ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការករណីមនុស្ស ១០នាក់ពាក់ព័ន្ធនឹងបទល្មើសបូមខ្សាច់ក្នុងទន្លេមេគង្គ ទន្លេចតុមុខ ទន្លេបាសាក់ ដែលប្ដឹងដោយមន្ត្រីក្រសួងរ៉ែ និងថាមពល។ ចៅក្រមសាលាដំបូង សម្រេចផាកពិន័យ និងដកហូតសាឡង់ម៉ាស៊ីនបូម និងទូកសរុប ៦គ្រឿង ដែលចាប់បានពីរថ្ងៃជាប់គ្នានៅដើមខែមេសា ឆ្នាំ២០១៥ រក្សាទុកដើម្បីបន្តការស៊ើបអង្កេត។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក មុំ មុនីសោភា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ ប្រកាសសម្រេចដកហូតសាឡង់ និងទូក ដែលជាឧបករណ៍បូមខ្សាច់ក្នុងទន្លេមេគង្គ ទន្លេចតុមុខ និងទន្លេបាសាក់ ហើយពិន័យជាប្រាក់ដល់ម្ចាស់សាឡង់ ម្ចាស់ទូក និងកម្មករម្នាក់ៗ ៦០ម៉ឺនរៀល ប្រហែល ១៥០ដុល្លារ ក្នុងបទចោទល្មើសបូមខ្សាច់ក្នុងទន្លេដោយគ្មានអាជ្ញាប័ណ្ណ។
នេះជាករណីទី១ហើយដែលក្រសួងរ៉ែ និងថាមពល ចាប់ជនល្មើសបូមខ្សាច់គ្មានអាជ្ញាប័ណ្ណ បញ្ជូនទៅតុលាការ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់ភារកិច្ចជូនក្រសួងរ៉ែ និងថាមពល ឲ្យអនុវត្តពង្រឹងសេចក្តីសម្រេចលេខ២០សសរ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។
ជនល្មើសជាម្ចាស់សាឡង់ឈ្មោះ ជាវ គុយហាវ ហៅ ស្រូយ ឲ្យដឹងថា គាត់គ្មានអាជ្ញាប័ណ្ណទេ ប៉ុន្តែគាត់មានសាឡង់តម្លៃ ១០ម៉ឺនដុល្លារ ដែលបូមខ្សាច់បានជាង ១០០ម៉ែត្រគូបក្នុងម្តង។ លោកថា គាត់ត្រូវ លោកស្រី យឹម ឆៃលី ផ្តល់ប្រេង ហើយសុំឲ្យគាត់ជួយបូមខ្សាច់ទប់ច្រាំងដីបាក់នៅកោះនរា។ លោកមិនបានកម្រៃពីការជួលបូមខ្សាច់នោះទេ។ លោកក៏មិនដឹងថា បានប្រព្រឹត្តបទល្មើសនោះដែរ ស្រាប់តែថ្ងៃទី២ ខែមេសា មន្ត្រីក្រសួងរ៉ែ និងអាវុធហត្ថ ចុះចាប់គាត់ រួមទាំងកម្មករ និងសាឡង់ ហើយឃុំពីរយប់ ទើបបញ្ជូនមកសាលាដំបូងបើកសវនាការពេលនេះ៖ «ឃើញ បាក់ច្រាំងពេកទៅ លោកជំទាវគាត់ក៏លោកជួយជាប្រេង ឲ្យយើងបូមឲ្យទៅណា ខ្ញុំក៏ជាកូនចៅគាត់ដែរហ្នឹង។ អាហ្នឹងយើងជួយគាត់បូមទេ ប៉ុន្តែយើងគ្រាន់តែបូមមួយរយៈកាល អស់ចំនួនបាវប្រហែលជាពី ៣០០ជាងទៅ ៤០០បាវទេ»។
ក្នុងសវនាការនោះដែរ ម្ចាស់ទូកបូមខ្សាច់ លោក គង់ ធារ៉ា ឲ្យដឹងថា ទូកគាត់បូមម្តងបានខ្សាច់ ៨០ម៉ែត្រគូប។ លោកអះអាងថា ត្រូវបាន លោកស្រី យឹម ឆៃលី ជួលឲ្យច្រកខ្សាច់ចូលបាវ និងឲ្យកម្មករឈ្មោះ ម៉ៅ កុយ ហៅ ពៅ កម្មករ ជៀង យិន និងកម្មករ ទ្រឿង ភី លើកបាវខ្សាច់ដាក់ទប់ច្រាំងកោះនរា៖ «ច្រកបាវទប់ច្រាំងកុំឲ្យបាក់ដី មកខាងច្បារអំពៅ កោះនរា»។
