ភ្នំពេញ ៖ ឯ.ឧ. បណ្ឌិតកិត្តិសេដ្ឋា គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បាន សម្តែងនូវការកោតសរសើរចំពោះ ឯកឧត្តម តាកាហាហ្ស៊ី ហ្វូមីយាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបាន ខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកយ៉ាងសកម្ម និងជួយគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ក្នុងអាណត្តិដែលឯកឧត្តមបាន បំពេញ បេសកម្មការទូតនៅកម្ពុជានាពេលកន្លងមក ហើយថាទោះបីបច្ចុប្បន្នឯកឧត្តមបាន បញ្ចប់បេសក កម្មការទូតនៅកម្ពុជាក្តី ក៏ឯកឧត្តមនៅតែបន្តការងារជាប្រធានសមាគមជប៉ុន-កម្ពុជា ដែលតួនាទី ថ្មី នេះ គឺពិតជាមានសារៈសំខាន់ក្នុងការកសាង
ទំនាក់ទំនងរវាងប្រជាជាតិទាំង ពីរ និងជួយជំរុញកិច្ច សហប្រតិបត្តិការពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងវិនិយោគ ជាពិសេស អាជីវកម្មខ្នាតតូច និង មធ្យមនៅកម្ពុជា។
ឯកឧត្តម តាកាហាហ្ស៊ី ហ្វូមីយាគី ក្នុងជំនួបសម្តែងការគួរសមកាលពីម្សិលមិញ បានជម្រាប ជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ ឯកឧត្តម ឃើញថា កម្ពុជាពិតជាមានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងឆាប់រហ័សគួរឱ្យកត់ សំគាល់។ឯកឧត្តមក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលជប៉ុនលើគ្រប់វិស័យ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងការ អភិវឌ្ឍ មូលដ្ឋានគ្រឹះសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការពង្រឹងអភិបាលកិច្ចល្អ តាំងពីជំនាន់ ឯកឧត្តម ធ្វើ ជាឯកអគ្គរដ្ឋទូតបន្តរហូតមកដល់បច្ចុប្បន្ន ព្រមទាំងសន្យាថានឹងជួយជំរុញការ វិនិយោគ ជប៉ុននៅ កម្ពុជា ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម។ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត គាត ឈន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយ តម្លៃខ្ពស់ ចំពោះការកិច្ចខិតខំប្រឹងប្រែ
ងរបស់រដ្ឋាភិបាលជប៉ុន ហើយថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចទាំង កម្រិតនយោបាយ និងបច្ចេកទេស ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយរដ្ឋាភិបាល ជប៉ុន។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍទាំងនេះ បានឆ្លុះ បញ្ចាំងយ៉ាង
ច្បាស់ថា ប្រទេសជប៉ុននៅតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការចូលរួមចំណែក ជួយគាំទ្រដល់ ប្រទេស កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍រាល់ការវិនិយោគទាំងឡាយ ជា ពិសេសការ វិនិយោគ ដែលផ្តល់ការគាំទ្រដល់ការអភិវឌ្ឍដែលមានការផ្តល់តម្លៃបន្ថែមទៅក្នុង ខ្សែចង្វាក់នៃ ផលិតកម្ម ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាផ្នែកមួយនៃខ្សែចង្វាក់ផលិតកម្មពិភពលោក ហើយការវិនិយោគនេះត្រូវមានលក្ខណៈការអភិវឌ្ឍផង និងអភិរក្សផង ដោយធ្វើឱ្យមានចីរភាពនៃការអភិវឌ្ឍ៕