ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជា ដោយ មាន សភាពាណិជ្ជកម្ម សហរដ្ឋអាមេរិកនៅកម្ពុជា ហៅកាត់ថា (AmCham) និងទីភ្នាក់ងារជាតិមុខរបរ និងការងារជាសេនាធិការ បានរួមគ្នា រៀបចំឱ្យមានសិក្ខាសាលាហ្វឹកហាត់មួយមានឈ្មោះថា (BOOT CAMP WORKSHOP) ដើម្បីផ្តល់ឱកាសដល់ យុវជនកម្ពុជា បានស្តាប់ទទួលការណែនាំបទពិសោធន៍ និងស្វែងយល់ដោយផ្ទាល់ពីនិយោជកអំពីតម្រូវការជំនាញចាំបាច់នៃការងារជាក់ ស្តែង និងឱកាសសម្រាប់ធ្វើកម្មសិក្សា ជាមួយក្រុមហ៊ុននានារបស់អាមេរិកនៅកម្ពុជា។
លោក វិល្លៀម ហេដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “កម្មវិធីសិក្ខាសាលាហ្វឹកហាត់ ឬ (BOOT CAMP WORKSHOP) នៅថ្ងៃនេះ ធ្វើឡើង ចំពេល ដែលសេដ្ឋកិច្ចកម្ពុជាមានមានការរីកចំរើន វិនិយោគមានការកើនឡើង និងការងារជាច្រើនត្រូវ បាន បង្កើតឡើង ហើយតម្រូវការ ការងារជាច្រើនក៏បានបង្កើតឡើងផងដែរ។”
លោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា កាលពី៥ឆ្នាំមុនការងារដែលពេញនិយមនោះ គឺការងារ រោងចក្រ និងវាយនភណ្ឌ ប៉ុន្តែមកដល់ពេលនេះ ការងារដែលពេញនិយមអាចជា ការងារសេវាកម្ម វិស្វកកម្ម ឬអ្នកដឹកនាំជាដើម ដែលទីផ្សារបច្ចុប្បន្នកំពុងតែមានតម្រូវការខ្ពស់។ យ៉ាងណាលោកថា ការងារពេញនិយមទាំងនេះអាចកើតឡើងបានវាទាល់តែកម្លាំងពលកម្មទាំងអស់ត្រូវបានអភិវឌ្ឍន៍ឱ្យបានកាន់តែប្រសើរថែមទៀត។
លោកឯកអគ្គរដ្ឋទូតបន្ថែមថា ដោយសារមានតម្រូវការកម្លាំងពលកម្ម ដែលមានជំនាញ ពិតប្រាកដនេះ ទើបយើងរួមគ្នាបង្កើតឱ្យមានការបណ្តុះបណ្តាលBOOT CAMP WORKSHOP នេះឡើង ដើម្បីឱ្យនិស្សិត និងយុវជនទទួលបានបទពិសោធន៍និងរកការងារល្អ ប្រាក់ខែខ្ពស់ធ្វើថ្ងៃ ក្រោយ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ បានមានប្រសាសន៍ ថា តាមរយៈកម្មវិធីនេះសំដៅឈានទៅចាប់យកឱកាសការងារល្អគួរឱ្យរីករាយនិងអាជីព ពោរពេញ ដោយអត្ថន័យដែលកំពុងត្រូវបានបង្កើតឱ្យមានឡើងយ៉ាងច្រើននៅកម្ពុជានាពេលបច្ចុប្បន្ន និងទៅ អនាគត។ទន្ទឹមនេះវាក៏នឹងចូលរួមចំណែកក្នុងការជួយធានាឱ្យការផ្គត់ផ្គង់កម្លាំងពលកម្មរបស់ កម្ពុជាអាចឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សរបស់ក្រុមហ៊ុន និងសហគ្រាសផងដែរ។
លោក បណ្ឌិត រដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដោយសារការ ខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រា៧%ក្នុងមួយឆ្នាំ យើងបានបង្កើតការងារថ្មី ចំនួន ៣,៦លាន នៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម, និង០,៧លាន ក្នុងនៅវិស័យកសិកម្ម។ ការងារទាំងនេះ ភាគច្រើនទាមទារជំនាញមធ្យម និងទាប ហើយនឹងបន្តបង្កើតឱកាសការងារជាង ២,៥សែន កន្លែងក្នុងមួយឆ្នាំៗ ក្នុងវិស័យពាណិជ្ជកម្ម, កាត់ដេរសំលៀកបំពាក់ ស្បែកជើង និង កាបូប, បដិសណ្ឋារកិច្ច និងម្ហូបអារហារ, សំណង់, ការផ្គុំដំឡើងឧបករណ៍អេឡិចត្រូនិក និងគ្រឿង បន្លាស់រថយន្ត, ដឹកជញ្ជូន និងគមនាគមន៍, ហិរញ្ញវត្ថុ, និងអចលនទ្រព្យ ជាដើម។
លោកបណ្ឌិត បញ្ជាក់ទៀតថា ក្រៅពីជំនាញបច្ចេកទេស(ជំនាញរឹង) ការងារទាំងអស់ នេះ ទាមទារឱ្យមានជាចាំបាច់នូវជំនាញទន់ជាពិសេសជំនាញទំនាក់ទំនង, ការបំពេញការងារជាក្រុម, ការដោះស្រាយបញ្ហា, ការបម្រើសេវាអតិថិជន, ការរៀបចំផែនការ និងចាត់ចែង, ឥរិយាបថការងារ, ការត្រិះរិះពិចារណា, ភាសាបរទេសការប្រើប្រាស់កុំព្យូទ័រនិងបច្ចេកវិទ្យាព័ត៌មាន ផងដែរ៕