ភ្នំពេញ ៖ របាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន បង្ហាញថា វិស័យឧស្សាហកម្មរបស់កម្ពុជាក្នុងរយៈពេល៥ឆ្នាំ គិតត្រឹមឆ្នាំ ២០១៧ មានកំណើនទីផ្សារនៅក្នុងគ្រប់ផ្នែកទាំងអស់។
របាយការណ៍នេះ បង្ហាញថា គិតត្រឹមឆ្នាំ២០១៧ កម្ពុជាមានរោងចក្រចុះបញ្ជីសរុប ចំនួន១៥២២ រោងចក្រ គឺកើនឡើង ៣៧ ភាគរយធៀបនឹង៥ឆ្នាំកន្លងមក ដែលនៅពេលនោះមានរោងចក្រ ១១០៨ រោងចក្រប៉ុណ្ណោះ។
គួរកត់សំគាល់ថា ក្នុងកំណើនរយៈពេល៥ឆ្នាំចុងក្រោយនេះ មានតែក្នុងឆ្នាំ២០១៧ ប៉ុណ្ណោះ ដែលចំនួនរោងចក្របានធ្លាក់ចុះខ្លាំងជាលើកដំបូង បើធៀបនឹងឆ្នាំ២០១៦ ដែលមានរោងចក្ររហូតដល់ចំនួន ១៥៧៩ រោងចក្រ ។ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហា្ញញថា ការធ្លាក់ចុះបន្តិចនៃចំនួនរោងចក្រសរុបកាលពីឆ្នាំ២០១៧កន្លងមកនេះ អាចមកពីមានការជំរុញរបស់រដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មពីរោងចក្រកាត់ដេរ និងសម្រេចឲ្យបានគម្រោងទ្រង់ទ្រាយកាន់តែធំ។ ទោះជាយ៉ាងនេះក្តី ទិន្នន័យនៃការផ្ដល់ការងារក្នុងវិស័យឧស្សាហកម្ម និងទំនិញផ្សេងៗដែលបានផលិតសម្រាប់ការនាំចូល និងការនាំចេញ បង្ហាញថា មាននិន្នាការវិជ្ជមាន។
ដំណើរការនៃរោងចក្រសរុបនៅក្នុងប្រទេសកម្ពុជារកប្រាក់ចំណូលបានប្រមាណ ១.៧៩ ពាន់ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ គឺកើនឡើង ៧០ ភាគរយធៀបនឹងឆ្នាំ ២០១៣។ ក្នុងនោះប្រាក់ចំណូលបានមកពីឧស្សាហកម្មកាត់ដេរដែលផ្ដោតលើការនាំចេញ មានជាង ៧ពាន់៦រយលានដុល្លារ ខណៈដែលឧស្សាហកម្មក្នុងស្រុករកបានប្រាក់ចំណូលផ្សេងទៀតចំនួន ២,៦២ ពាន់លានដុល្លារ។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចំនួនរោងចក្រកាត់ដេរបានកើនឡើង ២៩ ភាគរយ ដែលនៅពេលបច្ចុប្បន្នមានចំនួន ១០៣១ រោងចក្រ គឺមានប្រហែលជា ២ ភាគ ៣ នៃចំនួនរោងចក្រសរុប។ ចំណែករោងចក្រ ប្រមាណជា ១ ភាគ ៣ ទៀតគឺស្ថិតនៅក្នុង ប្រតិបត្តិការផលិតកម្មចម្រុះ ដែលរួមមានរោងចក្រអាហារ ភេសជ្ជៈ និងបារីជាដើម មានចំនួន ១១៧ រោងចក្រ រោងចក្រកែច្នៃម្រេច មានចំនួន ៤៤ និងរោងចក្រកៅស៊ូ និងប្លាស្ទិកគីមី មានចំនួន១០៤ រោងចក្រ។
គ្រាន់តែ ឧស្សាហកម្មកាត់ដេរបានផ្ដល់ការងារដល់កម្មករជាង ៨៤ម៉ឺននាក់នាក់ គិតត្រឹមឆ្នាំ២០១៧ ដែលមានប្រមាណ ៨៦ ភាគរយក្នុងចំណោមកម្មករសរុប ៩៨ម៉ឺននាក់ ក្នុងវិស័យឧស្សាហកម្មទាំងមូល៕