កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃពុធ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពេលជួបជាមួយកម្មករ កម្មការិនី រោងចក្រក្នុងខេត្តកំពង់ស្ពឺថា វិស័យឧស្សាហកម្មកាត់ដេរ នៅក្នុងខេត្តកំពង់ស្ពឺមានការរីកចម្រើនខ្លាំង ចាប់តាំងពីពេលកម្ពុជាមានសុខសន្តិភាពពេញលេញ ជាពិសេសក៏ដោយសារតែមានការដាក់ចេញនូវចក្ខុវិស័យពង្រីករោងចក្រ តាមបណ្តោយផ្លូវជាតិលេខ៤ ដែលត្រូវបានអនុវត្តជិត២០ឆ្នាំមកហើយ។
នាព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ សរុប ជិត២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ដូចនេះ បើគិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន បានជួបផ្ទាល់ជាមួយ កម្មករ កម្មការិនី ចំនួន៤២លើក ដែលមានកម្មករ កម្មការិនីសរុបជាង៥២ម៉ឺន៤ពាន់នាក់។
សកម្មភាពចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនេះ គឺមានគោលបំណងស្វែងយល់ពីសុខទុក្ខ និងដោះស្រាយទុក្ខលំបាករបស់កម្មករ កម្មការិនី និងដើម្បីជំរុញការរីកចម្រើនបន្ថែមទៀតលើវិស័យឧស្សាហកម្ម ដែលជាវិស័យដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ តាមរយៈជំនួបជាបន្តបន្ទាប់នេះដែរ ក៏បានធ្វើឲ្យបរិយាកាសការងារនៅតាមរោងចក្រ សហគ្រាសមានភាពល្អប្រសើរ ទាំងការតម្លើងប្រាក់ខែអប្បរមារ១៧០ដុល្លារ រួមនិង គោលនយោបាយគាំពារសង្គមជាច្រើនទៀតដែលសម្រួលដល់ជីវភាពរបស់ កម្មករ កម្មការិនី។
ក្នុងនោះ គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ រាចរដ្ឋាភិបាល បានចំណាយកញ្ចប់ថវិកា៨ពាន់៦រយលានរៀល សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនី សម្រាលកូន ចំនួន ២ម៉ឺន១ពាន់៦៣២នាក់ ។ នៅក្នុងឳកាសជួបជាមួយកម្មករ កម្មការិនីរោងចក្រនៅខេត្តកំពង់ស្ពឺ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកថា ខេត្តកំពង់ស្ពឺ កាលពីអតីតកាល គឺជាតំបន់សមរភូមិក្តៅ ដែលមានក្រុមខ្មែរក្រហមនៅ ជាពិសេសក្នុងតំបន់ឳរ៉ាល់ ប៉ុន្តែដោយសារការធ្វើសមាហរណកម្មនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ សម្រាប់ខេត្តកំពង់ស្ពឺ រួមនិងការដោះស្រាយបញ្ហាប្រឈមនានាក្នុងខេត្តដូចជាបញ្ហាទឹកជំនន់ ជាដើមនោះ ទើបធ្វើអោយខេត្តកំពង់ស្ពឺ បានក្លាយជាតំបន់មានសក្តានុពលទាក់ទាញមួយ សម្រាប់ការវិនិយោគជាពិសេស លើវិស័យរោងចក្រកាត់ដេរ តែម្តង ដោយមកដល់ពេលបច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស និងគ្រឹះស្ថានសរុបចំនួន២២៥ មានកម្មករ និយោជិត កំពុងបំរើការងារ ជាង ៩ម៉ឺន៨ពាន់នាក់ ហើយបើគិតជាទំហំប្រាក់ឈ្នួលសរុបក្នុងវិស័យនេះ មានជាង ២២០លានដុល្លារក្នុងមួយឆ្នាំៗ។
សម្តេចតេជោ បានចាត់ទុកថា ការរីកចម្រើននៃវិស័យរោងចក្រកាត់ដេរ ក្នុងខេត្តកំពង់ស្ពឺនេះ គឺកើតចេញពីការអនុវត្តជិត២០ឆ្នាំមកហើយ តាមចក្ខុវិស័យពង្រីករោងចក្រ តាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីផ្សារភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចភ្នំពេញ ទៅកាន់តំបន់ប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុ។ ជារួមនេះជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត អោយជិតកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីងាយស្រួល រកការងារធ្វើ និងចូលរួមបង្កើនចរន្តសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ ដូចនេះ សម្តេចតេជោ នៅតែបន្តអំពាវនាវអោយម្ចាស់រោងចក្រ និងកម្មករ ត្រូវមានទំនាក់ទំនងល្អជាមួយគ្នា ដើម្បីរក្សាឆ្នាំងបាយរបស់ខ្លួន ដោយម្ចាស់រោងចក្រត្រូវ យកចិត្តទុកដាក់ដល់សុខភាពរបស់កម្មករ ហើយកម្មករក៏ត្រូវខំប្រឹងបង្កើនគុណភាពផលិតភាពការងារផងដែរ។ ជាពិសេស មិនត្រូវអោយកើតមានដាច់ខាត ដូចជាបញ្ហាគ្រឿងញៀន និងបញ្ហាបងតូចបងធំ ក្នុងរោងចក្រជាដើម។
បើតាមការថ្លែងបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានឲ្យដឹងថា ខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកថាជាខេត្តកសិកម្មមួយ ហើយក៏ធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធក្នុងសម័យសង្គ្រាមនាពេលកន្លងមក។ ប៉ុន្តែ នាពេលបច្ចុប្បន្ន ខេត្តកំពង់ស្ពឺ បានក្លាយទៅជាខេត្តមួយមានសក្តានុពលខ្ពស់ទាំងការងារកសិកម្ម និងឧស្សាហកម្ម ដែលកំពុងទាក់ទាញការវិនិយោគពីបរទេសជាបន្តបន្ទាប់។ ជាពិសេស រោងចក្រ សហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺនេះ ត្រូវបានកសាងនៅតាមមូលដ្ឋានជាប់នឹងប្រជាពលរដ្ឋ ដែលបានបង្កើតការងារ និងមុខរបរបន្ថែមជាច្រើនសម្រាប់ប្រជាពលរដ្ឋ តាមរយៈ របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត ៕