ភ្នំពេញ ៖ ប្រទេសកម្ពុជា ថៃ ឡាវ និង វៀតណាម បានឯកភាពគ្នាធានានិរន្តរភាពនៃទន្លេមេគង្គ ខណៈដែលអាងទន្លេមេគង្គផ្នែកខាងក្រោមផ្តល់ទិន្នផលនេសាទប្រមាណ១៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ដល់ប្រទេសទាំងបួន។
ឡាវ និងវៀតណាមទន្ទឹមនេះ កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ដែលរៀបចំធ្វើនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ក្រោមប្រធានបទ ទន្លេមេគង្គតែមួយ ស្មារតីតែមួយ នឹងដាក់ចេញនូវផែនការសំខាន់ៗដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ដូចនេះកម្មវិធីព័ត៌មានរបស់ទូរទស្សនអាស៊ីអាគ្នេយ៌ សូមលើកយកចំនុចសំខាន់ៗមួយចំនួននៃតំបន់អាងទន្លេមេគង្គនេះ។
ទន្លេមេគង្គ គឺជាទន្លេធំជាងគេទី១០ ក្នុងពិភពលោក និងជាទន្លេ វែងជាងគេ នៅអាស៊ីអាគ្នេយ៌។ ទន្លេនេះ ត្រូវបានរកឃើញថា មានធនធានធម្មជាតិដ៏សម្បូរបែប រួមមាន រុក្ខជាតិជាង ២ម៉ឺនប្រភេទ និង ត្រីជាង ៨៥០ប្រភេទ ដែលផ្តល់ប្រយោជន៌ ដល់ ប្រជាជនប្រមាណ៦០លាននាក់ ក្នុងតំបន់ទន្លេមេគង្គនេះ ក្នុងនោះប្រជាជនប្រមាណ៤០លាននាក់ មានពឹងផ្អែកលើរបរនេសាទ។
ទន្លេមេគង្ក ត្រូវបានបែងចែកជា ពីរផ្នែក គឺផ្នែកខ្សែទឹកខាងលើ មានប្រទេសចិន និង ប្រទេសមីយ៉ាន់ម៉ាចំណែកទន្លេមេគង្គខ្សែទឹកខាងក្រោម រួមមានប្រទេសថៃ ឡាវ កម្ពុជា និង វៀតណាម។ សម្រាប់តំបន់អាងទន្លេមេគង្គខ្សែទឹកខាងក្រោម បានផ្តល់ទិន្នផលនេសាទប្រមាណ ៤លាន៥សែនតោនក្នុងមួយឆ្នាំៗ ដែលគិតជាទឹកប្រាក់មានប្រមាណ ១៧ពាន់លានដុល្លារអាមេរិក។
ធនធានទាំងនេះ បានរួមចំណែកប្រមាណ ១៨ភាគរយនៃ ផលិតក្នុងស្រុកសរុប របស់កម្ពុជា។ ចំណេក ប្រទេសឡាវ ផលនេសាទនេះបានផ្តល់ប្រមាណ១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
ខណៈដែល ប្រទេសថៃ និង ប្រទេសវៀតណាម ទទួលប្រយោជន៌ប្រមាណ ៥ពាន់៥រយលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ពីផលនេសាទនេះ។ ក្រៅពីផលនេសាទ ទន្លេមេគង្គផ្នែកខាងក្រោម ក៏ជាច្រកសំខាន់មួយសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីប្រទេសចិន ទៅដល់ប្រទេសថៃ ដែលមានទឹកប្រាក់ប្រមាណ ៤ក្បៀស៥ពាន់ពាន់ លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ។
ចំណែក វិស័យកសិកម្ម តំបន់អាងទន្លេមេគង្គ បានផ្តល់អំណោយផលដល់ការផលិតអង្ករ សម្រាប់ជាស្បៀងដល់ប្រជាពលរដ្ឋប្រមាណ៣រយលាននាក់ ដែលអាចផ្គត់ផ្គង់តម្រូវការស្បៀងគ្រប់គ្រាន់ក្នុងរយៈពេលមធ្យមបានក្នុងតំបន់។
ចំពោះវិស័យថាមពលអគ្គិសនី អាងទន្លេមេគង្គ ជាតំបន់ដែលមានសក្តានុពលរស់រវើកជាងគេ ក្នុងពិភពលោក ដែលអាចផលិតអគ្គិសនី បានរហូតដល់ជាង ៣ម៉ឺនមេហ្គាវ៉ាត់។
ប៉ុន្តែក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ វារីអគ្គិសនីនានានៅតំបន់អាងទន្លេខាងក្រោម ទើបអាចផលិតបានអគ្គិសនីសរុប ត្រឹម ៦ពាន់៤រយ មេហ្គាវ៉ាត់ ប៉ុណ្ណោះ។
ដោយសារទន្លេមេគង្គ បានផ្តល់ប្រយោជន៌ជាច្រើនដូចនេះ គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ក៏ត្រូវបានបង្កើតឡើង ដោយប្រទេសកម្ពុជា ថៃ ឡាវ និង វៀតណាម ដែលជាប្រទេសស្ថិតក្នុងតំបន់ទន្លេមេគង្គខាងក្រោម ក្នុងកិច្ច ព្រមព្រៀងមេគង្ក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៥។
ចំណែក ប្រទេសចិន និង ប្រទស មីយ៉ាន់ម៉ា ជាប្រទេសស្ថិតនៅប៉ែកខាងលើនៃទន្លមេគង្គ បានចូលរួមជាដៃគូសន្ទនា ចាប់តាំងពីឆ្នាំ១៩៩៦មក។ គណៈកម្មការទន្លេមេគង្គ តែងរៀបចំផែនការយុទ្ធសាស្ត្រ រៀងរាល់រយៈពេល៥ឆ្នាំម្តង ដោយក្នុងផែនការឆ្នាំ ២០១៦ ដល់ ឆ្នាំ២០២០ គឺមានថវិកាប្រមាណ៦៥លានដុល្លារអាមេរិក។
ដោយឡែក កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ក្រោមប្រធានបទ ទន្លេមេគង្គតែមួយ ស្មារតីតែមួយ ដែលកម្ពុជាជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០១៨នេះ នឹងកំណត់ទិសដៅអាទិភាពសំខាន់ជាច្រើនទៀត ដើម្បីធានានិរន្តរភាពនៃបារប្រើប្រាស់ធនធាននៅក្នុងអាងទន្លេមេគង្គ៕