អ្នក​ខ្ចីលុយ​ធនាគារ​ទិញ​ដី​ទុក«ខកចិត្ត»​ព្រោះ​គម្រោង​សង់​ព្រលាន​នៅ​ខេត្តកណ្តាល​មិន​ច្បាស់លាស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2018 ក+ ក-

​ភ្នំពេញ ៖ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី នៅក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​កំពុង​ធ្វើអោយ​តម្លៃ​ដី​នៅ​តំបន់​នោះ​ឡើង​ខ្លាំង ពេលនេះ​ស្ថិតក្នុង​ភាពមិន​ច្បាស់​នៅឡើយ​ថា នឹង​ត្រូវបាន​លុបចោល​វិញ ឬ​នៅ​បន្តដំណើរ​ការ​ដដែល ខណៈដែល​មិនទាន់មាន​ការជូនដំណឹង​ជា​ផ្លូវការ ពី​រាជរដ្ឋាភិបាល​នៅឡើយ​។​

​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី មាន​ផ្ទៃដី​ទំហំ​២៦០០​ហិកតា ស្ថិត​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែលជា​គម្រោង​វិនិយោគ​រវាង​ក្រុមហ៊ុន​ក្នុងស្រុក OCIC ជាមួយ​ក្រុមហ៊ុន​ចិន ក្នុង​ទឹកប្រាក់​ប្រមាណ​១​ពាន់​៥​រយ​លាន​ដុល្លារ​អាមេរិក​នោះ កំពុងស្ថិត​ក្នុង​ភាពមិន​ច្បាស់​នៅឡើយ​ថា នឹង​ត្រូវបាន​លុបចោល​វិញ រឺ​នៅតែ​បន្ត​ដំណើរការ ខណៈដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ មួយចំនួន និយាយថា គម្រោង​នេះ​ត្រូវបាន​លប់ចោល​វិញ​ហើយ បន្ទាប់ពី​អ្នកជំនាញ​របស់​ចិន​បាន​សិក្សា​ចប់ ហើយ​បង្ហាញថា នៅ​ទីតាំង​នោះ​មិនអាច​សាងសង់​អាកាសយានដ្ឋាន​បានទេ ដោយសារ​ហេតុផល​បច្ចេកទេស និង​នគរូបនីយកម្ម​សំខាន់ៗ​ចំនួន​បី​៖ ទី​១ គឺ​ដោយសារ​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ស្ថិតនៅលើ​ផ្ទៃ​បឹង​ដែល​នាំ​ឲ្យ​ពិបាក​ក្នុង​ការសាងសង់ ដោយសារ​ដី​ខាងក្រោម​ជ្រាយ ។ ទី​២ ទីតាំង​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ស្ថិតនៅ​ជិត​ក្រុងភ្នំពេញ​ពេក ព្រោះ​រយៈពេល​យ៉ាងយូរ​១០​ឆ្នាំ​ទៀត ទីក្រុង​ភ្នំពេញ​នឹង​រីក​ទៅដល់​តំបន់​នេះ​។ ទី​៣ គឺ​ដោយសារ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ស្ថិតនៅ​ក្បែរ​នឹង​ភូមិគ្រឹះ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ពេក​។

ទន្ទឹមនេះ ប្រភពពី​មន្ត្រី​រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា គម្រោង​នេះ​កំពុង​បន្តដំណើរ​ការ​ដដែល​តា​ម​ការគ្រោងទុក​។ ទោះជា​យ៉ាងណា រឿង​គម្រោង​អាកាសយានដ្ឋាន​ថ្មី​នេះ​នៅ​មិនទាន់ មានការ​បញ្ជាក់​ជា​ផ្លូវការ​ស្តីពី​បច្ចុប្បន្នភាព រឺ​ដំណើរការ​យ៉ាងណា​នៅឡើយ​។ ប៉ុន្តែ បើតាម​ការចេញផ្សាយរ​បស់ បណ្តាញសារព័ត៌មាន​នានា បានលើកឡើង​នូវ​ការឆ្លើយតប​របស់ លោក ម៉ៅ ភិ​រុន អភិបាលខេត្ត​កណ្តាល ថា លោក​មិនដែល​បានដឹង​ពី​គំរោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ​ទេ ហើយក៏​មិនបាន​ដឹងថា​គេ​នឹង​សាងសង់​នៅទីណា​ដែរ ព្រោះ​រហូតមកទល់​ពេលនេះ មិនទាន់​ទទួលបាន​ឯកសារ​ឬ​ព៌​ត​មាន​ពី​ក្រុមហ៊ុន​ណា​ថា​ចង់​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះឡើយ​។

