ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជាដែលមានវ័យចាប់ពី៤៥ឆ្នាំឡើងទៅសុទ្ធតែបានរស់នៅក្នុងរបប ខ្មែរក្រហំដែលជារបបមួយបង្ខំមនុស្សឲ្យធ្វើការធ្ងន់ធ្ងរ បង្អត់អាហារ កាប់សម្លាប់ ធ្វើទារុណកម្មរហូតស្លាប់ ចាប់ពង្រាត់ក្រុមគ្រួសារ ឲ្យព្រាត់ប្រាសគ្រួសារ កូនចៅឪពុកម្តាយ ជីដូនជីតា ឈឺថ្កាត់គ្មានគ្រូពេទ្យ និងថ្នាំព្យាបាល ជាដើម។ ទើបនៅថ្ងៃ២០ខែឧសភា អ្នករស់នៅសល់ពីស្លាប់ នៃរបបខ្មែរក្រហមនោះ នាំគ្នាមកពីគ្រប់រាជធានី ខេត្ត ប្រារព្ធទិវាជាតិនៃការចងចាំ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
អង្គភាពគាំពារជនរងគ្រោះ សហការជាមួយ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ព្រមទាំងជនរងគ្រោះ ក្នុងរបបខ្មែរក្រហមជាង១០០នាក់ ប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ខែឧសភា។
ប្រធានអង្គភាពគាំពារជនរងគ្រោះលោក ហង្ស វណ្ណៈ មានប្រសាសន៍ថា អ្នកសល់ពីការ មិនស្លាប់ក្នុងរបបខ្មែរក្រហម បានមកជួបជុំគ្នាប្រារព្ធទិវាជាតិនៃការចងចាំ ដើម្បីធ្វើបុណ្យរំលឹកគុណដល់អ្នកដែលបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម ហើយក៏ចង់បង្ហាញជូន ក្មេង ជំនាន់ ឲ្យរៀនសូត្រពីរឿងរ៉ាវដែលបានកើតឡើងនៅសម័យខ្មែរក្រហម ហើយគួរចៀសវាង នៅថ្ងៃអនាគត។ បច្ចុប្បន្ន ជនរងគ្រោះបានទទួលសំណងជាស្តូប ដែលសម្រាប់គោរព វិញ្ញាណក្ខន្ធ នៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងសំណងទិវាជាតិ នៃការចងចាំ២០ឧសភា ដែលកំពុងប្រារពនៅថ្ងៃនេះ។
ជនរងគ្រោះ ជាអតីតអ្នកទោសគុកទួលស្លែង ឬហៅថា ស២១ លោក ជុំ ម៉ី អាយុ៨៧ឆ្នាំ មានប្រសាសន៍រំលឹក ប្រវត្តិដែលគាត់ក្លាយជាអ្នកទោសគុកទួលស្លែងថា នៅសម័យសង្គមរាស្ត្រនិយម គាត់ជាមន្ត្រីក្រសួងសាធារៈការ ដែលជំនាញជួសជុល គ្រឿងយន្ត។ នៅថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហម បានជន្លៀសក្រុមគ្រួសារគាត់ ទៅដល់ព្រែកព្នៅ។ នៅទីនោះកូនប្រុសពៅគាត់ ឈឺក្តៅខ្លួនរហូតស្លាប់ ដោយគ្មានថ្នាំព្យាបាល។ គាត់មិនទាន់បានកប់សពកូនផង ក៏ត្រូវបានអង្គការខ្មែរក្រហម ហៅទៅឲ្យជួសជុលម៉ាស៊ីនដេរ នៅផ្សារអូឬស្សី។ នៅថ្ងៃ២៨ ខែតុលាឆ្នាំ១៩៧៨ មេក្រុមខ្មែរក្រហម បានបញ្ចូនគាត់ មកកាន់គុកទួលស្លែង ធ្វើទារុណកម្ម ដោយប្រាប់គាត់ថាទៅជួយជួសជុលឡាននៅវៀតណាម។
ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លោក ឆាយ វិសុទ្ធ ថ្លែងថា ការប្រារព្ធទិវាចងកំហឹង នៅគុកទួលស្លែងបានធ្វើលើកដំបូងនៅឆ្នាំ១៩៨៤គ្រប់ឃុំស្រុក។ ប៉ុន្តែឆ្នាំក្រោយៗមក ការប្រារព្ធទិវាចងកំហឹងនោះ មិនបានអចិន្ត្រៃយ៍ទេ។ ទើបតែអង្គ ជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា កាត់ក្តីដោយផ្តល់ជាសំណងជូនជនរងគ្រោះ ក្នុងរបបខ្មែរក្រហម នូវថ្ងៃ២០ខែឧសភា ជាទិវាជាតិនៃការចងចាំ ដោយប្រែពាក្យពី ទិវាចងកំហឹង មកជាទីវានៃការចងចាំ។ នៅឆ្នាំ២០១៨នេះ បានប្រារព្ធទិវាជាតិនៃការចងចាំ ប្រារព្ធលើកដំបូងនិងអចិន្ត្រៃយ៍ ចាប់ពីឆ្នាំ២០១៨ដោយដាក់កំណត់ជាបុណ្យជាតិមួយ។
តំណាងដើមបណ្តឹងរដ្ឋប្បវេណី លោក ចាន់ សាធ ជាអតិតនិស្សិតក្នុងសម័យសង្គមរាស្ត្រ និយម បច្ចុប្បន្នជាមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខេត្តពោធិសាត់ ថ្លែងថា ជនរងគ្រោះដែលក្រុមនិយមប៉ុលពតសម្លាប់ មានគ្រប់កន្លែងគ្រប់ឃុំ ស្រុក ខេត្ត។ លោកចង់ឲ្យការប្រារព្ធទិវាជាតិនៃការចងចាំ ពង្រីកការប្រារព្ធនៅគ្រប់កន្លែង កុំឲ្យប្រារព្ធ តែនៅកន្លែង ទួលស្លែង និងជើងឯក ដែលគេដឹងឭគ្រប់គ្នា ដើម្បីឲ្យយុវជនជំនាន់ក្រោយ រស់នៅជនបទ បានដឹងរឿងរ៉ាវនោះកាន់តែច្រើនទៀត។
បន្ថែមលើនោះ ប្រធានសារមន្ទីរសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លោក ឆាយ វិសុទ្ធ អំពាវនាវឲ្យឪពុកម្តាយ ដែលនៅរស់ក្រោយរបបខ្មែរក្រហម នាំកូនចៅមកទស្សនាគុកទួលស្លែង ហើយចែករំលែកប្រវត្តិតស៊ូ រហូតរូបគាត់អាចនៅរស់រានមានអាយុជីវិត ហើយបង្កើតជាក្រុមគ្រួសារមកដល់ពេលនេះ ដើម្បីទុកជាប្រវត្តិសាស្ត្រប្រចាំ គ្រួសារនិងសង្គម៕