ខេត្តរតនគិរីៈ ព្រៃឧទ្យានជាតិស្រុកអូរយ៉ាវ នឹងរលាយហិនហោច នៅពេលឆាប់ៗ ខាងមុខនេះ គ្រាដែលក្រុមឈ្មួញជាមន្ត្រីប៉ូលីស មានការឃុបឃិតជាមួយមន្ត្រីបរិស្ថាន ដែលគ្រប់គ្រងនៅតំបន់នោះ កាប់ដឹកយ៉ាងរង្គាលជារៀងរាល់ថ្ងៃ។ នេះបើតាមការអះអាងបញ្ជាក់របស់មន្ត្រីអាជ្ញាធរមូលដ្ឋាន។
រថយន្តឡង់គ្រីស័ររបស់មន្ត្រីនគរបាល ២គ្រឿង ព្រមទាំងឈើ៦២កំណាត់ ជាប្រភេទឈើស្រឡៅ ត្រូវបានមន្ត្រីបរិស្ថាន សហការជាមួយនគរបាលប៉ុស្តិ៍ឃុំយ៉ាទង់ ចុះបង្ក្រាបរឹបអូស កាលពីវេលា៣.៤០នាទី រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងភូមិសំ ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រង់ចណុចផ្លូវបំបែកចូលភូមិ សំ ។ នេះជាបទល្មើសជាក់ស្តែង ហើយក៏មិនមែនជាលើកទី១ដែរ។
បើតាមប្រភពពីសមត្ថកិច្ច និងតៃកុងឡានដឹកឈើល្មើសខាងលើ បានឲ្យដឹងថា រថយន្តឡង់គ្តីស័រ កែច្នៃព្រមទាំងឈើ ជារបស់ឈ្មួញឈ្មោះ ឌឹម ជឿន ជានាយរងប៉ុស្តិ៍នគរបាលឃុំប៉ក់ញៃ ព្រមទាំងមក្សពួកគេ មួយចំនួនទៀត។ ឈើទាំងនេះ ពួកគេកាប់ដឹកចេញពីតំបន់ឧទ្យានជាតិអូរយ៉ាដាវ ដោយប្រើកម្លាំងប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅក្នុងឃុំយ៉ាទង់ ជាអ្នកចូលកាប់។
លោក លឿង ខេមរៈ ប្រធានស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ បានឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នេះថា លោកមិនហ៊ានបញ្ជាក់ពីឈ្មោះមេឈ្មួញនោះថាជាអ្នកណាទេ ក៏ប៉ុន្តែភស្តុតាងរថយន្ត និងឈើ លោកកំពុងឲ្យកម្លាំងប្រមូលដឹកយកមករក្សាទុកនៅស្នាក់ការ ឧទ្យានជាតិអូរយ៉ាដាវ ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ នៅថ្ងៃទី២៩ នេះហើយ។
បើទោះជាយ៉ាងណា ព្រៃឧទ្យានជាតិជាតិ ដែលនៅសេសសល់ព្រៃឈើមួយចំនួន កំពុងរងការបំផ្លាញ ស្ទើរជិតអស់ទៅហើយ ក្រោមស្នាដៃលោកនាយរងប៉ុស្តិ៍ឈ្មោះ ឌឹម ជៀន ជាមេឈ្មួញដុះស្លែ ក្រោមការឃុបឃិតជាប្រព័ន្ធ ជាមួយសមត្ថកិច្ចនៅតំបន់នោះ ដោយយកដៃប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងតំបន់ ជាអ្នកកាប់បំផ្លាញ។ យ៉ាងណាមិញ ការកាប់បំផ្លាញ និងដឹកជញ្ជូននេះ មិនមែនទើបតែធ្វើសកម្មភាពនោះទេ គឺគេដឹកយកទៅលក់ប្រទេសវៀតណាម តាមច្រករបៀងភ្នំក្រហម និងច្រកភូមិឡំ ទាំងយប់ ទាំងថ្ងៃ ទាំងរដូវប្រាំង និងរដូវវស្សា ជាច្រើនឆ្នាំមកហើយ សូម្បីតែព្រៃនៅតំបន់ប្រាសាទ តាក់ណាំង ក៏រលាយហិនហោច អស់ឈើធំៗដែរ ហេតុអ្វី បានជាមន្ត្រីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ដែលឈរជើងនៅតំបន់នោះ និយាយថាមិនដឹង? ៕