​ជំនឿ​លើ​ជោគ​រាសី​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំមមែ​ដែល​តំណាង​ដោយ​សត្វ​ពពែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​ត្រូវ​ចូលមក​បន្តវេន​ពី​ឆ្នាំ​ចាស់ នោះ គឺជា​ឆ្នាំមមែ ដែល​តំណាង​ដោយ​សត្វ​ពពែ​។ ឆ្នាំមមែ ឬ​ពពែ ឋិត​ក្នុង​លំដាប់​លេខ​រៀង​ទី​៨ ក្នុងចំណោម​ឆ្នាំ​ទាំង​១២ នៃ​ប្រពៃណី​ទំនៀមទម្លាប់​បុរាណ​ខ្មែរ​។​

​តើ​សត្វ​ពពែ មាន​សាវតារ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​របស់​ម​នុស្ស​លោក​យ៉ាងដូចម្តេច ខ្លះ​? តើ​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​យ៉ាងណា​ចំពោះ​ការចូល​ឆ្នាំ​ខ្មែរ​ឆ្នាំមមែ ដែល​តំណាង​ដោយ​សត្វ​ពពែ​នេះ​?

ពពែ ជា​សត្វចតុប្បាទ ជា​សត្វ​ស្លូត ងាយ​ចិញ្ចឹម ដោយ​ស៊ី​ស្មៅ ឬ​ស្លឹក​រុក្ខជាតិ​បៃតង​ជា​អាហារ​។ អ្នក​ចិញ្ចឹមសត្វ​នេះ ភាគច្រើន​ប្រាថ្នា​យក​ផល​ជា​សាច់ និង​ទឹកដោះ​ជាសំខាន់​។​
​សត្វ​ពពែ ជាទូទៅ​មិនសូវមាន​ប្រវត្តិ​រឿងរ៉ាវ​ជាប់​ពាក់ព័ន្ធ​នឹង​ជំនឿ​របស់​មនុស្ស ច្រើន​ដូច​ឆ្នាំមមី តំណាង​ដោយ​សេះ ជា​ឆ្នាំ​ចាស់​កន្លងទៅនេះ ឬ​ឆ្នាំរោង តំណាង​ដោយ​សត្វ​នាគ ឬ​ឆ្នាំ​ផ្សេងទៀត​ក្នុងចំណោម​ឆ្នាំ​ទាំង​១២ របស់​ខ្មែរ​នោះឡើយ​។​

លោក​បណ្ឌិត អាំង ជូ​លាន ដែល​បាន​សិក្សា​ស្រាវជ្រាវ​អំពី​ជំនឿ​ខ្មែរ មានប្រសាសន៍ថា សត្វ​ពពែ​ឃើញ​មាននៅ​ក្នុង​សិលាចារឹក​ប្រាសាទ​អង្គរ​ខ្លះ​ដែរ តែ​មិន​ប្រាកដថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងព្រេង​ណាមួយ​នៅ​សម័យអង្គរ នោះទេ​៖ «​ពពែ​មិនមែនជា​សារសំខាន់​ទេ​ក្នុង​អរិយធម៌​ខ្មែរ តែ​ហេតុ​ម៉េច​បាន​មាន​ក្នុង​សិលាចារឹក​? តាម​ខ្ញុំ​យល់​ប្រហែល​សម្រាប់​ក្នុង​ពិធី ដូចជា​ដ​ង្វា​យ អាច​ប្រើ​ពពែ​ហ្នឹង​»​។​

​ចំពោះ​ពាក្យ​ថា មមែ តំណាង​សត្វ​ពពែ​នេះ លោក​មិនដឹង​ឫសគល់​ច្បាស់​ទេ តែ​លោក​សន្និដ្ឋានថា អាចមាន​ប្រភព​មកពី​ជនជាតិ​ណាមួយ​ក្នុង​ភាសាមន​ខ្មែរ និង​អាចពាក់ព័ន្ធ​នឹង​វប្បធម៌​ចិន នៃ​អំបូរ​ណាមួយ​ជាច្រើន​ជំនាន់​មកហើយ​។​

​ចំណែក​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​ខ្មែរ និង​ព្រះពុទ្ធសាសនា​មួយចំនួនទៀត​នោះ បានបញ្ជាក់​ប្រាប់​ខុសៗ​គ្នា ដោយ​ខ្លះ​លើកឡើងថា ការកំណត់​ឆ្នាំនេះ គឺ​ធ្វើ​ទៅតាម​ការ​និទានរឿង​ព្រេង​ខ្មែរ ហើយ​ខ្លះ​ទៀតថា ជាការ​ចម្លង​មកពី​វប្បធម៌​បរទេស ដូចជា​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា ជាដើម​។​

