គណៈកម្មការ​ផ្សារ​អូរឫស្សី​រៀបចំ​សណ្តាប់​ធ្នាប់​មុន​ចូលឆ្នាំ​ខ្មែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2018 ក+ ក-

 

​ភ្នំពេញ ៖ ផ្សារ​អូរឫស្សី ជា​ផ្សារ​មាន​អាយុកាល​យូរលង់​មកហើយ​។ ផ្សារ​នេះ​នៅតែមាន​អតិថិជន​ចេញចូល ជួញដូរ​ទំណិញ​គគ្រឹកគគ្រេង ទោះបី​មាន​ផ្សារ​ទំនើប និង Mart ជាច្រើន កំពុង​បង្កើន​ការទាក់ទាញ​អតិថិជន​យ៉ាងណាក្តី ក៏​ផ្សារ​អូរឫស្សី​នៅមាន​សកម្មភាព​លក់ដូ​រ​ទំនិញ​ជាធម្មតា​។ ហេតុនេះ​ដើម្បី​បន្ត​ទាក់ទាញ​អ​ថិ​ជន ឲ្យ​មក​ផ្សារ​នេះ​កាន់តែ​កើនឡើង អ្នកគ្រប់គ្រង​ផ្សារ និង​អាជីវករ​នាំគ្នា ថែរក្សា​បរិស្ថាន និង​ទុកដាក់​សំរាម​យ៉ាង​មាន​របៀបរៀបរយ​។​

​ប្រធាន​គណៈកម្មាការ​ផ្សារ​អូរឫស្សី កំពុង​រៀបចំ​សណ្តាប់​ផ្សារ មុន​ចូលឆ្នាំ​ខ្មែរ​សម្រួល​ដល់​ការជួញដូរ​ទំនិញ​ក្នុង​ផ្សារ​។​

​លោក ឡេង គឹម​ស្រុង ប្រធាន​គណៈកម្មាការ​ផ្សារ​អូរឫស្សី និង​ជា​អនុប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​៧​មករា មានប្រសាសន៍ថា បញ្ហា​បរិស្ថាន និង​អនាម័យ ជា​បញ្ហា​សកល ដែល​ទាំងអស់គ្នា ត្រូវ​ចូលរួម​កាត់បន្ថយ ការប្រើប្រាស​ថង់​ប្លា​ស្ទីក និង​ការចេះ​ទុកដាក់ និង​ការ​បោះចោល​កាកសំណល់ ឲ្យ​បាន​ត្រឹមត្រូវ ទៅក្នុង​ធុងសំរាម​។ លោក​បន្តថា​អាជីវករ​មួយចំនួន កំពុង​បន្ត​ការសម្អាត​តាម​តូប តែ​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​ពង្រាយ​សម្រាម ក្នុង​និង​ក្រៅ​ទីធ្លា​ផ្សារ​។ ដោយ​ពួកគាត់​មិនទាន់​ចេះ ទុកដាក់​សំរាម ឲ្យ​ស្អាតបាត​នៅឡើយ ទើប​ក្រុមការងារ​អនាម័យ​ផ្សារ​អូរ​ឬ​ស្សី រៀបចំ កម្លាំង​សម្រាប់​ជួយ​ទុកដាក់​សំរាម និង​បង្កើន​ការថែរក្សា​អនាម័យ បរិស្ថាន​របស់​ផ្សារ ទាំង​ក្នុង​និង​ខាងក្រៅ ដើម្បី​ឲ្យ​អតិថិជន​ងាយស្រួល ចូល​ទិញ​ឥ​វ៉ាន់​ត្រៀម​ចូលឆ្នាំថ្មី​។​

​លោក ឡេង គឹម​ស្រុង មានប្រសាសន៍​បន្តថា ផ្សារ​អូរ​ឬ​ស្សី​កន្លងមក ធ្លាប់មាន​អគ្គីភ័យ​។ ហេតុនេះ នៅពេល​អាជីវករ​បិទតូប​មិន​លក់ដូរ ៣​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺ​គណៈកម្មការ​ផ្សារ និង​ក្រុម​សន្តិសុខ បាន​បិទ​បារ៉ែត​ភ្លើង​ក្នុង​ផ្សារ និង​សម្អាត​ទីធ្លា​ផ្សារ ទាំង​ខាងក្នុង​និង​ខាងក្រៅ បង្ការ​បញ្ហា​កើតឡើង​ចៃដន្យ​ផង និង​ថែរក្សា​សណ្តាប់ធ្នាប់​ផ្សារ​ឲ្យ​ល្អប្រសើរ​ផង​។​
​លោក ឡេង គឹម​ស្រុង អះអាងថា ចំពោះ​ការផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន ដែល​និយម​មក​ផ្សារ​អូរឫស្សី ដើម្បី​ទិញ​អាហារ​ទទួលទាន និង​សម្ភារៈ ប្រើប្រាស់ គណៈកម្មការ​ផ្សារ បាន​សហការ​ជាមួយ​មន្ត្រី​ច្រើន​ស្ថាប័ន សម្រាប់​ត្រួតពិនិត្យ​គុណភាព​អាហារ​និង​សម្ភារៈ​។​

