ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា ប្រកាសឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ ដែលមានសិទ្ធទទួលប្រាក់បញ្ញើពីសាធារណជន ខណៈដែលមានគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនកំពុងធ្វើប្រតិបត្តិការខុសពីច្បាប់កំណត់។
ដើម្បីកុំអោយប្រជាពលរដ្ឋមានការចាញ់បោកក្នុងប្រតិបត្តិការដាក់ប្រាក់បញ្ញើ ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា ធនាគារជាតិនៃកម្ពុជា បានប្រកាសទទួលស្គាល់ថា មានតែធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ ប៉ុណ្ណោះ ដែលមានសិទ្ធទទួលប្រាក់បញ្ញើរពីសាធារណជន ។
ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងជាផ្លូវការមួយថា គិតមកត្រឹមខែមីនា ឆ្នាំ២០១៨ ក្រៅពីធនាគារពាណិជ្ជ គឺមានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតិអៅយទទួលប្រាក់បញ្ញើរពីសាធារណជន រួមមាន ៖ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រាសាក់! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ VisionFund Cambodia LTD! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ AMK PLC ! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Kredit PLC! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Amret Co.,Ltd! និង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ LOLC Cambodia PLC ។
ក្រៅពីឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៧នេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទាណជនបទ ដែលកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ គឺមិនត្រូវបានអនុញ្ញាតិអោយទទយលប្រាក់បញ្ញើរពីសាធារណៈជននោះឡើយ ទោះក្រោមរូបភាពណាក៏ដោយ។
ការប្រកាសផ្តល់ព័ត៌មានថ្មីមួយរបស់ធនាគារជាតិ កាលពីថ្ងៃទី២៨ ខែមីនាកន្លងមកនេះ គឺដោយសារតែធនាគារជាតិនៃកម្ពុជា បានទទួលព័ត៌មានជាបន្តបន្ទាប់ថា មានបុគ្គល និងគ្រឹះស្ថានឥណទានជនបទមួយចំនួនតូច ដែលបានកម្លាយខ្លួនពីអង្គការមិនមែនរដ្ឋាភិបាល កំពុងអូសទាញប្រជាពលរដ្ឋ តាមរយៈការប្រមូលប្រាក់បញ្ញើរ ពីសាធារណជន ក្រោមរូបភាព កិច្ចសន្យាខ្ចីប្រាក់ និងការផ្តល់អាត្រាការប្រាក់ខ្ពស់ ព្រមទាមការផ្តល់ប្រាក់កម្ចីល្មើសច្បាប់។
ធនាគារជាតិនៃកម្ពុជា ក៏បានស្នើដល់អាជ្ញាធរ សមត្ថកិច្ច និងសាធារណជន ចូលរួមផ្តល់ដំណឹងមកដល់ធនាគារជាតិ និងសហការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុណា ដែលធ្វើប្រតិបត្តិការខុសពីការកំណត់ដោយធនាគារជាតិផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមចុងខែកក្កដា ឆ្នាំ២០១៧ ប្រទេសកម្ពុជាមានគ្រឹះស្ថានធនាគារ ចំនួនសរុប៣៩! ធនាគារឯកទេស ចំនួន១៥! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានចំនួន៧! និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមានចំនួន៦៦។ ចំណែកទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារសរុបមានប្រមាណ ២៧,៣ប៊ីលានដុល្លារអាមេរិក។ ចំណែក ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានប្រមាណ ៤,៧ប៊ីលានដុល្លារអាមេរិក៕