ភ្នំពេញ ៖ យន្តហោះពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនិងគណៈប្រតិភូជាន់ខ្ពស់ បានចុះចតដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញហើយ នាវេលាម៉ោងប្រមាណ៨យប់ ថ្ងៃសៅរ៌ទី៣១ ខែមីនានេះ ក្រោយពីបានចូលរួមកិច្ចប្រជុំកំពូលសំខាន់ចំនួន៣ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម រួមមាន កិច្ចប្រជុំកំពូលធុរកិច្ចមហាអនុតំបន់មេគង្គ! កិច្ចប្រជុំកំពូលពេញអង្គ មហាអនុតំបន់មេគង្គ ហៅកាត់ថា GMS លើកទី៦! និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV ស្តីពី តំបន់ត្រីកោណអភិវឌ្ឍន៌។ ក្រៅពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម វ៉ាងយី រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិនផងដែរ ប្រទេសចិនបានបង្ហាញជំហថា នៅតែបន្តគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យការពារជាតិ និងដំណើរការការបោះឆ្នោតនាខែកក្តដាខាងមុខនេះ។
ដំណើររទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារយៈពេល២ថ្ងៃក្នុងប្រទេសវៀតណាមនាពេលនេះ គឺបង្ហាញថា កម្ពុជាកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមកិច្ចការអភិវឌ្ឍន៌ និងចូលរួមដោះស្រាយបញ្ហានានា ទាំងក្នុងតំបន់ និងពិភពលោក។ ជាងនេះទៀត ប្រទេសកម្ពុជា ក៏ត្រូវបានអន្តរជាតិចាត់ទុកជាប្រទេសគំរូមួយក្នុងតំបន់ ដែលមានការរីកចម្រើនខ្លាំង ទាំងវិស័យសេដ្ឋកិច្ច និងសង្គម។ ដូចគ្នានេះ ដំណើរទស្សនកិច្ចនេះ ក៏ផ្តល់នូវបទពិសោធន៌ល្អសម្រាប់កម្ពុជា ដែលនឹងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៧ នាឆ្នាំ២០២១ ខាងមុខផងដែរ។ បើតាមការថ្លែងរបស់ឯកឧត្តម បណ្ឌិត កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយាដ្ឋានអន្តរជាតិ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលទាំងបីដែលរៀបចំធ្វើនៅក្នុងប្រទេសវៀតណាមនេះ បានរកឃើញនូវភាពជោគជ័យជាច្រើននាពេលកន្លងមក ក៏ដូចជារកឃើញនូវបញ្ហាប្រឈមមួយចំនួន ដែលមេដឹកនាំទាំងអស់បានប្តេជ្ញារួមកម្លាំងគ្នាដោះស្រាយនិងអនុវត្តតាមផែនការដែលបានដាក់ចេញ ដើម្បីឈានទៅដាក់ឲ្យដំណើរការលើគម្រោងវិស័យអាទិភាព និងគម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត អោយប្រែក្លាយទៅជាការពិតប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ដែលអាចផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជនក្នុងតំបន់ដែលមានប្រមាណ៣៤០លាននាក់។
ឯកឧត្តម បណ្ឌិត កៅ គីមហួន ក៏បានថ្លែងបញ្ជាក់ដែរថា ក្នុងចំនុចសំខាន់ៗដែល បានលើកឡើងក្នុងកិច្ចប្រជុំកំពូលទាំងអស់នោះ សម្តេចតេជោ បានចាត់ទុកថា កត្តាសន្តិភាព ជាកត្តាអាទិភាពមួយ ដែលអាចនាំអោយប្រទេសនីមួយៗ ឈានទៅដល់ ការអភិវឌ្ឍបាន។ បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចែករំលែកនូវបទពិសោធន៌ និង អនុសាសន៌គន្លឹះសំខាន់ៗមួយចំនួនទៀត សម្រាប់បន្តការអនុវត្ត ក្នុងផែនការមេដែលបានដាក់ចេញរួមគ្នាដោយមេដឹកនាំនៃប្រទេសជាសមាជិកផងដែរ។ ក្នុងនោះផ្តោតលើកិច្ចការសំខាន់ៗដូចជា ការពង្រឹងតួនាទីឯកជនជាមួយរដ្ឋាភិបាល! ការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធ! ការប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ! ការកាត់បន្ថយភាពក្រីក្រ និងសម្រួលកំរិតជីវភាពប្រជាពលរដ្ឋ! ការវិវត្តន៌នៃប្រព័ន្ធឌីជីថល ! បម្រែបម្រួកអាកាសធាតុ ជាដើម។ សូមបញ្ជាក់ថា ប្រទេសនៃមហាអនុតំបន់មេគង្គ ហៅកាត់ថា GMS រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ចំណែក ប្រទេសតំបន់ត្រីកោណអភិវឌ្ឍន៌ ហៅកាត់ថា CLV មាន កម្ពុជា ឡាវ និងវៀតណាម ៕