ភ្នំពេញ ៖ ជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា គឺអង្គការសហប្រជាជាតិ បានសម្រេចអោយប្រទេសកម្ពុជា ក្លាយជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ក្នុងអាណត្តិមួយឆ្នាំក្នុងឆ្នាំ២០១៩នេះ តាមរយៈលទ្ធផលបោះឆ្នោតគាំទ្រ១៨៣សម្លេង ក្នុងចំណោម សមាជិកអង្គការសហប្រជាជាតិចំនួន១៨៨ ។
ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិមួយឆ្នាំ ក្នុង២០១៩នេះ បន្ទាប់ពីទទួលបានសំលេងគាំទ្រ ចំនួន១៨៣ លើ១៨៨ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហាសន្និបាត នៃទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
នេះគឺជាជោគជ័យដ៏ធំធេងថ្មីមួយទៀតរបស់កម្ពុជា ក្នុងការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ បន្ទាប់ពីកម្ពុជាត្រូវបានជ្រើសតាំងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ធ្វើជាអនុប្រធាននៃសម័យប្រជុំលើទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិសម្រាប់អាណត្តិពីខែកញ្ញា ២០១៨ ដល់ខែកញ្ញា ២០១៩ រួមជាមួយប្រទេសចំនួន១៥ ផ្សេងទៀត និងប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមរបស់អង្គការសហប្រជាជាតិ កម្ពុជានឹងខិតខំចូលរួមពិភាក្សានិងផ្តល់យោបល់លើការជម្រុញស្តង់ដាររស់នៅឲ្យបានខ្ពស់ ការបង្កើតការងារឲ្យបានពេញលេញ និងជម្រុញលក្ខខណ្ឌនៃការរីកចំរើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍន៍។
កម្ពុជានឹងចូលរួមជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងវិស័យអប់រំ និងការចូលរួមជំរុញដោះស្រាយបញ្ហាសេដ្ឋកិច្ចអន្តរជាតិ សុខាភិបាលសង្គម រួមនិងការគោរពជាសកលចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម គឺជាសាខាមួយ នៃសាខាទាំង៦ របស់អង្គការសហប្រជាជាតិ ដែលមានតួនាទីពិភាក្សាលើវិស័យអភិវឌ្ឍន៍ក្នុងការទ្រទ្រង់ដំណើរការសន្តិភាព។
ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ស្របពេលការបង្កើតអង្គការសហប្រជាជាតិតែម្ដង។ ប៉ុន្ដែក្រោយសង្គ្រាមលោកលើកទី២ ការងារអាទិភាពរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម គឺធ្វើយ៉ាងណាធានាឲ្យមានប្រសិទ្ធភាពសង្គម និងកម្រិតជីវភាពឲ្យកាន់តែប្រសើរឡើងចំពោះប្រជាជនពិភពលោក ហើយក៏មិនអើពើ ឬរើសអើងទៅលើនរណាម្នាក់ដែរ។ ក្រុមប្រឹក្សានេះ មានគោលដៅជ្រោមជ្រែងឲ្យបានសម្រេចនូវគោលដៅសហស្សវត្សអភិវឌ្ឍដោយចិរភាព និងសហប្រតិបត្តិការអភិវឌ្ឍ៕