ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅព្រឹកថ្ងៃថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Chen Xuប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យ Tsinghua របស់សាធារណរដ្ឋប្រជាមានិតចិន លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា ។
លោក ឡៅ ហ៊ឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបនោះថា សកលវិទ្យាល័យTsinghua ជាសកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅប្រទេសចិន ដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ និងមានបទពិសោធន៍ជាច្រើនពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសថ្នាក់ដឹកនាំកំពូលៗនៅប្រទេសចិនភាគច្រើនចេញពីសកលវិទ្យាល័យមួយនេះ។
ក្នុងជំនួបពិភាក្សានោះដែរ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្តោតជាសំខាន់លើចំណុចចំនួនមានដូចជា៖ ពាក់ព័ន្ធទៅលើកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Tsinghua និងវិទ្យាស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈរបស់ក្រសួងការងារនាពេលអនាគត។ខាងសកលវិទ្យាល័យ នឹងផ្តល់វគ្គបណ្តុះបណ្តាលខ្លីៗ ចំបោះលើគ្រូបង្គោលកម្ពុជា។ពាក់ព័ន្ធលើការបណ្តុះបណ្តាលមន្ត្រីរាជការយៈពេលវែង ដែលខាងភាគីចិន នឹងផ្តល់អាហារូបករណ៍ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ម្យ៉ាងទៀត សកលវិទ្យាល័យមួយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់យោបល់ទៅរដ្ឋាភិបាលចិន ធ្វើយុទ្ធសាស្ត្រ និងគោលនយោបាយធំៗជាច្រើនទៀត។ ខាងសកលវិទ្យាល័យTsinghua ចង់បានព័ត៌មានពីខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ថា តើមានយុទ្ធសាស្ត្រ និងគោលនយោបាយបែបណា ដើម្បីសកលវិទ្យាល័យទទួលយកព័ត៌មានទាំងនេះ រៀបចំគោលនយោបាយ ឬយុទ្ធសាស្ត្រ ផ្តល់ជូនទៅរដ្ឋាភិបាលចិនសម្រាប់ជួយគាំទ្រដល់កម្ពុជា។
លោក ឡៅ ហ៊ីម បានបញ្ជាក់ថា កន្លងមកមន្ត្រីរាជការរបស់ក្រសួងការងារក៏ធា្លប់ទទួលបានអាហាររូបករណ៍ទៅសិក្សានៅសកលវិទ្យាល័យនេះដែរ ។ ក្រសួងបានស្នើសុំទៅ សកលវិទ្យាល័យផ្តល់អាហារូបករណ៍ជាច្រើន ទៅលើការបណ្តុះបណ្តាលធនធនមនុស្ស ជាពិសេសបណ្តុះបណ្តាលគ្រូបង្គោលលើវិស័យកសិកម្ម សុខាភិបាល បច្ចេកវិទ្យាទំនើបៗនិងផ្នែកផ្កាយរណប ផងដែរ ។
លោកមបន្តថា បច្ចុប្បន្ននិស្សិតកម្ពុជា ខ្វះខាតជំនាញខាងផ្កាយរណបនេះ ដែលក្រសួងត្រៀមធ្វើការបណ្តុះបណ្តាលជំនាញនេះ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា(NPIC)។ ក្រោយពេលមានកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ក្រសួងនឹងរៀបចំកិច្ចការនេះឱ្យបានល្អ ស្របតាមតម្រូវការជំនាញចាំបាច់ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យានៅលើពិភពលោក៕