ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង បានអះអាងថា នៅក្នុងប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ មានប្រជាជនវ័យក្មេងដល់អាយុធ្វើការប្រមាណ ៣សែននាក់ ដែលនិន្នាការបែបនេះ នឹងបន្តក្នុងរយៈពេលវែងទៅមុខទៀត យ៉ាងហោចក្នុងរង្វង់៣ ទសវត្សរ៍ ហើយអត្រាអ្នកមានការងារធ្វើ នៅក្នុងស្រុកមានកំណើនរហូតដល់ទៅ៩៩%។
ថ្លែងទៅកាន់ក្រុមយុវជន ដែលកំពុងសិក្សាលើមុខជំនាញនានា នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្តីពីតម្រូវការជំនាញរបស់និយោជិតឆ្នាំ២០១៧ និងរបាយការណ៍ស្តីពី ទស្សនវិស័យការងារ កម្ពុជា ឆ្នាំ២០១៨ កាលរសៀលថ្ងៃទី៧ ខែមិថុនានេះ នៅទីភ្នាក់ងារជាតិមុខរបរនិងការងារ ហៅកាត់ថា N.E.A លោកបណ្ឌិត អ៊ិត សំហេង បានឱ្យដឹងថា “នៅកម្ពុជាសម្រាប់ប្រជាពលរដ្ឋភាគច្រើន កម្លាំងពលកម្មគឺជាទ្រព្យដែលបង្កើតចំណូលដ៏ចម្បងបំផុត។ រីឯផ្នែកម្ខាងទៀតនៃសេដ្ឋកិច្ចជាតិ កម្លាំងពលកម្ម គឺជាកត្តាផលិតកម្មដ៏សំខាន់នៅក្នុងគ្រប់វិស័យ។ ចំណែកទីផ្សារការងារដើរ តួនាទី សម្របសម្រួលទាំងការវិភោជន៍នៃចំណូល និងការវិភាគជន៍នៃកម្លាំងពលកម្មជាធនធានផលិតកម្ម ។
លោក រដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្នុងរយៈពេល២ទស្សវត្សរ៍កន្លងមកនេះ កម្ពុជា អាចរក្សាបាននូវការងារដែលមានស្រាប់ និងបង្កើតការងារបន្ថែមសរុបចំនួន ៣.៦លាននៅក្នុង វិស័យ ឧស្សាហកម្ម សេវាកម្ម និងចំនួន ០.៧លាន នៅក្នុងវិស័យកសិកម្ម។ កត្តានេះនាំឲ្យកម្ពុជា នាពេលបច្ចុប្បន្ន អត្រាមានការងារធ្វើឡើងខ្ពស់រហូតដល់៩៩.៣% ស្មើនឹងប្រមាណជិត ១០លាន នាក់ ហើយអត្រាគ្មានការងារធ្វើត្រូវបានកាត់បន្ថយមកនៅត្រឹមកម្រិតទាប ០.៧%។
លោកជំទាវ ម៉ារៀ សាគ្រិន (Maria Sargren) ឯកអគ្គរាជទូតស៊ុយអែតប្រចាំនៅកម្ពុជា បាន មានប្រសាសន៍ផងដែរថា ទីផ្សារកម្ពុជានៅមានកំណើន និងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុង រយៈពេលជាង០២ទស្សវត្សរ៍កន្លងមកនេះ។ យុវជនវ័យក្មេងគ្រប់អាយុដែលស្វែងរកការងារធ្វើកំពុង តែធ្វើការជ្រើសរើសជំនាញ សម្រាប់ក្លាយជាការងារអាជីព និងជាគ្រូបង្រៀន ។ លើសពីនេះជាការ ប្រកួតប្រជែងដើម្បីចាប់យកឱកាសការងារផ្សេងៗទៀត។
លោកជំទាវបន្ថែមថា កម្លាំងការងារ ដែលទទួលបានការអប់រំល្អ ជំនាញច្បាស់ លាស់អាច ជួយ ឱ្យកម្លាំងពលកម្ម ចល័តពីប្រទេសមួយ ទៅប្រទេសមួយ និងពីជនបទមកទីក្រុង ដើម្បីស្វែង រកការងារជ្រើសរើសចាប់យកអាជីពការងារ ជាពិសេសអាចជួយឲ្យយុវជន ស្វែងរកការងារកាន់តែ ល្អប្រសើរ។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកមានការងារធ្វើសរុបទាំងអស់មានចំនួនជិត១.៥លាននាក់ ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ហើយចំនួនជាង២.៤លាននាក់ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនូន ជាង៤លាននាក់ នៅក្នុងវិស័យកសិកម្ម ១.២លាននាក់ធ្វើការក្រៅប្រទេស និងចំនួនជាង ០.៥លាន នាក់ ជាមន្ត្រីសាធារណៈ៕