កំពង់ចាម ៖ ស្របពេលនៃការសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៦ ដែលឆ្លងកាត់ខេត្តកំពង់ចាម កំពង់ធំ និង ខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានលើកឡើងពីគម្រោងស្ថាបនាផ្លូវស្ពានមួយចំនួនទៀតដែលមានរដ្ឋាភិបាលចិនជាដៃគូ! ប៉ុន្តែសម្តេចក៏បានថ្លែងសូមការអាធ្យាស្រ័យដល់ប្រជាពលរដ្ឋ និងពន្យល់ពីមូលហេតុដែលគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេសាប ពីខេត្តកំពង់ឆ្នាំងមកកាន់ខេត្តកំពង់ធំ មិនទាន់អាចចាប់ផ្តើមធ្វើបាន ព្រោះត្រូវសិក្សាអោយបានច្បាស់លាស់ជាមុនសិន ពីផលប៉ះពាល់នានាក្នុងតំបន់ទន្លេសាប ។
កំណាត់ផ្លូវជាតិលេខ៦ ប្រវែងសរុប ២៤៨ក្បៀស៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្គ្រង ខេត្តសៀមរាប ត្រូវបានស្ថាបនា និងកែលម្អឡើងវិញរួចរាល់ នៅក្នុងខែកក្កដា ឆ្នាំ២០១៧ កន្លងមក បន្ទាប់ពីចំណាយពេលស្ថាបនា ៥០ខែ ចាប់តាំង ពីខែឧសភា ឆ្នាំ២០១៣ ដោយចំណាយថវិកាជាង ២៥៥លានដុល្លារអាមេរិក។ ប៉ុន្តែនៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ កំណាត់ផ្លូវនេះ ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានជាអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
បើតាមការបញ្ជាក់របស់ លោកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីថ្នល់កែង ខេត្ដកំពង់ចាម ដល់អង្គ្រង ខេត្តសៀមរាប ឆ្លងកាត់ខេត្តចំនួន៣ រួមមាន ខេត្តកំពង់ចាម ប្រវែងជិត ៤៤គីឡូម៉ែត្រ! ខេត្តកំពង់ធំ ប្រវែង ជាង១៤៤ គីឡូម៉ែត្រ និងខេត្តសៀមរាប ប្រវែងជាង ៦០គីឡូម៉ែត្រ។
សម្តេចតេជោ បានចាត់ទុកកំណាត់ផ្លូវជាតិលេខ៦នេះថា គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ជាតិ ជាពិសេសវិស័យទេសចរណ៍ ដោយសារខ្សែផ្លូវនេះ មានសក្តានុពល តភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ។ បន្ថែមពីនេះ តាមរយៈខ្សែផ្លូវនេះ ក៏នឹងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្ម របស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ច ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ផងដែរ។
តាមរយៈសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបង្ហាញវត្តមានក្នុងប្រទេសកម្ពុជា សម្តេចតេជោ បានលើកឡើងថា មិត្តចិនគឺជាដៃគូយ៉ាងសំខាន់ដែលបានជួយតភ្ជាប់ផ្ទៃក្នុងនៃប្រទេសកម្ពុជា ដែលជម្រុញដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្រ។
