ភ្នំពេញ ៖ តម្លៃប្រេងសាំងបានឡើងថ្លៃជាបន្តបន្ទាប់នៅប្រទេសកម្ពុជា ខណៈតម្លៃប្រេងឆៅក្នុងទីផ្សារពិភពលោក បានកើនឡើងខ្ពស់បំផុតក្នុង រយៈពេលប្រមាណ៣ឆ្នាំមកនេះ។ កត្តាដែលធ្វើអោយតម្លៃប្រេងកើនឡើងខ្ពស់នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និង លោកប្រធានាធិបតីសហរដ្ឋអាមេរិក មើលឃើញដូចគ្នាថា ដោយសារ ការកាត់បន្ថយការផលិតប្រេងដែលកំណត់ដោយអង្គការ OPEC! ដើម្បីដោះស្រាយបញ្ហានេះ នៅថ្ងៃទី២៨ មិថុនា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសគោលការណ៍ថ្មីសម្រាប់កំណត់តម្លៃប្រេងសាំងនៅកម្ពុជា។
នាថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសគោលការណ៍ថ្មី ស្តីពីតម្លៃប្រេងសាំងនៅកម្ពុជា ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ពីការតម្លើងថ្លៃប្រេងក្នុងទីផ្សារពិភពលោក។
នេះបើតាមការថ្លែងបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនានេះ ក្នុងពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសជូនដល់មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា។ សម្តេចតេជោ បានឡើកឡើងថា ការតម្លើងថ្លៃប្រេងក្នុងទីផ្សារសកល គឺដោយសារ អង្គការនៃប្រទេសនាំប្រេងចេញ ហៅកាត់ថា OPEC បានកាត់បន្ថយការផលិតប្រេងឆៅ ដែលការតម្លើងថ្លៃប្រេងឆៅអន្តរជាតិនេះ ក៏កំពុងមានផលប៉ះពាល់ដល់តម្លៃប្រេងសាំងនៅកម្ពុជាដែរ។
ទន្ទឹមនេះ សម្តេចតេជោ ចាត់ទុកថា សង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយតម្លើងពន្ធ គឺជាសង្គ្រាមចាញ់មួយសម្រាប់ពិភពលោក ហើយអ្នករងគ្រោះមុនគេ គឺជាអ្នកប្រើប្រាស់តែម្តង។ ដូចនេះទើបរាជរដ្ឋាភិបាលកម្ពុជាត្រូវត្រៀមគោលការណ៌ដើម្បីដោះស្រាយបញ្ហាទាំងនេះ ជាពិសេស សម្តេចតេជោ បានបង្ហើបថា កម្ពុជាក៏កំពុងរៀបចំគោលនយោបាយសេដ្ឋកិច្ចមួយចំនួនទៀត សម្រាប់អនុវត្តន៍នៅអាណត្តិថ្មីដែរ ៖៖
គួរបញ្ជាក់ថា អន្តរក្រសួងចំនួនបី គឺក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ និងក្រសួងធនធានរ៉ែនិងថាមពល បានអនុវត្ត រូបមន្តកំណត់តម្លៃលក់ប្រេងឥន្ធនៈ ជារៀងរាល់ ១០ថ្ងៃម្តង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក។ ប៉ុន្តែដោយសារបច្ចុប្បន្ន កម្ពុជា ត្រូវនាំចូលប្រេងសាំងពីប្រទេសក្នុងតំបន់ ដូចជាប្រទេសសិង្ហបុរី ជាដើម ដែលធ្វើឲ្យតម្លៃប្រេងសាំងនៅកម្ពុជាពិបាកក្នុងការគ្រប់គ្រងតម្លៃប្រេងក្នុងស្រុក។ ដោយឡែក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៌មុន បានចោទប្រកាន់អង្គការ OPEC ថា បានជំរុញឲ្យតម្លៃប្រេងកើនឡើងនៅក្នុងទីផ្សារអន្តរជាតិ ដោយលោកបានរិះគន់ ទៅលើកិច្ចព្រមព្រៀងរបស់បណ្តាប្រទេសជាសមាជិកអង្គការនេះ ក្នុងការដាក់កម្រិតលើការផលិតប្រេង។
តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងខ្ពស់បំផុត ដល់តម្លៃ ៨០ដុល្លារ ក្នុងមួយបារ៉ែល កាលពីចុងខែឧសភា ខណៈដែលប្រេងប្រភេទ West Texas Intermediate បានកើនដល់ជាង ៧២ដុល្លារក្នុងមួយបារ៉ែល និងបានធ្លាក់ចុះបន្តិចក្នុងខែមិថុនានេះ។ គួររំលឹកថា ប្រទេសអ្នកផលិតប្រេងដែលជាសមាជិក និងមិនមែនជាសមាជិករបស់អង្គការ OPEC បានចុះកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៦ ដើម្បីកាត់បន្ថយផលិតកម្មប្រេងចំនួន ១លាន៨សែនបារ៉ែលក្នុងមួយថ្ងៃដើម្បីកាត់បន្ថយការផ្គត់ផ្គង់ប្រេងសាកល ដោយសារនៅពេលនោះ តម្លៃប្រេងឆៅ ទាបជាង ៣០ ដុល្លារក្នុងមួយបារ៉ែល។ កិច្ចព្រមព្រៀងនេះ នឹងផុតសុពលភាពនៅចុងឆ្នាំ ២០១៨ ប៉ុន្តែក្រុមពាណិជ្ជករកំពុងរង់ចាំមើលលទ្ធផលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងប្រេងមកពីប្រទេសជាសមាជិករបស់អង្គការ OPEC ដែលនឹងរៀបចំ ធ្វើ ឡើងនៅថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងវីយែន ប្រទេសអូទ្រីស៕