងបែបអាជីព បាននៅឡើយនោះទេ»។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ អ៊ែមរូ រ៉ាយស៍ កម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា បញ្ហាទាក់ទងនឹងស្ដុកអង្កររបស់ក្រុមហ៊ុននាំចេញកម្ពុជាក៏ជា បញ្ហាមួយដ៏ធំផងដែរក្នុងការពិចារណាដេញថ្លៃការនាំចេញក្នុង ចំនួនដ៏ធំ។
មកដល់ពេលនេះកម្ពុជា ព្យាយាមស្វែងរកទីផ្សារហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមុនសិន មុនពេលដើរប្រមូលស្រូវ-អង្ករ ស្តុកខណៈ វៀតណាម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទិញស្រូវពីកសិកររបស់គេ។
លោកថ្លែងថា៖ «តម្លៃរបស់យើងត្រូវបានគ្រប់គ្រងដោយខាងវៀតណាម ដោយសារពួកគេមានស្ដុកស្រូវធំ។ បើយើងមានស្តុកស្រូវគ្រប់គ្រាន់នៅក្នុងដៃយើងពិតជាអាចមាន លទ្ធភាពទទួលគម្រោងនេះ ប៉ុន្តែបញ្ហាគឺថាយើងអត់មាន»៕ ប្រភព ៖ ខ្មែរប៉ុស្តិ៍
កម្មករកំពុងពិនិត្យអង្ករកែច្នៃរួចមុនវេចខ្ចប់នៅរោងម៉ាស៊ី កិនស្រូវឯកជនមួយនាពេលកន្លងមក