ទន្ទឺមនេះ សម្តេចតេជោ បានបង្ហាញថា គម្រោងស្ថាបនាស្ពានពីខេត្តក្រចេះ មកកាន់ខេត្តកំពង់ធំ គឺជាគម្រោងអទិភាពមួយរវាងរដ្ឋាភិបាលកម្ពុជា និងចិន រួមនិងគម្រោងផ្លូវពីខេត្តកោះកុង ឆ្លងកាត់ថ្មដារ ទៅសំឡូត ខេត្តបាត់ដំបង មានតម្លៃប្រមាណ២០០លានដុល្លារ ក៏នឹងត្រូវបញ្ជូនសំណើរហិរញ្ញប្បទានទៅកាន់រដ្ឋាភិបាលចិនផងដែរ។ ប៉ុន្តែ ចំពោះគម្រោង ស្ថាបនាស្ពានឆ្លងកាត់ទន្លេងសាប ពីខេត្តកំពង់ឆ្នាំង មកខេត្តកំពង់ធំ ត្រង់ចំនុចកំពង់ថ្ម គឺមិនទាន់អាចចាប់ផ្តើមស្ថាបនាបាននោះទេ ដោយសារគម្រោងដែលគ្រោងចំណាយថវិកាជាង១០០លានដុល្លារនេះ ត្រូវការពេលវេលាសិក្សាអោយបានច្បាស់លាស់ពីផលប៉ះពាល់នានា ដូចជាផលនេសាទ និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ទន្លេសាបជាមុនសិន ៖ ខ្ញុំក៏ធ្លាប់បានប្រកាសថា នឹងមានផ្លូវមួយខ្សែទៀតពីកំពង់ឆ្នាំង មកខេត្តកំពង់ធំ ត្រង់កំពង់ថ្ម ដោយចំណាយជាង១០០លានដុល្លារ! តែសូមប្រជាពលរដ្ឋអាធ្យាស្រ័យ ដែលមិនទាន់ចាប់ផ្តើមសាងសង ដោយសារត្រូវធ្វើឆ្លងកាត់ទន្លេសាប ដូចនេះត្រូវសិក្សាអោយបានច្បាស់លាស់ ផលប៉ះពាល់នានា ដូចជា ផលនេសាទត្រី និងការរស់នៅរបស់ប្រជាជនតំបន់ទន្លេសាបនេះ។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៨នេះ ស្ថិតក្នុងការប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់រដ្ឋាភិបាលចិន កម្ពុជាបានសម្រេចគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន២៣ខ្សែ រួចមកហើយ មានប្រវែងសរុប ២ពាន់៣០១គីឡូម៉ែត្រ ដែលប្រើប្រាស់ថវិកាប្រមាណ ១ពាន់៣០០លានដុល្លារអាមេរិក។ ចំណែកគម្រោងផ្លូវកំពុងសាងសង់ មានចំនួន៧ខ្សែ មានប្រវែង ប្រមាណ ៧៣៤ក្បៀស៨២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៧០៥លានដុល្លារអាមេរិក។ ចំណែក គម្រោងផ្លូវត្រៀមសាងសង់ក្នុងឆ្នាំ២០១៨នេះ មានចំនួន ១គម្រោងទៀត គឺគម្រោងផ្លូវក្រវ៉ាត់ក្រុងភ្នំពេញទី៣ ដែលមានប្រវែងសុរប ៥២ក្បៀស៩៨គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២៦៧ក្បៀស៦៧ លានដុល្លារអាមេរិក។
ចំពោះស្ពានធំៗដែលត្រូវបានសាងសង់រួចរាល់ហើយ មានចំនួន ៧ស្ពាន មានប្រវែងសរុប ៦ពាន់៨២៤ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២១៦លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង់ចំនួន១ទៀត គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មា ប្រវែង១១១៣ម៉ែត្រ បូករួមទាំងផ្លូវតភ្ជាប់ស្ពាន ត្រូវចំណាយថវិកាជិត៥៧លានដុល្លារ។
បើគិតត្រឹមក្នុងឆ្នាំ២០១៨នេះ សរុបគម្រោង ទាំងបានសាងសង់រួចរាល់ កំពុងសាងសង់ និងត្រៀមសាងសង់ ត្រូវបានប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណងរបស់ចិនមានទឹកប្រាក់ប្រមាណ ២ពាន់៥៥៣លានដុល្លារអាមេរិក។ ដោយឡែក ថវិកាស្ថាបនាកំណាត់ផ្លូវជាតិលេខ៦ សរុបប្រមាណ ២៥៥ លានដុល្លារអាមេរិក គឺជាហិរញ្ញប្បទានសម្បទានរបស់ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ៥ភាគរយ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ។
សមិទ្ធផលកំណាត់ ផ្លូវជាតិលេខ៦ គឺជាកំណាត់ផ្លូវមួយក្នុងចំណោមផ្លូវ និងសមិទ្ធផលជាច្រើនទៀត ដែលសាងសង់ឡើងក្រោមកម្ចី របស់រដ្ឋាភិបាលចិន៕