ភ្នំពេញ ៖ ស្របពេលប្រទេសកម្ពុជាមានសុខសន្ដិភាព ពេញលេញប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធានោះ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរ ក៏មានចំនួនកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា មានរថយន្ដប្រមាណជាង៨០ម៉ឺនគ្រឿង និងម៉ូតូមានជាង៣លានគ្រឿង បានចុះក្នុងបញ្ជីការ។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម តូច ចាន់កុល បានឱ្យដឹងនៅក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៤ ស្តីអំពីគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជីនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នេះថា បើគិតជារថយន្ដ យើងប្រហែល៨០ម៉ឺនគ្រឿង ហើយបើគិតជាម៉ូតូមានជាង៣លានគ្រឿងដែលបានចុះបញ្ជីការរួចនិងមានទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ចំនួន១៤កន្លែងនិងមានរថយន្តចល័តចំនួន៣គ្រឿងនៅទូទាំងប្រទេស។
រដ្ឋលេខាធិការបញ្ជាក់ថា ការចុះបញ្ជី និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធទំនើបកម្ម ពិតជាមានសារសំខាន់ សម្រាប់ការគ្រប់គ្រងរថយន្តនៅក្នុងប្រទេសកម្ពុជា។ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានសហការជាមួយ Jicaនិងភាគីពាក់ព័ន្ធ កំពុងពិនិត្យលទ្ធភាព ក្នុងការប្រើប្រាស់ប្រព័ន្ធអាយធីសម្រាប់តភ្ជាប់និងចែករំលែកព័ត៌មានទៅវិញទៅមកជាមួយក្រសួងពាក់ព័ន្ធដើម្បីសម្រួលដល់ការចុះបញ្ជីយានយន្តឱ្យកាន់តែងាយស្រួល និងលឿនទាន់ពេលវេលា។
លោកក៏បានបញ្ជាក់ទៀតថា ដើម្បីឱ្យការត្រួតពិនិត្យយានយន្តនេះបានទូទាំងប្រទេស ក្រសួងបានអនុញ្ញាតិឱ្យក្រុមហ៊ុនតម្លើងទីតាំងត្រួតពិនិត្យបច្ចេកទេសឱ្យបានច្រើនកន្លេងនៅទូទាំងប្រទេស។ ទាក់ទិននឹងការចុះបញ្ជីយានយន្តនេះដែរ ក៏មានក្រុមហ៊ុននៅក្រៅប្រទេសមួយចំនួនចង់ បង្កើតកន្លែងឈៀករថយន្ដនៅកម្ពុជា ដូច្នេះនាពេលខាងមុខនេះ ក្រសួងសាធារណការ នឹងបង្កើតកន្លែងឈៀករថយន្ដកាន់តែច្រើនឡើង ដើម្បីឆ្លើយតបតម្រូវការពលរដ្ឋ។
សម្រាប់ការធ្វើទំនើបកម្មយានយន្តនេះដែរ មន្ត្រីនគរបាល អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ឯ.ឧ ឧត្តមសេនីយ៍ ឃៀង សុគន្ធា បានអះអាងថា នៅពេលប្រព័ន្ធនេះដំណើរការ វាពិតជាមានការងាយស្រួល ក្នុងការស្វែងរកអត្ថសញ្ញាណអ្នកប្រើប្រាស់យានយន្តនិងបណ្ណបើកបរ៕