ថៃឡង់ះក្រុមប្រឹក្សាកំណែទម្រង់ជាតិដែលបង្កើតឡើងដោយរបបសឹកថៃ ចាប់ផ្តើមនៅថ្ងៃចន្ទទី ២០មេសា បើកការពិភាក្សាលើសេចក្តីព្រាងច្បាប់ រដ្ឋធម្មនុញ្ញ ដែលគណៈកម្មការចងក្រងធម្មនុញ្ញទើបតែសរសេរបញ្ចប់ កាលពីថ្ងៃសុក្រទី ១៧មេសា។ សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីមានសរសេរបញ្ចូលមាត្រាមួយចំនួនដែលនឹង បិទផ្លូវមិនឲ្យគណបក្សណាមួយ ឈ្នះឆ្នោត ទទួលបានសំឡេងផ្តាច់មុខ នៅរដ្ឋសភា។
ជិតមួយ ឆ្នាំក្រោយ រដ្ឋប្រហារយោធា នៅប្រទេសថៃ គណៈកម្មាធិការចងក្រងរដ្ឋធម្មនុញ្ញបានសរសេរបញ្ចប់សេចក្តីព្រាង រដ្ឋធម្មនុញ្ញថ្មី ដែលនឹងត្រូវដាក់ឲ្យក្រុមប្រឹក្សាកំណែទម្រង់ជាតិ ចាប់ពិភាក្សា កែតម្រូវ ចាប់ពីថ្ងៃចន្ទនេះតទៅ។ បើសិនជារបបសឹកមិនប្រកាសបើកធ្វើការបោះឆ្នោតប្រជាមតិ ដើម្បីទទួលភ្លើងខៀវពីប្រជាជនទេ នោះសេចក្តីព្រាងរដ្ឋធម្មនុញ្ញចុងក្រោយនឹងត្រូវដាក់ឲ្យព្រះមហាក្សត្រ ឡាយព្រះហស្តលេខា ចូលជាធរមាន យ៉ាងឆាប់បំផុត ខែ កញ្ញាចុងឆ្នាំនេះ។
មេដឹកនាំរបបសឹក លោកប្រាយុទ្ធ ចាន់អូចា ធ្លាប់បានការពារឲ្យមានការសរសេររដ្ឋធម្មនុញ្ញថៃថ្មីមួយ ដើម្បីជៀសវាងវិបត្តិហែកហួរនយោបាយ ជាពិសេស នៅពេលដែលប្រទេសថៃត្រូវរៀបចំការបោះឆ្នោតជាតិឡើងវិញ នៅឆ្នាំក្រោយ។
តាមគណៈកម្មការចងក្រងរដ្ឋធម្មនុញ្ញ ដែលមានសមាជិក៣៦នាក់ រដ្ឋធម្មនុញ្ញថ្មីចែងពីមានចំណុចថ្មីៗមួយចំនួន ដើម្បីធ្វើយ៉ាងណាកុំឲ្យប្រទេសថៃជួបស្ថានភាពដូចមុន ដូចជា អំពើពុករលួយរបស់អ្នកនយោបាយ ឬការក្តោបក្តាប់អំណាចតែម្នាក់ឯងរបស់គណបក្សឈ្នះឆ្នោតជាដើម។ នៅថ្ងៃចន្ទ ប្រធានគណៈកម្មាធិការចងក្រងរដ្ឋធម្មនុញ្ញ លោកបវ៉នសាក់ អ៊ូវ៉ាន់ណូ បានបដិសេធនឹងការចោទប្រកាន់ដែលថា រដ្ឋធម្មនុញ្ញថ្មីត្រូវបានបង្កើតឡើងដើម្បី ទប់ស្កាត់កុំឲ្យគ្រួសារបក្សពួករបស់លោកថាក់ស៊ីនចូលកាន់អំណាចក្នុង រដ្ឋាភិបាល។ ប៉ុន្តែ លោកទទួលស្គាល់ថា សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី នឹងហាមមិនឲ្យរដ្ឋាភិបាលមានសំឡេងភាគច្រើន បង្កើតអំណាចផ្តាច់ការនៅសភា។
គួររំលឹកថា តាំងពីឆ្នាំ ២០០១ គណបក្សដឹកនាំដោយគ្រួសារ បក្សពួករបស់លោកថាក់ស៊ីនតែងទទួលជ័យជំនះ នៅរាល់ការបោះឆ្នោតជាតិ ប៉ុន្តែ យោធាបានធ្វើរដ្ឋប្រហារពីរលើក បន្ទាប់ពីមានការប្រឆាំងជំទាស់ពីគណបក្សប្រឆាំង ដែលគាំទ្រដោយព្រះរាជវាំង និងកងទ័ព។
យោងតាមសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មី ការបោះឆ្នោតនឹងធ្វើឡើងតាមប្រព័ន្ធសមាមាត្រ យកតាមគំរូរបស់ប្រទេសអាល្លឺម៉ង់ ពោលគឺអនុញ្ញាតឲ្យគណបក្សតូចតាច អាចទទួលសំឡេងឆ្នោត នៅសភា ដើម្បីចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ។ ក្នុងករណីកើតមានវិបត្តិនយោបាយ នៅក្រោយការបង្កើតរដ្ឋាភិបាលចម្រុះ មន្ត្រីម្នាក់ ដែលមិនចេញមកពីការបោះឆ្នោតជាតិទាល់តែសោះ នឹងត្រូវជ្រើសតាំងជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាល។ តាមរដ្ឋធម្មនុញ្ញចាស់ នាយករដ្ឋមន្ត្រីត្រូវតែជាអ្នកតំណាងរាស្ត្រ ដែលជ្រើសតាំងដោយសភា។ តាមគណៈកម្មាធិការចងក្រងរដ្ឋធម្មនុញ្ញ សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី មានទិសដៅផ្តល់អំណាចដល់ប្រជាជន។ គេនឹងបង្កើតក្រុមប្រឹក្សាជាតិ មួយ ដើម្បីតាមដានការងារ និងសីលធម៌របស់អ្នកនយោបាយ។ ចំណែកអនាគតសមាជិកព្រឹទ្ធសភាថៃ ទៀតសោត នឹងលែងចេញមកពីការបោះឆ្នោតនៅតាមខេត្តដូចមុនទៀតហើយ។ គឺគណៈកម្មាធិការរដ្ឋ ដែលដឹកនាំដោយព្រះមហាក្សត្រដែលជាអ្នកតែងតាំងសមាជិកព្រឹទ្ធសភា។
អ្នកវិភាគថៃជាច្រើនយល់ថា សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីកំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដើរ ថយក្រោយ។ នោះក៏ព្រោះថា ប្រជាជនថៃរំដោះខ្លួនចេញផុតពីអំណាចគ្រប់គ្រងរបស់ព្រះមហាក្សត្រ នៅឆ្នាំ ១៩៣២ និងបានបង្កើតការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំ តាមលក្ខណៈប្រជាធិបតេយ្យ ប៉ុន្តែ រដ្ឋធម្មនុញ្ញថ្មី បែរជាផ្តល់អំណាចដល់ក្រុមយោធា និងព្រះរាជវាំងឲ្យត្រលប់មកកាន់អំណាចទៅវិញ៕RFIថ្ងៃសុក្រទី ១៧មេសា លោកប្រាយុទ្ធ ចាន់អូចាប្រារព្ធខួប៦ខែដែលចូលកាន់អំណាចជានាយករដ្ឋមន្ត្រីថៃ ក្រោយរដ្ឋប្រហារ©REUTERS/Damir Sagolj