ភ្នំពេញ ៖ វិស័យការងារនៅក្នុងប្រទេសកម្ពុជា មើលឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះអត្រាមានការងារធ្វើ ក្នុងឆ្នាំ២០១៨ មានរហូតដល់ ៩៩,៣ភាគរយ រឺ ស្មើនឹងកម្លាំងពលកម្មសរុបជាង១០លាននាក់។
យោងតាមរបាយការណ៌របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ក្នុងឆ្នាំ២០១៨នេះ ចំនួន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនសរុបជាង១ម៉ឺន២ពាន់គ្រឹះស្ថាន ចំនួននេះកើនឡើងនប្រមាណ១០%ពីឆ្នាំមុន ដែលកំពុងផ្តល់ការងារដល់កម្មករនិយោជិតសរុបជិត១លាន៥សែននាក់ ក្នុងនោះមានកម្លាំងជាស្ត្រីមានជាង៨សែននាក់ គឺកើនឡើងជាង២១% ។
ចំណែកចំនួនសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិតត្រឹមឆ្នាំ២០១៨នេះមានចំនួនសរុប ជិត៦០ម៉ឺនសហគ្រាស ក្នុងនោះមានកម្មករជាង២លាន៤សែននាក់! កម្លាំងពលកម្មក្នុងវិស័យកសិកម្មមានប្រមាណជាង៤លាននាក់! ពលករធ្វើការនៅក្រៅប្រទេស មានប្រមាណ១លាន២សែននាក់ និងមន្ត្រីសាធារណៈ ជាង៥សែននាក់ ។
តាមការលើកឡើងរបស់ លោក អ៊ិត សំហេង នាពេលកន្លងមកបានបញ្ជាក់ថាប្រព័ន្ធអធិការកិច្ចការងារក្នុងប្រទេសកម្ពុជាត្រូវបានកែទម្រង់ ដោយពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ដែលធ្វើឱ្យលក្ខខណ្ឌការងារ និងការទំនាក់ទំនងវិជ្ជាជីវៈកាន់តែមានភាពប្រសើរឡើង។ ទន្ទឹមនឹងនេះ បញ្ហាកូដកម្ម បាតុកម្ម ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព ។ យន្ដការត្រីភាគីត្រូវបានពង្រឹង និងបន្ដតួនាទីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានានា ដែលទាក់ទងនឹងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក » ។
គួរកត់សំគាល់ថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងក្នុងឆ្នាំ២០១៨ ត្រូវបានដំឡើងពីចំនួន១៥៣ដុល្លារដល់១៧០ដុល្លារ គឺកើន១១,១% បើគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ចំណូលពី១៨៧ ទៅ១៩៨ដុល្លារអាមេរិកក្នុង១ខែ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធានាការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតផងដែរ ។ លោកក៏បានលើកឡើងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៨ កម្ពុជាមានសហជីពមូលដ្ឋានកើនរហូតដល់ចំនួន៤.២២៧, សហព័ន្ធសហជីព១៥៨, សហភាពសហជីព២៥, សមាគម៩, អង្គការ៤ និងសមាគមនិយោជក៨ ៕