ភ្នំពេញ ៖ ខណៈដែលពេលបច្ចុប្បន្ន ទើបមានសហគ្រាសចំនួន៥ប៉ុណ្ណោះ ដែលបានចុះបញ្ជីបោះផ្សាយមូលបត្រលក់ជាសាធារណៈ គណៈកម្មការមូលបត្រកម្ពុជា និងវិទ្យាស្ថានស៊ីអ៊ីអូ ក៏បានសម្រេចចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីជម្រុញដល់ម្ចាស់សហគ្រាសក្នុងស្រុក អោយបានយល់ច្បាស់ពីអត្ថប្រយោជន៌នៃការបោះផ្សាយលក់មូលបត្រ និងត្រៀមរៀបចំខ្លួនដើម្បីចូលក្នុងទីផ្សារវិស័យមូលបត្រនេះ។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងគណៈកម្មការមូលបត្រកម្ពុជា និងវិទ្យាស្ថានស៊ីអ៊ីអូ ស្តីពី “កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រ នៅកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាម២០១៨ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា ស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦ – ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម អាចបោះផ្សាយលក់មូលបត្រជាសាធារណៈបាន ដោយក្នុងនោះ រាជរដ្ឋាភិបាលក៏បានកំណត់ជាគោលនយោបាយ លើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រជាសាធារណៈផងដែរ។
ដូចគ្នានេះ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា យល់ឃើញថា ទីផ្សារមូលបត្រគឺប្រភពដ៏សំខាន់មួយដែលអាចជួយដល់សហគ្រិនក្នុងស្រុកអាចប្រមូលដើមទុនបន្ថែមសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន និងថែមទាំងធ្វើអោយមជ្ឈដ្ឋានក្នុងស្រុកនិងបរទេស ទទួលស្គាល់ក្រុមហ៊ុនសហគ្រាស កាន់តែច្រើនទៀតផង។ ប៉ុន្តែដើម្បីអាចឈានទៅដល់ការចុះបញ្ជីក្នុងទីផ្សារមូលបត្របាន ឯកឧត្តម ស៊ូ សុជាតិ បានពន្យល់ថា លុះត្រាក្រុមហ៊ុន រឺសហគ្រាសនោះ មានការរៀបចំស្តង់ដារអោយបានច្បាស់លាស់ ទាំងការការងារអភិបាលកិច្ច និងការគ្រប់គ្រងបញ្ជីហិរញ្ញវត្ថុ។
បើតាមការលើកឡើងរបស់ លោក អោម សេង បូរ៉ា ដែលជាស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាល CEO Master Club និងវិទ្យាស្ថានស៊ីអ៊ីអូ យល់ឃើញថា ខណៈដែលមានក្រុមហ៊ុនបរទេសជាច្រើនកំពុងហូរចូលមកក្នុងទីផ្សារកម្ពុជានោះ ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត នឹងមានការប្រកួតប្រជែងកាន់ខ្លាំង ក្នុងដំណើរការអាជីវកម្ម ដូចនេះក្រុមហ៊ុនក្នុងស្រុក គួរត្រៀមខ្លួនអោយមានស្តង់ដារជាមុន។
ទន្ទឹមនោះ លោក រំពឹងថា សមាជិកទាំង៥៧០នាក់ របស់ CEO Master Club ដែលជាម្ចាស់អាជីវកម្មនានាជាង១០០០ក្រុមហ៊ុន ក៏ នឹង រៀបចំអាជីវកម្មរបស់ខ្លួនឱ្យមានស្ដង់ដារ ដើម្បីអាចប្រមូលដើមទុនបន្ថែមសម្រាប់ពង្រីកអាជីវកម្ម តាមរយៈការបោះផ្សាយលក់មូលបត្រជាសាធារណៈ៕