​ដូចជា​មន្ត្រី​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម មន្ត្រី​ក្រសួងសុខាភិបាល មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មន្ត្រី​វិទ្យាស្ថាន​ប៉ាស្ទ័រ ជាដើម ការចុះពិនិត្យ​ចំណីអាហារ​ទាំងអស់នេះ ដើម្បី​រក្សា​សុវត្ថិភាព​ចំណីអាហារ​ជូន​អតិថិជន​។ លោក​បន្តថា ក្រៅពី​មន្ត្រី​មកពី​ស្ថាប័ន​នានា​ត្រួតពិនិត្យ​ចំណីអាហារ ក៏មាន​គណៈកម្មការ​ផ្សារ​អូរឫស្សី ត្រួតពិនិត្យ​រាល់ពេល​វេលា​ដែរ ដើម្បី​តាមដាន​គុណភាព​ទំនិញ និង​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ផ្សារ និង​នៅ​ជុំវិញ​ផ្សារ​ជា​រៀងរាល់ថ្ងៃ​។ រីឯ​អាជីវករ តែងតែ​សម្អាត​កន្លែង​លក់ដូរ ឲ្យ​មាន​អនាម័យ​ល្អ បរិ​កាស​ប្រសើរ​។ ឯ​ផ្លូវ​សាធារណៈ​នៅ​ជុំវិញ​ផ្សារ ក៏​គណៈកម្មការ​ផ្សារ​បាន​សម្អាត សម្រួល​ដល់​ការធ្វើដំណើរ​ឲ្យ​ងាយស្រួល ដោយ​ការ​ឆាប់​ប្រមូល​សម្រាម ទុក​នៅ​កន្លែង​សមរម្យ និង​ឆាប់​ដឹកជញ្ជូន​កាកសំណល់ យក​ចេញទៅ​ទីលាន​ចាក់សំរាម ដើម្បី​ឲ្យ​ផ្លូវ​ជុំវិញ​ផ្សារ ងាយ​បើកបរ​ទូលាយ​។​

​លោក ឡេង គឹម ស្រុង បន្តថា ផ្សារ​អូរឫស្សី ទីតាំង​ស្ថិតនៅ​ចំ​ទីប្រជុំជន តែមាន​ទំហំ​តូច ខ្វះ​តូប​សំរាប់​ជួល​ឲ្យ អតិ​ផិ​ជន​លក់ដូរ និង​ខ្វះ​ចំណត​យានយន្ត​។ ផ្សារ​នេះ​ច្រើន​ឆ្នាំមុន មាន​តូប​តែ​៥​ពាន់​ទេ តែ​បច្ចុប្បន្ន តូប​បង្កើន​ជាង​៦​ពាន់​តូប ក៏​នៅតែ​មិនអាច​បំរើ សេចក្តីត្រូវការ​របស់ អាជីវករ​បាន​។ លោ​កថា​ផ្សារ​អូរឫស្សី ជា​ផ្សា​របោះ​ដុំ​សម្ភារៈប្រើប្រាស់​ចម្រុះ និង​ជា​ផ្សារ បោះ​ដុំ​ត្រីងៀត ប្រហុក ផ្អក ដែលមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​វេច​ខ្ចប់​។​
​លោក​អះអាងថា ទោះបី​ផ្សារ​ទំនើប​នានា និង​Mart តូចធំ ជាច្រើន​កំពុង​បង្កើត​ច្រើន បង្កើន​ការលក់ដូរ​គគ្រឹកគគ្រេង​យ៉ាងណាក្តី ក៏​មិន​ប៉ះពាល់​ដល់​ការលក់ដូរ​របស់​អាជីវ​ករ ក្នុង​ផ្សារ​អូរឫស្សី ឲ្យ​បិទតូប​ចោល ព្រោះ​លក់​មិន​ដាច់​នោះ គឺ​គ្មានទេ​៕