មិនអាចទាក់ទង លោកស្រី យឹម ឆៃលី ដែលម្ចាស់សាឡង់ និងម្ចាស់ទូកទម្លាក់កំហុសដាក់នោះ ដើម្បីសុំការបំភ្លឺតបបានទេ នៅថ្ងៃទី៤ ខែមេសា។
នៅក្នុងសវនាការនោះមានចែកជាពីរក្រុម គឺមួយក្រុមមានខ្មែរ និងកម្មករវៀតណាម ចំនួន ៥នាក់ រីឯមួយក្រុមទៀតមាន ៥នាក់ដែរ ចេះស្តាប់ និងនិយាយតែភាសាវៀតណាម ហើយអះអាងថារស់នៅប្រទេសកម្ពុជា យូរហើយ។ ពួកគេបានបូមខ្សាច់ក្នុងទន្លេនៅអរិយក្សត្រ និងច្បារអំពៅ។ ក្រុមវៀតណាម នោះ តុលាការមិនអនុញ្ញាតឲ្យអ្នកយកព័ត៌មានចូលស្តាប់ក្នុងសវនាការទេ។
ពាក់ព័ន្ធករណីអ្នកលួចបូមខ្សាច់ក្នុងទន្លេនេះ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា ឲ្យដឹងថា ក្រសួងនេះជាដើមបណ្ដឹងរដ្ឋប្បវេណី និងជាអ្នកបង្ក្រាបបទល្មើស នៅយប់ថ្ងៃទី១ និងថ្ងៃទី២ ខែមេសា។ ក្នុងការល្បាតនៅពេលយប់ភ្នំពេញ ចាប់បានកម្មករ និងម្ចាស់អាជីវកម្មសរុប ១០នាក់ និងសាឡង់ និងទូក ៣គ្រឿង។
លោកបន្តថា ពីរថ្ងៃនេះដែរនៅខេត្តកណ្ដាល អាជ្ញាធរខេត្តចាប់បានទូក និងសាឡង់សរុប ៣គ្រឿងទៀត ដែលល្មើសបូមខ្សាច់ក្នុងទន្លេជាប់ព្រំដែនកម្ពុជា-វៀតណាម ច្រកជ្រៃធំ ក្នុងស្រុកកោះធំ និងការលួចបូមខ្សាច់ទន្លេនៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ដោយគ្មានអាជ្ញាប័ណ្ណ។ លោកបន្តថា សរុបករណីបង្ក្រាបថ្ងៃទី១ និងថ្ងៃទី២ ខែមេសា ចាប់បានមនុស្ស ១០នាក់ និងសាឡង់ ទូក សរុប ៦គ្រឿង។ លោកថា នៅយប់ថ្ងៃទី៣ ខែមេសា និងថ្ងៃទី៤ មេសា មិនមានករណីបូមខ្សាច់ក្នុងទន្លេកើតឡើងទេ៖ «ពី ខាងដើមនៅខាងខេត្តកណ្ដាល នេះ យើងចាប់បាននៅពេលយប់។ អ៊ីចឹងទៀបភ្លឺដែលគាត់គិតថា មានសុវត្ថិភាពសម្រាប់គាត់ហើយក្នុងការចេញធ្វើសកម្មភាព ហើយទូកផ្សេងៗទៀត គឺចាប់ពេលថ្ងៃ»។
ពាក់ព័ន្ធការពិន័យជាប្រាក់លើបទល្មើសបូមខ្សាច់នោះ មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) លោក អំ សំអាត ស្វាគមន៍ចំពោះឆន្ទានុសិទ្ធិរបស់តុលាការ តែសុំឲ្យពិន័យជាប្រាក់ច្រើនជាងនេះ ដោយធៀបនឹងផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គម ដើម្បីឲ្យបទល្មើសលួចបូមខ្សាច់ថយចុះ និងសុំជំរុញឲ្យក្រសួងរ៉ែ និងថាមពល បន្តអនុវត្តបង្ក្រាបបទល្មើសបូមខ្សាច់ដោយគ្មានអាជ្ញាប័ណ្ណបន្តទៀត៕rfa/
កាណូតបូមខ្សាច់ ក្នុងទន្លេមេគង្គ រូបថតថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៤។