ភ្នំពេញ ៖ ដោយសារការកកស្ទះចរាចរណ៍នៅតែជាបញ្ហាចំបងមួយក្នុងរាជធានីភ្នំពេញ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញកាន់តែច្បាស់ ពីគម្រោងស្ថាបនារថភ្លើងលើអាកាសនាឆ្នាំក្រោយ ដោយកំណត់យកទីតាំងពីចំណុចជិតផ្សារថ្មី ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែល គ្រោងចំណាយថវិកាប្រមាណ៨រយលានដុល្លារអាមេរិក។
តាមការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ បានបង្ហាញថា ការសិក្សាគម្រោងសាងសង់ស្ពានអាកាស និង រថភ្លើងលើអាកាស ក្នុងរាជធានីភ្នំពេញបានចប់សព្វគ្រប់ហើយនាពេលនេះ ហើយគម្រោងនេះនឹងចាប់ផ្ដើមស្ថាបនានៅដើមឆ្នាំ២០១៩ខាងមុខ ដោយកំណត់យកទីតាំងចាប់ពីចំណុចជិតផ្សារធំថ្មី ឆ្ពោះទៅកាន់អាកាសយាដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីសម្រួល ការធ្វើដំណើរ និងផ្តល់ជម្រើសកាន់តែច្រើនថែមទៀតដល់ប្រជាពលរដ្ឋនៅរាជ ធានីភ្នំពេញ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ។
លោក ស៊ុន ចាន់ថុល បាន បានបញ្ជាក់ថា ហេតុផលដែលជ្រើសរើសទីតាំងនេះ ព្រោះជារៀងរាល់ថ្ងៃ មហាវិថីសហព័ន្ធរុស្សី មានភាពកកស្ទះច្រើនជាងគេ ជាពិសេស ជាមហាវិថីសំខាន់បំផុតក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញទៅតាមបណ្តាខេត្តនានា និងដោយសារផ្លូវនេះ មានភាពមមាញឹកសម្រាប់អ្នកដែលធ្វើដំណើរចាកចេញទៅក្រៅប្រទេសតាមរយៈការហោះហើរផងដែរ។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោងស្ថាបនារថភ្លើងលើអាកាស ពីចំណុចជិតផ្សារធំថ្មី ទៅកាន់អាកាសយាដ្ឋានអន្តរជាតិភ្នំពេញនេះ មានប្រវែង១៨គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាប្រមាណ៨រយលានដុល្លារអាមេរិក ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិ ការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA ។
ប៉ុន្តែការស្ថាបនាផ្លូវរថភ្លើងអាកាសនេះ នឹងត្រូវធ្វើឡើងជា២ដំណាក់កាល ដោយបែងចែកគម្រោងផ្លូវនៅលើអាកាសចំនួន១៤គីឡូម៉ែត្រ និងផ្លូវនៅក្រោមដី ប្រវែង៤គីឡូម៉ែត្រពីស្ថានីយ៌ចំណតដែលស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ។
គួរបញ្ជាក់ថា គម្រោងការសាងសង់ផ្លូវរថភ្លើងអាកាសនេះ ត្រូវបានធ្វើការសិក្សាតាំងពីអំឡុងឆ្នាំ២០១៤ ទៅលើផ្លូវចំនួន៣ខ្សែ គឺខ្សែទី១ ចាប់ផ្តើមពីមហាវិថីកម្ពុជាក្រោម, មហាវិថីព្រះមុនីវង្ស, មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ ខ្សែទី២ ចាប់ ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង(ចាស់) ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខ្សែទី៣ ចាប់ផ្តើមពីផ្សារធំថ្មី, មហាវិថីហ្សាលដឺហ្គោល, មហាវិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង ឆ្ពោះមករង្វង់មូលចោមចៅ និងបត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ ។
គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងលើអាកាសនេះ គឺជាគំនិតផ្ដួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន កាលពីខែសីហា ឆ្នាំ២០១៧កន្លងមក ។
ដោយនៅពេលនោះ សម្តេចតេជោបានស្នើរដ្ឋាភិបាលជប៉ុន ឲ្យជួយគិតគូរផ្ដល់ជំនួយជាហិរញ្ញវត្ថុនិងបច្ចេកទេស ដើម្បីអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូន ជាពិសេស រៀបចំឲ្យមានរថភ្លើងស្វ័យប្រវត្តិលើអាកាសបែបនេះ ដើម្បីកាត់បន្ថយនូវការចំណាយរបស់ពលរដ្ឋ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ។
បច្ចុប្បន្ន ក្នុងរាជធានីភ្នំពេញ ក៏កំពុងប្រើប្រាស់បណ្តាញដឹកជញ្ជូនសាធារណៈច្រើនដែរ ទាំងផ្លូវគោគ និងផ្លូវទឹក តាមរយៈការផ្តល់សេវាដឹកជញ្ជូនតាមរថយន្ត សាធារណៈរបស់សាលារាជធានីភ្នំពេញ និង កាណូតដឹកអ្នកដំណើរដែលឆ្លងកាត់ពីតំបន់ព្រែកភ្នៅ ទៅដល់ក្រុងតាខ្មៅ ផងដែរ ៕
( រូបតំណាង )