កម្ពុជា​គួរ​ពង្រឹង​សេវាកម្ម​អគ្គិសនី​បន្ថែម​ខណៈ​ការផលិត​កាន់តែ​កើន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2018 ក+ ក-

​ភ្នំពេញ ៖ របាយការណ៍​ថ្មី​មួយ​របស់​ធនាគារពិភពលោក​អោយដឹង នៅ​ប្រទេស​កម្ពុជា លទ្ធភាព​ទទួលបាន​អគ្គិសនី​តាមរយៈ​បណ្តាញ​ខ្សែ​ចែកចាយ​របស់​រដ្ឋ​ត្រូវបាន​ពង្រីក​ដល់​៧១,៥​ភាគរយ​នៃ​គ្រួសារ​ហើយ​មកទល់​សព្វ​ថ្ងៃ ក៏ប៉ុន្តែ​ភាព​ទុកចិត្តបាន​របស់​ការផ្គត់ផ្គង់​សេវា​នេះ គួរ​មានការ​កែលម្អ​ឱ្យ​ប្រសើរ​ថែមទៀត ដោយសារ ចំនួន​ជិត​ពីរភាគបី​នៃ​គ្រួសារ​ទាំងនោះ​ត្រូវ​ប្រឈម​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​ញឹកញាប់ ។

​របាយការណ៍​ដដែល​នេះ​បាន​បង្ហាញថា នៅ​ទូទាំងប្រទេស គ្រួសារ​កម្ពុជា​ចំនួន​ជិត​៩០​ភាគរយ មានលទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​យ៉ាងហោចណាស់​រយៈពេល ៤​ម៉ោង​ដែរ​ក្នុង​មួយថ្ងៃ ។

លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា មានប្រសាសន៍ថា កម្ពុជា​សម្រេចបាន​ភាព​រីកចម្រើន​យ៉ាង​លឿន​នៅក្នុង​ការពង្រីក​លទ្ធភាព​ទទួលបាន​អគ្គិសនី​ទៅដល់​បណ្តា​ភូមិ និង​អ្នកប្រើប្រាស់ ក៏ប៉ុន្តែ​វឌ្ឍនភាព​នេះ​ទទួលបាន​នៅក្នុង​តម្លៃ​ខាតបង់​មួយ​ដែរ ។ អាស្រ័យហេតុនេះ បច្ចុប្បន្ន វា​ជា​ពេលដែល​កម្ពុជា​ត្រូវ​បង្វែរ​ការយកចិត្តទុកដាក់​របស់ខ្លួន​ទៅ​ពង្រឹង​ភាព​ទុកចិត្តបាន​និង​គុណភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី ដើម្បី​ជួយ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​និង​ធុរកិច្ច​លូតលាស់​បានល្អ ។​

លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា ថាមពល​មាន​សារសំខាន់​ណាស់​សម្រាប់​ពង្រីក​សមត្ថ​ភាព​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម​ដែល​បង្កើត​ការងារ​ថ្មី ហើយ​សម្រាប់​ធ្វើឱ្យ​ប្រសើ​នូវ​សេវាសាធារណៈ​ដែល​ពង្រីក​ឱកាស ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​ជីវភាព​ប្រកបដោយ​គុណភាព​កាន់តែ​ល្អ​ជាង​មុន​។

​លោកស្រី​បន្តថា «​កម្ពុជា​ជា​ប្រទេស​ទីមួយ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​ដែល​បានធ្វើ​ការអង្កេត​អភិក្រម​ក្របខណ្ឌ​ពហុ​លំដាប់​នេះ ដែល​ផ្តល់​ទិន្នន័យ​ពិស្តារ​ស្តីពី​លទ្ធភាព​ទទួលបាន ថាមពល​តាម​គ្រួសារ សម្រាប់​យកទៅ​ពង្រឹង​ការរៀបចំ​គោលនយោបាយ​ក្នុង​វិស័យ​ថាមពល ។

បើតាម​របាយការណ៍រ​បស់​អគ្គិសនី​កម្ពុជា គិត​ត្រឹម​ចុងឆ្នាំ ២០១៧ ការភ្ជាប់​ចរន្តអគ្គិសនី​ឱ្យប្រើ​ប្រាស់​អគ្គិសនី​គ្រប់​ប្រភេទ​កើនឡើង​ដល់ ២.៤០៩.៩០៧ ទីតាំង ដែល​ក្នុងនោះ​មាន​លំនៅឋាន​ចំនួន ២.៣១៥.៩៣០​កន្លែង អាជីវកម្ម ឧស្សាហកម្ម និង​រដ្ឋបាល មាន​៨៩.១០៨​កន្លែង និង​ទីតាំង​ដែលជា​ស្ថាប័នរដ្ឋ​មាន​ចំនួន ៥.៨៦៩​កន្លែង ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។ Photo RFA