កំពង់ចាម ៖ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរ ចំនួន៤៤លើកហើយ ដោយនាព្រឹកថ្ងៃទី៦ ខែមិថុនា នេះ សម្តេចតេជោ បានបន្តជួបជាមួយកម្មកររោងចក្រ ជិត២ម៉ឺន២ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាស ក្នុងខេត្តកំពង់ចាម ក្នុងនោះមានរោងចក្រ សហគ្រាស ចំនួន៧ មកពីស្រុកជើងព្រៃ និង រោងចក្រចំនួន១ មកពីស្រុកបាធាយ។ រោងចក្រ សហគ្រាសទាំង៨នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ផលិតស្បែកជើងចំនួន៥, ផលិតស្រោមដៃចំនួន១ និងផលិតការ៉ុងចំនួន១។ ចំណែកផលិតផលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និង ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ រោងចក្រទាំងនេះមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៦, កាណាដាចំនួន១ និងខ្មែរចំនួន១។
តាមការបញ្ជាក់របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តមួយដែលធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធកាលពីអតីតកាលផងដែរ តែបច្ចុប្បន្នបានប្រែក្លាយទៅខេត្តមានការអភិវឌ្ឍទាំងវិស័យឧស្សាហកម្ម និងកសិឧស្សាហកម្ម។ ពេលបច្ចុប្បន្ន ខេត្តកំពង់ចាម មានសហគ្រាស គ្រឹះស្ថានចំនួន៤០០ មានកម្មករ និយោជិត ជាង៣ម៉ឺន៥ពាន់៤រយនាក់ ក្នុងនោះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៤ មានកម្មករនិយោជិតចំនួនជាង២ម៉ឺន៥ពាន់៧រយនាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៥២លានដុល្លារក្នុងមួយឆ្នាំ។
លោក អ៊ិត សំហេង បានលើកឡើងថា ការអភិវឌ្ឍតំបន់ឧស្សាហកម្មក្នុងខេត្តកំពង់ចាម គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតការងារជូនកម្មករ និយោជិត និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ស្របតាមគោលនយោបាយបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលកំពុងប្រែក្លាយខេត្តកំពង់ចាម ទៅជាតំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលមួយនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គោលនយោបាយពង្រាយរោងចក្រ សហគ្រាសទៅតាមបណ្តាខេត្ត គឺជាចក្ខុវិស័យ និងជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានអនុវត្តរយៈពេលជិត២០ឆ្នាំមកហើយ បន្ទាប់ពីនយោបាយពង្រាយសាលារៀនទៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ខិតការងារទៅជិតកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ។
តាមរយៈជំនួបជាបន្តបន្ទាប់នេះដែរ ក៏បានធ្វើឲ្យបរិយាកាសការងារនៅតាមរោងចក្រ សហគ្រាសមានភាពល្អប្រសើរ ទាំងការតម្លើងប្រាក់ខែអប្បរមារដល់១៧០ដុល្លារក្នុងឆ្នាំ២០១៨នេះ រួមនិង គោលនយោបាយគាំពារសង្គមជាច្រើនទៀតដែលសម្រួលដល់ជីវភាពរបស់ កម្មករ កម្មការិនី។
ក្នុងនោះ គ្រាន់តែគោលនយោបាយគាំពារសុខមាលភាពសម្រាប់កម្មការិនីមានផ្ទៃពោះ គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានចំណាយកញ្ចប់ថវិកា៩ពាន់៨រយលានរៀល សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនី សម្រាលកូន ចំនួន ២ម៉ឺន៤ពាន់នាក់ ៕