កិច្ចប្រជុំ​កំពូល​ទន្លេមេគង្គ​លើក​ទី​៣​ចេញ​សេចក្តី​ថ្លែង​រួម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2018 ក+ ក-

​សៀមរាប ៖ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​គណៈកម្មកា​ទន្លេមេគង្គ លើក​ទី​៣ ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម បានសម្រេច​ចេញ​សេចក្តី​ថ្លែង​ការ​ណ៌ ក្រុង​សៀមរាប ដែល​រកឃើញ​ទាំង​សក្តានុពល និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ព​ន្លឿ​ន​កិច្ចសហប្រតិបត្តិការ ក្នុង​យុទ្ធសាស្ត្រ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ​។​

​កិច្ចប្រជុំ​កំពូល​គណៈកម្មាការ​ទន្លេ​មេគង្គ​លើក​ទី​៣ ក្រោម​ទិស​ស្លោក ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ ដែល​ត្រូវ​បានរៀបចំ​ធ្វើ​នៅ​សណ្ឋាគារ សុខា ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨​នេះ បានបញ្ចប់​ដោយ​ភាពជោគជ័យ ជាមួយ​សេចក្តី​ថ្លែង​ការ​ណ៌ ក្រុង​សៀមរាប ។

​កិច្ចប្រជុំ​កំពូល​លើក​ទី​៣​នេះ បានបង្ហាញ​នូវ​ការចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​នៃ​ក្របខណ្ឌ​ទន្លេមេគង្គ រវាង​ប្រទេស​ជា​សមាជិក​នៅ​តំបន់​ទន្លេមេគង្គ​ផ្នែ​ខាងក្រោម រួមមាន ប្រទេស​កម្ពុជា ថៃ ឡាវ វៀតណាម រួម​និង វត្តមាន​នៃ​ប្រទេស​ជា​ដៃគូ​សន្ទនា​ដែល​ស្ថិតក្នុង​តំបន់​ទន្លេមេគង្គ​ផ្នែក​ខាងលើ គឺ ចិន និង មី​យ៉ាន​ម៉ា ក៏ដូចជា​ដៃ​អភិវឌ្ឍ​ន៌​ជាច្រើន​ប្រទេស​ទៀត​។

​ទន្លេមេគង្គ ត្រូវបាន​ចាត់ទុកថា ជា​តំបន់​អា​ម៉ា​ហ្សូ​ន​នៃ​តំបន់​អាស៊ី ដែល​សំបូរ​ដោយ​ប្រព័ន្ធ​អេកូឡូស៊ី និង ធនធាន​ជីវចម្រុះ ហើយ​ទន្លេមេគង្គ ក៏​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​តំបន់​អាស៊ី​ផងដែរ ដែល​គិត​ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០១៨ មកដល់ពេលនេះ មាន​កិច្ចប្រជុំ​កំពូល​ចំនួន​៣ ស្តីពី​ទន្លេមេគង្គ ត្រូវបាន​រៀបចំ​ធ្វើ គឺ កិច្ចប្រជុំ​កំពូល មេគង្គ​ឡាន​ឆាង នៅ​ទីក្រុង​ភ្នំពេញ​! កិច្ចប្រជុំ​កំពូល មហា​អនុតំបន់​មេគង្គ​លើក​ទី​៦ ក្នុង​ទីក្រុង​ហាណូយ​! និង កិច្ចប្រជុំ​គណៈកម្មកា​ទន្លេមេគង្គ លើក​ទី​៣ ក្នុង​ក្រុង​សៀមរាប នា​ពល​ល​នេះ ។ គួរ​កត់សំគាល់ថា នៅក្នុង​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣​នេះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ទាំង​៤ គឺ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​! ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ​! ឯកឧត្តម ប​ណ្ឌី​ត ថង​លូន ស៊ី​សូលី​ត នាក​រដ្ឋមន្ត្រី​ឡាវ​! និង ឯកឧត្តម ង្វៀន ស៊ុន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម បានលើកឡើង​នូវ​សក្តានុពល និង ប្រ​យោ​ជ​ន៌​ដ៏​សំខាន់​នៃ​អាង​ទ​ន្ល​មេគង្គ ចំពោះ​ការចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម វប្បធម៌ ក្នុង​តំបន់​។

​ប៉ុន្តែ​ទន្ទឹមនេះ អាង​ទន្លេមេគង្គ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដែល​អាច​រារាំង​ដល់​ផែនការ​អភិវឌ្ឍ​រយៈពេល​វែង ផងដែរ ក្នុងនោះ​មានដូចជា បញ្ហា​កំណើនប្រជាជន​ឆាប់រហ័ស​! កំណើន​តម្រូវការ​ទឹក ស្បៀង និង​ថាមពល​! បរិបទ​នៃ​នគរ​ភាវូបនីយកម្ម និង​ឧស្សាហូបនីយកម្ម​! ការបាត់បង់​សម្បត្តិ​បរិស្ថាន ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ ជាដើម ដែល​បញ្ហា​ទាំងអស់នេះ​ទាមទា​អោយ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ប្រឹងប្រែង រួមគ្នា​ដោះស្រាយ​ជា​បន្ត​បន្ត ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​រយៈពេល​វែង ក្នុង​អាង​ទន្លេមេគង្គ ។

​បើតាម​ការ​ថ្លែង​របស់​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី នៅក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ បាន​បង្ហាញថា សេចក្តី​ថ្លែង​ការ​ណ៌​ក្រុង​សៀមរាប ដែល​កើតចេញពី​កិច្ចប្រជុំ​កំពូល​នេះ គឺជា សមិទ្ធផល​ដ៏​សំខាន់ សម្រាប់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ រួម​និង​ដៃគូ​អភិវឌ្ឍ​ន៌​នានា បន្ត​កិច្ចសហប្រតិបត្តិការ​អោយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ និង​ឈាន​ឆ្ពោះទៅ​សម្រេច​អោយបាន តាម​ផែនការ​យុទ្ធសាស្ត្រ ដែល​បាន​ដាក់ចេញ​នៅក្នុង​កិច្ចព្រមព្រៀង​មេគង្គ កាលពី​ឆ្នាំ​១៩៩៥​។ ជាពិសេស ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម ដែលជា​គណៈកម្មការ​ទ​ន្លេ​មេគង្គ បាន​ឯកភាពគ្នា​លើ​រូបមន្ត​ថ្មី ក្នុងការ​ចូលរួម​វិភាគទាន​ស្មើគ្នា ដើម្បី​ធានា​និរន្ត​ភាព​គ្របគ្រង​ហិរញ្ញវត្ថុ ដោយ​ខ្លួនឯង​នា​ឆ្នាំ​២០៣០​។

​បន្ថែម​ពីនេះ សេចក្តី​ថ្លែង​ការ​ណ៌​ក្រុង​សៀមរាប ក៏​ជម្រុញ​អោយ​ប្រទេស​ជា​គណៈកម្មការ​ទន្លេមេគង្គ ប្រឹងប្រែង អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ​២០១៦-២០២០ និង ត្រៀម​ដាក់ចេញ​នូវ​ទិសដៅ​អាទិភាព​សម្រាប់​រយៈពេល​៤​ឆ្នាំ បន្ត​ទៅមុខទៀត រហូតដល់​ឆ្នាំ​២០២២ ដែល​ពេលនោះ​ប្រទេស​ឡាវ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ៕