ភ្នំពេញ ៖ សន្និសីទ ស្តីពីចក្ខុវិស័យកម្ពុជាឆ្នាំ២០១៨នេះ គឺផ្តោតលើភាពរីកចម្រើននៃការប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ លើវិស័យឧស្សាហកម្ម ទន្ទឹមនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើអោយ វិស័យរដ្ឋ និងឯកជន ចូលរួមគិតគូពី ផលវិជ្ជមាន និងអវិជ្ជមាន នៃការប្រើប្រាស់បច្ចេកវិទ្យានេះដែរ ជាពិសេសបញ្ហាប្រឈមនៃការប្រើបច្ចេកវិទ្យា ជំនួសកម្លាំងពលកម្មរបស់មនុស្ស តែម្តង។
ថ្លែងនៅក្នុងសន្និសីទលើកទី១២ ស្តីពីចក្ខុវិស័យកម្ពុជាឆ្នាំ២០១៨ ក្រោមប្រធានបទ « វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា ដែលរៀបចំធ្វើ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាព្រឹកថ្ងៃទី១៥ ខែមីនានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញថា វិស័យឧស្សាហកម្ម ជាវិស័យដ៏មានសក្តានុពលសំខាន់ សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម និងរយៈពេលវែង ស្របទៅនឹងទស្សនវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយពីប្រទេសមានប្រាក់ចំណូលមធ្យមកំរតទាបនាពេលបច្ចប្បន្ន ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០ និងមានចំណូលកំរិតខ្ពស់នាឆ្នាំ២០៥០។
ដើម្បីសម្រេចបានកំណើនប្រកបដោយប្រសិទ្ធភាព នៅក្នុងសម័យឌីជីថល នៃបដិវត្តន៌ឧស្សាហកម្មទី៤ សម្តេចតេជោ យល់ឃើញថា កម្ពុចាចាំបាច់ត្រូវ កសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាអោយខ្លាំងក្លា ដែលនឹងជួយជម្រុញដល់ ផលិតភាព និង កំណើនក្នុងវិស័យឧស្សាហកម្ម ក្នុងសម័យសេដ្ឋកិច្ចឌីជីថល។ ទន្ទឹមនឹងផលវិជ្ជមាននេះ សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ការរីកចម្រើនបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ក៏អាចនឹងប៉ះពាល់ដល់វិស័យការងារ ជាពិសេសការប្រើប្រាស់គ្រឿងម៉ាស៊ីន គ្រឿងចក្រជាដើម នឹងធ្វើអោយការប្រើកម្លាំងមនុស្ស មានការកាត់បន្ថយ។ ម្យ៉ាងវិញទៀត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏នឹងបង្កើតនូវសង្គមថ្មីមួយ ហៅថា សង្គមឌីជីថល ដែលនឹងធ្វើអោយមានការផ្លាស់ប្តូរ និងប្រែប្រួលដល់ប្រពៃណី និងទម្លាប់នៃការរស់នៅមួយចំនួនរបស់ប្រជាជន។ ជាក់ស្តែង ការប្រាស្រ័យទាក់ទងដោយផ្ទាល់របស់មនុស្ស មានការធ្លាក់ចុះ។
ចំណែកប្រព័ន្ធព័ត៌មានដែលចែកចាយរហ័សដោយគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ក៏អាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិទៀតផង។ ដូចនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើដល់ផ្នែករដ្ឋ និងវិស័យឯកជនគួរមានការគិតគូរ និងសិក្សា ទៅលើការប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ទាំងផលវិជ្ជមាន និងអវិជ្ជាមាន មកលើនយោបាយ សេដ្ឋកិច្ច និងសង្គម អោយបានគ្រប់ជ្រុងជ្រោយ។
លោក បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ យល់ឃើញថា ការប្រើប្រាស់បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ ជារឿងល្អសម្រាប់ការអភិវឌ្ឍក្នុងពិភពលោក ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា គួរសិក្សាអោយបានច្បាស់ពីផលប៉ះពាល់នៃការប្រើបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កំរិតខ្ពស់មួយចំនួន។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានបង្កើតក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (NSTC) ចាប់តាំងពីក្នុងឆ្នាំ២០១៤។ នាពេលបច្ចុប្បន្នក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ កំពុងរៀបចំតាក់តែងគោលនយោបាយសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០១៨-២០២៥ ដើម្បីពង្រឹងចំណងទាក់ទងរវាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមួយនឹងវិស័យជាអាទិភាពនានារបស់កម្ពុជាផងដែរ៕