ភ្នំពេញ ៖ ដើម្បីប្រែក្លាយតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ អោយទៅជាតំបន់អភិវឌ្ឍបៃតង សាលារាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស ប្រទេសបារាំង រួមសហប្រតិបត្តិការជាមួយគ្នា ក្នុងការជម្រុញ នៃការអភិវឌ្ឍន៍តំបន់នោះ អោយបានចៀសផុត ពីគ្រោះទឹកជំនន់នារដូវស្សា។
ក្នុងសិក្ខាសាលា ស្តីពី ការបង្ហាញលទ្ធផល និងវឌ្ឍនភាពគម្រោងសហប្រតិបត្តិការលើការអភិវឌ្ឍនគរូបនីយកម្ម រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំ នៃការអភិវឌ្ឍន៍ធំមួយ ដូច្នេះហើយបានជាសាលាក្រុងប៉ារីស ដែលមានបទពិសោធន៍ នៃការរៀបចំទីក្រុង អោយមានភាពស្រស់បំព្រង និងអោយតំបន់នោះ ក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ។
លោកអភិបាលលើកឡើងថា រាជធានីភ្នំពេញ មានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមមានការអភិវឌ្ឍឆ្លើយតបនឹងកំណើនប្រជាជនទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៣.២៥% ក្នុង១ឆ្នាំៗ។ លោកបន្តថា បច្ចុប្បន្នចំនួនប្រជាជនទីក្រុងភ្នំពេញ បានកើនឡើងរហូតដល់១.៧លាននាក់ គឺប្រមាណជាង៥៦% នៃប្រជាជនទីក្រុង ដែលជាអ្នកចំណាកស្រុក ចូលមកសិក្សា និងធ្វើការនៅក្នុងទីក្រុង ភ្នំពេញ។
លោកអភិបាលថ្លែងទៀតថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវយន្តការ៣ ទី១គឺ ភាពជាដៃគូរវាងរដ្ឋបាលរាជធានីជាមួយនឹងវិស័យឯកជន ទី២ ភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយទីក្រុងសម្ព័ន្ធមេត្រី និងទី៣ ភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយសង្គមស៊ីវិល ដើម្បីចូលរួមសហការជាមួយសាលារាជធានីភ្នំពេញ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាថ្នល់ ស្ពាន ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីសាធារណៈ បណ្តាញទូរគមនាគមន៍ ការកែលម្អសួនច្បារសាធារណៈ សំណង់អគារខ្ពស់ៗ ផ្លូវក្រោមដី ស្ពានអាកាស និងបន្តពង្រីកផ្លូវមួយចំនួន ដើម្បីឆ្លើយតបទៅនឹងលំហូរចរាចរណ៍នៃយានយន្ត អោយសោភ័ណភាពកាន់តែស្រស់បំពង្រង និងវិស័យបន្ថែមទៀត។
អ្នកស្រី អេឡូឌី គុយអង់កា តំណាងសាលាក្រុងប៉ារីស នៃសាធារណរដ្ឋប៉ារាំង ថ្លែងថា ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងជួបប្រទះ គឺមានការងារពីរ ត្រូវបានដាក់អោយសិក្សា ទី១ គឺការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង និងទី២ការពង្រឹងការរំដោះនិងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងពង្រីកទៅភាគខាងជើងនៃតិរវិថីព្រះស៊ីសុវត្ថិ។
លោកស្រីបន្តថា ដើម្បីធ្វើការងារខាងលើអោយបានជោគជ័យ គឺមានវិធីសាស្ត្រមួយត្រូវបានស្នើឡើងជាពិសេស តាមរបៀបវាស់វែងជាក់ស្តែង ទុកជាមូលដ្ឋានក្នុងការកែតម្រូវអោយត្រូវនឹង តថភាពជាក់ស្តែងក្នុតំបន់នោះ។ វិធីសាស្ត្រនោះតម្រូវអោយយើងប្រើទស្សនទានអន្តរវិស័យ និងពហុវិស័យ ដូចមានការងាររួមចម្រុះ ដែលទាមទារអោយអោយគ្រប់អង្គភាពជំនាញពាក់ព័ន្ធ ត្រូវធ្វើការជាមួយគ្នា ជាអាទ៍ មន្ទីររៀបចំដែនដីនគរូបនីយកមមនិងសំណង់ មន្ទីរនានាទីចាត់ការជំនាញ ខណ្ឌ សង្កាត់ និងរដ្ឋបាលផ្សេងៗ ទៀតរបស់រាជធានីភ្នំពេញ៕