ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្លាំងពលកម្មកុមារបានថយចុះយ៉ាងគំហុគ បើគិតចន្លោះឆ្នាំ២០០០ ដល់ ២០១៣ រដ្ឋាភិបាលបានជួយក្មេងប្រមាណ៣៣ម៉ឺននាក់ ពីចំនួន៧៥ម៉ឺននាក់ ហើយក្នុងអាណិត្តថ្មីនេះគឺជួយកុមារបានប្រមាណ ជា៣ម៉ឺននាក់បន្ថែមទៀត សរុបប្រមាណ៣៦ម៉ឺននាក់។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមាន នៅក្រោយបញ្ចប់ខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ កាលពីព្រឹកថ្ងៃទី១២ខែមិថុនានេះនៅទីស្តីការក្រសួង ឯកឧត្តម វ៉េង ហៀង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានលើកឡើងថា ចំនួនខាងលើនេះ បើធៀបនឹងគោលដៅអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) ប្រទេសកម្ពុជាបានគៀកបំផុតក្នុងចំណោមប្រទេសទាំង៥លើពិភពលោក ក៏ដូចជាសហរដ្ឋអាមេរិក បានវាយតម្លៃថា កម្ពុជា ជាប្រទេសនាំមុខក្នុងចំណោមប្រទេសចំនួន១៣ លើពិភពលោក ក្នុងការងារប្រឆាំងកម្លាំងពលកម្មកុមារផងដែរ។
បើទោះជាកម្មពលកម្មកុមារ មានការថយចុះយ៉ាងនេះក៏ដោយ ឯកឧត្តម អគ្គលេខាធិការបានលើកឡើងនៅមានបញ្ហាប្រឈមមួយចំនួន ដែល គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានជួបប្រទះ នាពេលកន្លងមក ទាមទារឱ្យមានការពង្រឹង នឹងយកចិត្តទុកដាក់បន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ។
លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិកាក្រសួង ការងារនិងបណ្តុះបណ្តាល បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជាចំនួនពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ចបានធ្លាក់ចុះជិតពាក់កណ្តាលពីចំនួន ៧៥ម៉ឺននាក់ មកត្រឹមជាង ៤២ម៉ឺននាក់ និងទម្រង់ធ្ងន់ធ្ងរបំផុតបានថយចុះជាង ២៥ម៉ឺននាក់ មកត្រឹមជាង ២៣ម៉ឺននាក់ ទោះបីកំណើនប្រជាជនបានកើនឡើងពី១០លាននាក់ក្នុងឆ្នាំ២០០១ ដល់ជិត១៥លាននាក់ក្នុងឆ្នាំ២០១៣។ ទន្ទឹមនេះចំនួនកុមារបម្រើការងារក្នុងផ្ទះបានថយចុះពីជិត០៣ម៉ឺននាក់នៅរាធានីភ្នំពេញឆ្នាំ២០០១ មកត្រឹមជាង ៦ពាន់នាក់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០១២។
លោកជំទាវ រដ្ឋលេខាធិការបញ្ជាក់ថា សម្រាប់អាណត្តិទី៥ បានដក់ហូត និងទប់ស្កាត់ពលកម្មកុមារ ប្រមាណ៣ម៉ឺននាក់ ដើម្បីឱ្យកុមារទទួលការអប់រំ បណ្តុះបណ្តាលជំនាញ និងសមាហរណកម្ម ទៅក្នុង សង្គមជាតិវិញ។ ក្រសួងបានពង្រីការងារសមរម្យសម្រាប់យុវជនប្រមាណ ១៤០០នាក់ និងក្រុមគ្រួសារពលកម្មកុមារក្រីក្រប្រមាណ២ពាន់ តាមរយៈកម្មវិធីលើកកម្ពស់ឱកាសសេដ្ឋកិច្ចនិងបង្កើតមុខរបរចាប់តាំងពីឆ្នាំ២០១២-២០១៦។
គួរបញ្ជាក់ថា ចំនួនពលកម្មកុមារត្រូវបានកាត់បន្ថយ ពីចំនួន១៦.៥% នៅឆ្នាំ១៩៩៩ មកនៅត្រឹម៨.៧% នៅឆ្នាំ២០១៦ ដែលកៀកនឹងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។ ដោយឡែកចំនួនពលកម្មកុមារ នៅក្នុង វិស័យសេដ្ឋកិច្ចរៀបរយបានថយចុះគួរឱ្យកត់សម្គាល់ពីចំនួណ៧៦ករណី នៅឆ្នា២០១៣ ចំនួន៣៤ករណី នៅឆ្នាំ២០១៤ មកត្រឹម១៣ករណី នៅឆ្នាំ២០១៥ ចំនួន៤ករណីនៅឆ្នា២០១៦ ចំនួន២ករណី នៅឆ្នាំ២០១៧ និង០១ករណីនៅឆមាសទី១ឆ្នាំ២០១៨ ស្របពេលកម្លាំងពលកម្មនៅតាមសហគ្រាស គរឹះស្ថាន កើនឡើងពី៥០ម៉ឺននាក់ ដល់៧៣ម៉ឺននាក់៕