ភ្នំពេញ ៖ លោក ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច និងសង្គមកិច្ច (អេស្កាប់)តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៤ របស់គណៈកម្មា ធិការអង្គការសហប្រជាជាតិទទួលបន្ទុកសេដ្ឋកិច្ច និងសង្គមកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក្រោម ប្រធានបទ “វិសមភាពក្នុងសករាជនៃរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍដោយចីរភាព របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចប្រចាំតំបន់អាស៊ី និងប៉ាស៊ីហិ្វករបស់អង្គការសហ ប្រជាជាតិ (UN-ESCAP) ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ កាលពីពេលថ្មីៗ កន្លងទៅនេះ។
គោលបំណងដ៏ចំបងនៃសន្និបាតនេះ គឺពិនិត្យ និងអនុម័តលើរបាយការណ៍ការងារ ដែល អគ្គលេខាធិការដ្ឋាន UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៧ និងអនុម័តសេចក្តី សម្រេចផែនការផ្សេងៗ ដែលបានស្នើឡើងដោយរដ្ឋជាសមាជិក និងអគ្គលេខាធិការដ្ឋាន UN-ESCAP សម្រាប់ឆ្នាំ ២០១៨។
ក្នុងនាមជាតំណាងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម លី ធុជ ត្រូវបាន UN-ESCAP អញ្ជើញឲ្យធ្វើជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និបាតប្រចាំឆ្នាំលើកទី៧៤ នេះ ដែលមានការចូលរួមពីប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមមន្ត្រី និង មន្ត្រីនៃរដ្ឋជាសមាជិក និងរដ្ឋសង្កេតការណ៍ប្រមាណជាង ៦០ ប្រទេស ព្រមទាំងតំណាង អគ្គលេខាធិការអង្គការសហប្រជាជាតិ លេខាប្រតិបត្តិ UN-ESCAP មន្ត្រីជំនាញមកពីអង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុពិភពលោក ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត ដោយកិច្ចប្រជុំបានពិភាក្សាលើចំណុចសំខាន់ៗ ចំនួន៤ គឺៈ វិសមភាពក្នុងសករាជនៃរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍដោយ ចីរភាព បញ្ហាប្រឈម និងឱកាសក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍដោយចីរភាព តួនាទីតំបន់ អាស៊ី និងប៉ាស៊ីហ្វិកក្នុងការងារពហុភាគី និងអភិបាលកិច្ចសកលនៃសករាជរបៀបវារៈឆ្នាំ ២០៣០ ការច្នៃប្រឌិតបច្ចេកវិទ្យាដើម្បីជួយជម្រុញដល់ភាពជោគជ័យនៃការអភិវឌ្ឍដោយចីរភាព។
ក្នុងកិច្ចប្រជុំនេះឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានកត់សំគាល់ពីភាពជោគជ័យសំខាន់ៗ ៣ របស់កម្ពុជា ដែលឆ្លើយតបទៅនឹងប្រធានបទខាងលើគឺៈ ១/ ការកសាងសនិ្តភាព គឺជាកត្តា ចាំបាច់បំផុតមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ដែលជាការអភិវឌ្ឍដោយចីរភាពទៅ តាម របៀបវារៈឆ្នាំ ២០៣០ និងការអភិវឌ្ឍដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០។
២/ ការកាត់ បន្ថយភាពក្រីក្រដ៏គួរឧ្យកត់សំគាល់ ដែលបានធ្លាក់ចុះពី ៥៣% ក្នុងឆ្នាំ២០០៤ មកនៅត្រឹមតែ ១៣,៥% ក្នុងឆ្នាំ២០១៤ ហើយនឹងនៅបន្តធ្លាក់ចុះជាង១% ក្នុងមួយឆ្នាំៗទៀត នេះបានធ្វើឲ្យ កម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការកាត់បន្ថយភាពក្រីក្របានច្រើន ជាងគេក្នុងពិភពលោក និងមិនមាននរណាម្នាក់ដែលត្រូវទុកចោល ដោយមិនទទួលបានផល ពីការអភិវឌ្ឍឡើយ និង៣/ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្លាំង ហើយបន្តមានលំនឹងរឹងមាំក្នុង កម្រិត ៧.២% និងបន្តនៅចន្លោះ ៧.១ ឬ ៧.២% ក្នុងឆ្នាំ២០១៧ និង២០១៨ ផងដែរ៕