ទាក់ទង​នឹង​ការកំណត់​ជា​ឆ្នាំមមែ ឬ​ពពែ​នេះដែរ សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ និង​ជា​ជំនួយការ​ស្រាវជ្រាវ​នៃ​ប្រធាន​រាជបណ្ឌិត្យសភា លោក​បណ្ឌិត សួន ឱសថ មានប្រសាសន៍ថា បញ្ហា​នេះ​ជា​កំណត់​របស់​អ្នកប្រាជ្ញ​មួយក្រុម​នៅ​ជម្ពូទ្វីប​ក្នុង ប្រទេស​ឥណ្ឌា តាមរយៈ​ការកំណត់​រូបរាង​ផ្កាយ​នៅ​អំឡុង​ម៉ោង​សូន្យ ឬ​នៅ​យាម​មួយ​។ ផ្កាយ​ដែល​លេច​រូបរាង​នៅពេលនោះ មាន​រូបរាង​ជាស​ត្វ​ពពែ​៖ «​អ៊ីចឹង ហើយ​បាន​គេ​កំណត់​ពង្ស​នៃ​ឆ្នាំ​របស់​មនុស្ស​ហ្នឹង គឺ​អ្នកណា​កើត​នៅ​ឆ្នាំមមែ គឺជា​ឆ្នាំ​ពពែ​ហ្នឹង​តែម្តង ដោយសារ​ផ្កាយ​ពពែ​ហ្នឹង​រះ​នៅលើ​មេឃ​នៅឯ​ជម្ពូទ្វីប​ចំ​ឆ្នាំ​ហ្នឹង​តែ ម្តង​»​។​

​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ និង​ជា​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ លោក អឹម បុរិន្ទ​។ លោក​បាន​សរសេរ​បង្ហា​ញ​ពី​ជោគ​លាភ​នៃ​អ្នក​កើត​ឆ្នាំមមែ​នោះ​ថា ជា​ពង្ស​ទេវតា​ស្រី នាម​ជាស​ត្វ​ពពែ​មាស ទន្សា​កំណើត​នៅ​ថ្ងៃអាទិត្យ សិរី​ធ្លាក់​មកពី​ដៃ​ឆ្វេង​របស់​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​ដើម​បា​រិ​ក​ជាតិ និង​ដើម​ឫស្សី​។ លោក​ថា អ្នក​កើត​ឆ្នាំនេះ​គួរ​ស្រោច​ទឹក​ជ្រោយ​ដី​គល់​នៃ​ដើម​បា​រិ​ក​ជាតិ និង​ដើម​ឫស្សី ទើប​នាំ​ឲ្យ​កើតមាន​សិរី​សួស្តី​ដល់​ខ្លួន និង​ក្រុមគ្រួសារ​។​

​មនុស្ស​កើត​ឆ្នាំនេះ តែងតែមាន​វាសនា​ខ្ពស់​ជាទី​ត្រូវចិត្ត​នៃ​មនុស្ស​ទូទៅ​។ ពេល​ជួប​ទុក្ខ​អាសន្ន​មាន​អ្នកធំ​ជួយ​គាំពារ​។ ឫកពា​សុភាពរាបសារ​សម្ដីទន់​ផ្អែម​ពីរោះ មាន​មិត្ត​ភ័ក្ដិ​ច្រើន​មិន​ថា​នៅទីណាៗ​ទេ ប៉ុន្តែ​មិត្ត​ច្រើន​នាំទុក្ខ​មក​ច្រើន​ឲ្យ​ខ្លួន ហើយ​ធ្វើ​គុណ​មិនបាន​ផល​ទេ​។ បុគ្គល​ឆ្នាំនេះ​មិនចេះ​ចងគំនុំ​គុំកួន​នឹង​អ្នកណា​ឡើយ ចិត្ត​ឆេវឆាវ​ឆាប់​ខឹង​តែ​ឆាប់​បាត់​។ អ្នក​កើត​ឆ្នាំមមែ តែងតែមាន​តណ្ហា​ខ្លាំង ស្រើបស្រាល​នឹង​រស់​កាមារម្មណ៍​ប្រៀប​ដូច​ភ្លើងចំបើង មាន​ស្នេហ៍​ក្នុង​ខ្លួន​ជាទី​ត្រូវ​ភ្នែក​នៃ​មនុស្ស​ភេទ​ផ្ទុយគ្នា​។​

