នាយករដ្ឋមន្ត្រី​ស្នើ​ក្រសួងសុខាភិបាល​បែងចែក​គ្រូពេទ្យ​ឲ្យ​ច្រើន​ទៅដល់​ភូមិ​ឃុំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ជំរុញ​ដល់​ក្រសួងសុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ សិក្សា​និង​រៀបចំ​បែងចែក​បញ្ជូន​គ្រូពេទ្យ​អោយបាន​ច្រើន​បន្ថែមទៀត​ទៅ​បំរើកា​រងារ​ក្នុងភូមិ​ឃុំ ដើម្បី​ផ្តល់​សេវា​សុខាភិបាល​អោយ​កាន់តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​សុខាភិបាល​លើក​ទី​៣៩ នា​រសៀល​ថ្ងៃទី​២៧ ខែមីនា ​នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា ចំនួន​គ្រូពេទ្យ​ក្នុង​ក្របខណ្ឌ​រដ្ឋ នាពេល​បច្ចុប្បន្ន មានការ​កើនឡើង​ដល់​ជាង​២​ម៉ឺន​៥​ពាន់​នាក់ ដោយ​ក្នុងចំណោម​នោះ មាន​គ្រូពេទ្យ​ជាង​១​ម៉ឺន​៨​ពាន់​នាក់ រឺ​ស្មើនឹង​ប្រមាណ​៧៣​ភាគរយ​នៃ​ចំនួន​សរុប កំពុង​បំរើកា​រងារ​ក្នុង​វិស័យ​សុខាភិបាល នៅតាម​ថ្នាក់​ខេត្ត​។​នៅក្នុង​ចំនុច​នេះ អ្វីដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មានការ​ព្រួយបារម្ភ គឺថា​តើ​មាន​ចំនួន​គ្រូពេទ្យ​គ្រប់គ្រាន់​ដែររឺទេ សម្រាប់​ការផ្តល់សេវា​សុខាភិបាល ជូន​ប្រជាពលរដ្ឋ នៅ​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​នានា​ក្នុង​មូលដ្ឋាន ភូមិ ឃុំ ជាពិសេស​ក្នុង​តំបន់​ដាច់ស្រយាល​។ ដោយ​មើលឃើញ​ដូចនេះ សម្តេច​តេ​ជោ បានស្នើ​ដល់​ក្រសួងសុខាភិបាល ត្រូវ​សិក្សា និង​រៀបចំ​ការបែងចែក ចំនួន​គ្រូពេទ្យ​អោយមាន​ប្រសិទ្ធភាព ទៅដល់​មូលដ្ឋាន​ជិត​ប្រជាពលរដ្ឋ ជាជាង​ការប្រមូលផ្តុំ​ចំនួន​គ្រូពេទ្យ​ច្រើន​នៅក្នុង​តែ​ថ្នាក់​ខេត្ត រឺ​ទីប្រជុំជន​នោះ​។​

មុន​គ្រូពេទ្យ​មាន​មិន​ដល់​២​ម៉ឺន​នាក់​ទេ តែ​ពេលនេះ​មាន​ជាង​២​ម៉ឺន​៥​ពាន់​៤​រយ​នាក់ យើង​ត្រូវតែ​មានការ​ការគិតគូ​រ​ពី​ការបំពាក់​សម្ភារៈ​បច្ចេក​ទេស​នៅតាម​មន្ទីរពេទ្យ​ផងដែរ ដើម្បីអោយ​ការបែងចែក​ចំនួន​គ្រូពេទ្យ​អោយមាន​ប្រសិទ្ធភាព ក្នុងការ​ទៅ​បំរើ​ការងារ​ផ្នែក​សុខាភិបាល​នៅក្នុង​មូលដ្ឋាន​នេះដែរ​។​

សម្តេច​តេ​ជោ ក៏បាន​ចាត់​អោយ​ក្រសួង មុខងា​សាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សិក្សា​ពី​ថវិកា​លើកទឹកចិត្ត និង​កន្លែង​ស្នាក់នៅ សម្រាប់ គ្រូពេទ្យ​ដែល​ស្ម័គ្រចិត្ត​ទៅ​បំពេញការងារ​នៅក្នុង​មូលដ្ឋាន​ឆ្ងាយ​ផងដែរ​។ ជាងនេះទៀត សម្តេច​តេ​ជោ ក៏បាន​ជម្រុញអោយមាន​ការគិត​គូ​ពីលើ​ការបំពាក់​សម្ភារៈ​វេជ្ជសាស្ត្រ និង​បច្ចេកទេស​ទំនើប​អោយបាន​គ្រប់គ្រាន់​នៅក្នុង​មន្ទីរពេទ្យ និង​កន្លែង​ផ្តល់​សេវា​សុខាភិបាល ដោយ​ត្រូវ​រៀបចំ​គ្រូពេទ្យ អោយ​ត្រូវ​នឹង​ជំនាញ​ឯកទេស​របស់​គ្រូពេទ្យ​នីមួយៗ​ផងដែរ​។​

បើតាម​របាយ​ការ​ណ៌​របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ប្រជាពលរដ្ឋ​ដែល​មក​ពិនិត្យ​ជំងឺ​ក្រៅ​នៅ កន្លែង​ផ្តល់​សេវា​សុខភាព​ទូទាំង​ប្រ​ទស​មាន​ចំនួន​សរុប​ជិត ១៣​លាន​២​សែន​នាក់ ។

ទ​ន្ទឺ​ម​នេះ តាមរយៈ​កម្មវិធី​មូលនិធិ​សមធម៌ ដែល​ផ្តល់​សេវា​វេជ្ជសាស្ត្រ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា​គ្មាន​ទីពឹង បាន​កើនឡើង​ពី​ចំនួន​ជាង ២​លាន​៤​សែន​ករណី នៅ​ឆ្នាំ​២០១៦ ដល់ ចំនួន​ជាង​២​លាន​៦​សែន​ករណី នៅ​ឆ្នាំ​២០១៧​។ ចំណែក មណ្ឌល​សុខភាព​សរុប​ទូទាំងប្រទេស មាន​ចំនួន​១១៩០៕៕