បើតាម​ប្រភព​ព៌​ត​មាន​ផ្សេងទៀត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំ​ពុង​សិក្សា​សាងសង់​អាកាសយា​ដ្ឋា​ន​ថ្មី នៅ​ទីតាំង​ចាស់ ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង និង​ទីតាំង​ថ្មី​មួយទៀត​ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​ការសិក្សា​លំអិត​និង​បញ្ចប់​នៅពេលណា និង​ជ្រើសរើស​ទីតាំង​ណាមួយ​ពិតប្រាកដ មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។

សូមបញ្ជាក់ថា គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី នៅក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​ត្រូវ​ចំណាយ​ទុន វិនិយោគ​សរុប​ប្រមាណ ១​ពាន់​៥​រយ​លាន​ដុល្លារ​អាមេរិក គឺជា​ការវិនិយោគ​រួមគ្នា​ក្នុងនោះ​មាន​កម្ចី​ពី​ធនាគារ​ចិន​ចំនួន​១​ពាន់​១​រយ​លាន​ដុល្លារ​! កម្ចី​ពី​ភាគទុន​ក្រុមហ៊ុន OCIC ចំនួន ២៨០​លាន​ដុល្លារ និង​ដើមទុន​ចុះបញ្ជី​ចំនួន ១២០​លាន​ដុល្លារ​ដែល​ក្រុមហ៊ុន OCIC មាន​៩០​ភាគរយ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដែល​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា មាន​១០​ភាគរយ​។

​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ត្រូវ​អភិវឌ្ឍ​ក្នុង​លំដាប់ថ្នាក់​4F និង​ដំណើរការ​ក្រោម​ឈ្មោះ ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត អ៊ិន​វេស​មិន ខូ​អិ​ល​ធី​ឌី (Cambodia Airport Investment Co.,Ltd)​។

​គួរ​កត់សំគាល់ថា គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី នៅក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្តាញសារព័ត៌មាន នៅក្នុង​ខែមករា ឆ្នាំ​២០១៨ ដែល​ចាប់ពីពេលនោះ​មក​ធ្វើអោយ​តម្លៃ​ដី​នៅក្នុង​តំបន​នោះបាន​ឡើងថ្លៃ​យ៉ាងខ្លាំង និង​មាន​អ្នក​សម្រុក​ទៅ​ទិញ​ទុក ដើម្បី​លក់​យកចំណេញ​នៅពេល​គម្រោង​នេះ​លេច​ជា​រូបរាង ប៉ុន្តែ​ដំ​ណឺង​នៃ​ការលប់ចោល​គម្រោង​សាងសង់​អាកាស​យាន្ដ​ដ្ឋា​ន​អន្តរជាតិ​ថ្មី​នេះ នឹង​ធ្វើអោយ​សកម្មភាព​ទិញ​លក់​ដីធ្លី​នៅ​តំបន់​នោះ អាច​នឹង​ធ្លាក់ចុះ​វិញ​។

នាពេល​បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ធំៗ ចំនួន​៣​កំពុងដំណើរការ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ !​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​! និង​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ​។ ចំណែក គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ក្នុងស្រុក​សូត្រ​និគម ខេត្តសៀមរាប ត្រូវបាន​សម្រេច​ជា​គ្រោង​ប្លង់​រួចរាល់​ហើយ និង​រង់ចាំ​ការចាប់ផ្តើម​ដំណើរការ​សាងសង់​នាពេល​ឆាប់ៗ​នេះ លើ​ផ្ទៃដី​៧០០​ហិកតា និង​ចំណាយ​ថវិកា​ជាង​៩០០​លាន​ដុល្លារ​អាមេរិក ។​

​គម្រោង​សាងសង់​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​ថ្មី​មួយ​នៅ​ខេត្តកណ្តាល​នោះ ត្រូវបាន​គេ​អះអាងថា នឹង​ពន្យារពេល​ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០២៥ ធ្វើ​ឲ្យ​អ្នកទិញ​ដី​នៅ​តំបន់​ដែល​គេ​គ្រោង​នឹង​សាងសង់​ព្រលានយន្តហោះ​នោះ ខកចិត្ត​និង​មាន​អ្នកខ្លះ​ចង់​ចង​.​ក ព្រោះតែ​ខ្ចីបុល​ពី​ធនាគារ​រាប់សែន​ដុល្លារ ៕