ជា​មនុស្ស​និយាយ​តិច តែ​គិត​ច្រើន មុននឹង​សម្រេច​ធ្វើ​កិច្ចការ​អ្វីមួយ​។ មុខរបរ​ដែល​សក្ដិសម​ជាងគេ​សម្រាប់​មនុស្ស​ឆ្នាំមមែ​នេះ គឺ​ការលក់ដូរ​ធ្វើ​ជំនួញ នឹង​បាន​ទៅជា​អ្នកមាន​ស្តុកស្តម្ភ ពីព្រោះ​ជា​មនុស្ស​មានការ​ពិចារណា​ល្អិតល្អន់​។ បើ​ធ្វើ​ការងារ​រដ្ឋ​វិញ​បាន​ល្អជា​មធ្យម​។​

​លោក​បណ្ឌិត សួន ឱសថ បានកត់សម្គាល់​ឆ្នាំមមែ​តាម​ចរិត​មនុស្ស និង​សត្វ​ឃើញថា ពពែ​ជាស​ត្វ​ស្លូត អាចជួយ​ចិញ្ចឹម​មនុស្ស​តាមរយៈ​ទឹកដោះ​។ មនុស្ស​ដែល​កើត​ឆ្នាំមមែ ច្រើន​មាន​ចរិត​ស្លូតបូត​សុភាពរាបសារ ចូលចិត្ត​រាប់អាន​ញាតិ និង​ធ្វើ​បុណ្យទាន​។ លោក​បន្តថា ការ​សម្គាល់​នេះ​វា​អាស្រ័យ​លើ​បរិយាកាស​សង្គម និង​ការ​សេពគប់​មនុស្ស​ល្អ ឬ​អាក្រក់​ផង​៖ «​បើ​ការ​រស់នៅក្នុង​ត្រកូល​ថ្លៃថ្នូរ​ចេះ​អប់រំ​កូនចៅ គេ​បានល្អ ឬក៏​កើត​ក្នុង​ត្រកូល​អន់ថយ​មានតែ​ការឈ្លោះទាស់ទែង​គ្នា គ្មាន​ការអប់រំ មនុស្ស​នោះ​ក៏​ទៅតាម​ហ្នឹង​ដែរ​»​។​

​ចំណែក​សៀវភៅ​ហោរាសាស្ត្រ និង​ហុងស៊ុយ​ដែល​រៀបរៀង​ដោយ អ្នកស្រី តាន់ សូ​ដា​នី ក៏បាន​បង្ហាញ​ពី​ជោគជតារាសី​មនុស្ស​ឆ្នាំមមែ ស្រដៀង​គ្នា​នឹង លោក អឹម បុរិន្ទ មានប្រសាសន៍​ដែរ​ថា សភាព​ទូទៅ​នៃ​បុគ្គល​ឆ្នាំមមែ គឺជា​មនុស្ស​ដែលមាន​ជោគ​សំណាង​ខ្ពស់​។ សញ្ញាណ​វិជ្ជមាន​ជាច្រើន​បានបង្ហាញ​ក្នុង​ជោគ​រាសី ដែល​ពាំ​នាំមក​នូវ​ការរីកចម្រើន​ខាង​ការងារ រួមជាមួយ​ជោគ​លាភ​ជាច្រើន​ផ្សេងទៀត​។​
​ផ្កាយ​ជោគ​ទាំងឡាយ​ដែល​រះ​ឡើង​ក្នុង​សន្តាន​មនុស្ស​ឆ្នាំមមែ នឹង​ប្រែក្លាយ​គ្រោះថ្នាក់​ទាំងឡាយ​ប្រចាំឆ្នាំ​ឲ្យ​ទៅជា​ឱកាស​មាស សម្រាប់​គេ​។​

​តម្រា​មហាសង្ក្រាន្ត​ឆ្នាំមមែ ដែល​ចងក្រង​ដោយ លោក អឹម បុរិន្ទ ក៏បាន​បង្ហាញ​នូវ​ទំនាយ​ប្រចាំឆ្នាំ​ថា ឆ្នាំនេះ​ភ្លើង​កាច​សាហាវ​ជាង​ឆ្នាំ​កន្លងទៅ​។​
​ទឹកទន្លេ​ឆ្នាំនេះ អាច​ឋិត​ក្នុង​កម្រិត​មធ្យម មិនធំ​មិនតូច​។ ការធ្វើ​ស្រែចម្ការ សម្រាប់​ដី​ទំនាប និង​ដី​ទួលបាន​ផល​ដូចៗ​គ្នា​៕rfa12345សៀវភៅ​មហាសង្ក្រាន្ត​ឆ្នាំមមែ​សប្តស័ក ព​.​ស​.២៥៥៩ គ​.​ស​.២០១៥​។