ភ្នំពេញ៖ ផ្ទៃដីទំហំជាង ១១៥ ហិកតា ត្រូវប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចកាត់ចេញពីបុរីសណ្ឋាគារអង្គរសៀមរាប ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់ និងដាំដុះជាក់ស្តែងនៅក្រុងសៀមរាប ខេត្តសៀមរាប ។
កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ៥១អនក្រ ដោយសម្រេចកាត់ផ្ទៃដីទំហំជាង ១១៥ហិកតារចេញពីផ្ទៃដីបុរីសណ្ឋាគារទេសចរណ៍ដែលគ្រប់គ្រងដោយ អាជ្ញាធរអប្សរា ប្រគល់មកឱ្យប្រជាពលរដ្ឋដែលរស់នៅភូមិបឹងដូនប៉ា និងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើជាម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។
យោងអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៥ បានសម្រេចកាត់ផ្ទៃដីទំហំសរុប ១១៥,៤១ ហិកតា ចេញពីផ្ទៃដីបុរីសណ្ឋាគារអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែងលើដីនោះ ។ អនុក្រឹត្យបន្តថា ក្នុងនោះផ្ទៃដី ៥១,៤៣ ហិកតា កាត់ឲ្យប្រជាពលរដ្ឋដែលរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម។ ចំណែកផ្ទៃដីទំហំ ៦៣,៩៨ ហិកតា កាត់ឲ្យប្រជាពលរដ្ឋរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ខេត្តសៀមរាប ។
អនុក្រឹត្យបន្តទៀតថា ក្នុងដំណើរការចុះបញ្ជី ដើម្បីផ្តល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនប្រជាពលរដ្ឋ គណៈកម្មាធិកាគ្រប់គ្រងដីរដ្ឋខេត្តសៀមរាប ត្រូវកាត់ចេញនូវចំណែកផ្ទៃដី ដែលអាជ្ញាធរអប្សរាបានដោះស្រាយគោលនយោបាយរួចរាល់ ដើម្បីរក្សាទុកសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ ។
អនុក្រឹត្យដដែលឲ្យដឹងថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័ន អគ្គនាយកអាជ្ញាធរ អប្សរា និងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខា ។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ចាត់ទុកការកាត់ផ្ទៃដីជាង ១១៥ហិកតារ ពីអាជ្ញាធរអប្សរាហើយប្រគល់មកឱ្យប្រជាពលរដ្ឋគ្រប់គ្រងវិញ គឺជាវិធានការដោះស្រាយតាមរូបមន្តស្បែកខ្លា។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប លោក សួស ណារិន មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះប្រមុខរដ្ឋាភិបាលដែលដោះស្រាយទំនាស់ដីធ្លីក្នុង តំបន់អាជ្ញាធរអប្សរាមកឱ្យអ្នកភូមិវិញនោះ។ លោក សួស ណារិន បញ្ជាក់ថា ជាយូរមកហើយអង្គការក្រៅរដ្ឋាភិបាលតែងទាមទារឱ្យរដ្ឋាភិបាលដោះស្រាយ ទំនាស់ដីធ្លីនៅក្នុងតំបន់អប្សរានោះ តាមនីតិវិធី ៣យ៉ាង គឺទី១ ឱ្យឆ្វៀលផ្ទៃដីដែលប្រជាពលរដ្ឋរស់នៅចេញពីតំបន់គ្រប់គ្រងរបស់ អាជ្ញាធរអប្សរាទី២ បើសិនជាអាជ្ញាធរអប្សរាត្រូវការយកដីនោះ គឺត្រូវទូទាត់សំណងទៅតាមតម្លៃទីផ្សារបច្ចុប្បន្ន និងទី៣ ត្រូវដោះស្រាយដោយឱ្យអាជ្ញាធរអប្សរាបង្ខិតបង្គោលព្រំដែននៃតំបន់ គ្រប់គ្រងរបស់ខ្លួនឱ្យផុតពីតំបន់ដែលប្រជាពលរដ្ឋរស់នៅជាដើម៕ប្រជាពលរដ្ឋនាំគ្នាយកម៉ូតូ មែកឈើ និងដុំថ្មដាក់រាំងកំណាត់ផ្លូវរបស់អាជ្ញាធរអប្សរា កែងនឹងផ្លូវទៅភូមិត្រាំនាគ មិនឱ្យរថយន្តចេញចូល នៅថ្ងៃទី២៥ កុម្ភៈ ២០១៥។ ក្រុមអ្នកភូមិតវ៉ាប្រឆាំងនឹងអាជ្ញាធរអប្សរាដែលរុះរើផ្ទះរបស់ពួកគេ។