ភ្នំពេញ ៖ ធុរជនកម្ពុជា ជាច្រើនដែលបានចូលរួមក្នុងកិច្ចប្រជុំពាណិជ្ជកម្ម India-CLMV បានបង្ហាញពីការត្រៀមខ្លួនទទួលនូវវិនិយោគិនឥណ្ឌានិងប្រទេសបីផ្សេងទៀតបន្ថែម ក្រោយពេលកិច្ចប្រជុំនេះបានបញ្ចប់ ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្ដាប្រទេស ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី២១ ឧសភា ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ដោយកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើកទី៥នេះ ។នៅក្នុងដំណើរការកិច្ចប្រជុំនេះដែរ គេឃើញមានធុរជនមកពីបណ្ដាប្រទេសទាំងនោះបានចូលរួម ជាពិសេសនោះ ធុរជនកម្ពុជាជាច្រើនក៏បានចូលរួមដែរ ព្រមទាំងបង្ហាញពីសុទិដ្ឋិនិយម ចំពោះ កិច្ចប្រជុំពាណិជ្ជកម្មលើកនេះ ហើយបានលើកឡើងថា នឹងត្រៀមខ្លួនសម្រាប់ទទួលវិនិយោគិនពីប្រទេសឥណ្ឌា ក៏ដូចជាប្រទេស ទាំង៣ផ្សេងទៀត ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ឥណ្ឌាគឺជាមហាអំណាចសេដ្ឋកិច្ចមួយនៅក្នុងតំបន់ ហើយឥណ្ឌាក៏ជាប្រទេសដែលមានសក្ដានុពលសេដ្ឋកិច្ចមួយ សម្រាប់អោយវិនិយោគិនរបស់ទៅបណ្ដាក់ទុនវិនិយោគនៅបណ្ដាប្រទេសនានាតាមដងទន្លេមេគង្គដូចជាប្រទេស មីយ៉ាន់ម៉ា ឡាវ វៀតណាម និងកម្ពុជាជាដើម ។
លោកឧកញ៉ាបន្តថា កម្ពុជាបានត្រៀមរួចហើយក្នុងការទទួលពួកគេមកវិនិយោគ តួយ៉ាងកម្ពុជាមានស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងច្បាប់វិនិយោគក៏បានបើកទូលាយចំពោះវិនិយោគិនបរទេសផងដែរ ។
លោកឧកញ៉ា វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា បានមានប្រសាសន៍ផងដែរថា នៅក្នុងវិស័យកាត់ដេរ ឥណ្ឌាក៏ជាប្រទេសមានសក្ដានុពលខ្ពស់មួយផងដែរ ក្នុងនោះបច្ចុប្បន្នឥណ្ឌាប្រទេសអ្នកលក់និងអ្នកទិញផលិតផលក្នុងវិស័យវាយនភ័ណ្ឌសម្លៀកបំពាក់ ដូចនេះឥណ្ឌាអាចនឹងមកវិនិយោគវិស័យនេះ នៅក្នុងប្រទេសកម្ពុជាស្របពេលកំលាំងពលកម្មយើងនៅមានកម្រិតទាបជាងគេបន្តិច ។
លោកឧកញ៉ាបន្តថា កាលពីមុនវិស័យកាត់ដេរ ភាគច្រើនគេវិនិយោគនៅក្នុងប្រទេសចិន តែដោយសារតែប្រទេសចិនមានកម្លាំងពលកម្មឡើងថ្លៃ វិនិយោគិនបានងាកទៅបណ្ដាប្រទេសអាស៊ាន និងឥណ្ឌា ។ ចំណែកឥណ្ឌា បច្ចុប្បន្ននេះជាប្រទេសមួយដែលផលិតវត្ថុធាតុដើមក្នុងវិស័យកាត់ដេរច្រើន ដូចនេះនៅថ្ងៃអនាគតកម្ពុជា អាចនឹងនាំ វត្ថុធាតុដើមក្នុងវិស័យកាត់ដេរពីប្រទេសឥណ្ឌាច្រើនជាងពីចិន តៃវ៉ាន់ វិញ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានមានប្រសាសន៍អោយដឹងថា តាមរយៈវេទិកាធុរកិច្ចនេះ ជាផែនការចង្អុលផ្លូវយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចរវាងប្រទេសឥណ្ឌា និងប្រទេស CLMV ។
គួរបញ្ជាក់ថា កិច្ចប្រជុំពាណិជ្ជកម្មនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍និងយុទ្ធសាស្ត្រដល់កម្ពុជា ជាច្រើន ក្រោមកិច្ចសហប្រតិបត្តិការសមាហរណកម្មក្នុងតំបន់ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម កសិកម្ម សុខាភិបាល ទេសចរណ៍ ដឹកជញ្ជូន អចលនទ្រព្យ អប់រំព័ត៌មានវិទ្យា បណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងប្រទេសទាំង៥ India-CLMV ៕