ភ្នំពេញ ៖ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៣ ដល់ ២០១៧ បង្ហាញថា សហគ្រាសធុនតូច និងមធ្យម រួមនិងសិប្បកម្ម គិតត្រឹមឆ្នាំ២០១៧ មានចំនួនសរុប ១៥ម៉ឺន ៥៦៤០មូលដ្ឋាន គឺកើនឡើងប្រមាណ៣០% បើធៀបនឹងឆ្នាំ២០១៣។ បើគិតពី ទុនសមមូលសរុបសម្រាប់ការវិនិយោគរបស់សហគ្រាសទាំងអស់នេះ មានប្រមាណជា ៤ពាន់ ៧រយលានដុល្លាអាមេរិក ប៉ុន្តែសហគ្រាសទាំងអស់រួមបញ្ចូលគ្នា អាចផ្តល់ការងារសរុបដល់ប្រជាពលរដ្ឋ បានចំនួនជាង ១លាន ១សែន ៦ពាន់នាក់ ជាមួយនឹងផលរបរប្រចាំឆ្នាំដែលមានជាង ៩៣ពាន់ ៥៨៦លានដុល្លារអាមេរិក។ របាយការណ៌វិនិយោគក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម រួមនិងសិប្បកម្ម នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក៏បានបង្ហាញដែរថា គ្រាន់តែគិតនៅក្នុងឆ្នាំ២០១៧ កន្លងទៅ ចំនួនសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មថ្មីៗ បានកើនឡើងជាង ៣ពាន់មូលដ្ឋាន គឺកើនឡើងជាង២% បើប្រៀបធៀបទៅឆ្នាំ២០១៦។ ក្នុងនោះត្រូវបានបែងចែកថា សហគ្រាសសិប្បកម្មបង្កើតថ្មីនៅកំរិតថ្នាក់ជាតិ មានចំនួន៧៧៤មូលដ្ឋាន និងកំរិតថ្នាក់ក្រោមជាតិជាង២ពាន់មូលដ្ឋាន។ ក្នុងសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មថ្មីៗទាំងជាង៣ពាន់មូលដ្ឋានដែលបង្កើតឡើង ក្នុងឆ្នាំ២០១៧នេះ បានបង្កើតការងារថ្មីជាង២ម៉ឺនកន្លែង ដោយបានប្រើប្រាស់ទុនវិនិយោគជាង១រយលានដុល្លាអាមេរិក និងនាំមកនូវផលរបរប្រចាំឆ្នាំប្រមាណជិត ២ពាន់លានដុល្លាអាមេរិកផងដែរ ។ គូរកត់សំគាល់ថា បើគិតទៅតាមទំហំនៃវិស័យនីមួយៗវិញ សម្រាប់សហគ្រាសធុនតូចកម្មន្តសាលក្នុងប្រទេសកម្ពុជា មានចំនួនជាង១ម៉ឺនមូលដ្ឋាន ដែលបានបង្កើតការងារជាង៤០ម៉ឺនកន្លែង ដោយប្រើប្រាស់ផលទុនសមមូលសរុបសម្រាប់ការវិនិយោគជាង ២ពាន់លានដុល្លា និងនាំមកនូវផលរបរប្រចាំឆ្នាំជាង១៦ពាន់លានដុល្លា។ ចំណែកសហគ្រាសធុនមធ្យមកម្មន្តសាល នៅកម្ពុជាមានចំនួនជាង១ពាន់មូលដ្ឋាន ដែលបានបង្កើតការងារចំនួនជាង ១០ម៉ឺនកន្លែង ដោយ ប្រើប្រាស់ផលទុនសរុបសម្រាប់ការវិនយោគជាង ៥រយលានដុល្លាអាមេរិក និងនាំមកនូវ ផលរបរប្រចាំឆ្នាំជាង៣ពាន់លានដុល្លា
ដោយឡែកចំពោះវិស័យសិប្បកម្មក្នុងប្រទេសកម្ពុជាវិញ មានចំនួនជាង១០ម៉ឺនមូលដ្ឋាន ដែលបានបង្កើតការងារជាង៤០ម៉ឺនកន្លែង ដោយប្រើប្រាស់ទុនសមមូល សរុបសម្រាប់វិនិយោគជាង ២ពាន់លានដុល្លារ និងនាំមកនូវផលទុនប្រចាំឆ្នាំជាង៧៣ម៉ឺនលានដុល្លារ ៕(រូបភាព រោងចក្រផលិតគ្រឿងកង់ និងម៉ូតូនៅបាវិត)