ភ្នំពេញ ៖ នៅក្នុងអនុសាសន៌គន្លឹះសំខាន់ចំនួន៤ចំនុច ដែលសម្តេចតេជោ បានដាក់ចេញសំដៅជម្រុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៌របស់អាស៊ាន អោយបានកាន់តែខ្លាំងថែមទៀត ក្នុងចំណោមអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ប្រមាណ ៣០លាននាក់នោះ សម្តេចតេជោ ក៏បានអំពាវនាវឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ផ្តល់កម្ចីការប្រាក់ទាប ដល់និស្សិត ដើម្បីរៀនជំនាញទេសចរណ៍ក្នុងគោលដៅអភិវឌ្ឍ ទេសចរណ៌កម្ពុជាផងដែរ។
ថ្លែងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី២ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន» នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី២១ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានកត់សំគាល់ថា វិស័យទេសចរណ៍ពិភពលោកកំពុងចូលរួមបង្កើតចំណូលជាតិស្មើនឹង ១០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ ចំណូលពីវិស័យទេសចរណ៍ និងធ្វើដំណើរនៅទូទាំងពិភពលោកស្មើនឹង៣០ភាគរយ នៃការនាំចេញផ្នែកសេវាកម្ម និង ៧ភាគរយ នៃការនាំចេញសរុប ស្ថិតក្នុងលំដាប់លេខ៣ នៃការនាំចេញសរុបរបស់ពិភពលោក ខណៈដែលការនាំចេញប្រេងឥន្ធនៈស្ថិតលំដាប់លេខ១ និងការនាំចេញផលិតផលគីមីស្ថិតលំដាប់លេខ២។ សម្តេចតេជោ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧កន្លងទៅ ពិភពលោកទាំងមូល ទទួលបានទេចរណ៍អន្តរជាតិជាង ១ពាន់៣រយលាននាក់ មានកំណើន ៧ភាគរយ។
តាមការព្យាករ ទេសចរណ៍ពិភពលោក នឹងនៅតែបន្តកើនឡើងតទៅទៀត ដោយឆ្នាំ២០២០ ពិភពលោករំពឹងថានឹងទទួលបានទេសចរអន្តរជាតិជាង ១ពាន់៤រយលាននាក់ និង កើនដល់១ពាន់៨រយលាននាក់នាឆ្នាំ២០៣០។ ក្នុងនោះ នៅក្នុងឆ្នាំ២០១៧ តំបន់អាស៊ាន ទទួលទេសចរអន្តរជាតិចំនួន ១២៥លាននាក់ និងបានបង្កើតចំណូលសរុបប្រមាណ ៩៣ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង១២ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់តំបន់អាស៊ានទាំងមូល។
សម្តេចតេជៅ បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា ក៏ ចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង និងជាការនាំចេញនៅនឹងកន្លែង ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។ ដោយតាមគោលដៅរបស់កម្ពុជា គឺរំពឹងថានឹងទទួលបានអ្នកទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នាឆ្នាំ២០២០ និង ១០លាននាក់ នាឆ្នាំ២០២៥ ហើយនឹងកើនដល់ ១៥លាននាក់ នាឆ្នាំ២០៣០។ ប៉ុន្តែដើម្បីសម្រេចបានតាមគោលដៅរំពឹងទុកទាំងសម្រាប់តំបន់អាស៊ាន និង ប្រទេសកម្ពុជា សម្តេចតេជោ បានផ្តល់នូវអនុសាសន៌សំខាន់ចំនួន៤ ចំនុច សម្រាប់បន្តការអនុវត្ត លើវិស័យទេសចរណ៌ ក្នុងនោះ ៖ ទី១• ត្រូវយកចិត្តទុកដាក់ចំញេះចរន្តនៃការរីកចម្រើនវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ពិសេសក្នុងបរិការណ៍ បដិវត្តន៍ឧស្សាហកម្ម ៤.០ និង ការរីកចម្រើននៃ បញ្ញាសិប្បនិម្មិត ដូចជា ប្រព័ន្ធកក់សំបុត្រធ្វើដំណើរ, បន្ទប់ស្នាក់នៅ, មធ្យោបាយដឹកជញ្ជូនជាដើម ដែលកំពុងធ្វើឱ្យការប្រកួតប្រជែងកាន់តែមានកម្រិតខ្លាំងឡើង ។ ទី២ បណ្តុះបណ្តាលជំនាញទេសចរណ៍ និង ផ្លាស់ប្តូរបទពិសោធន៍ រវាងអ្នកជំនាញដូចគ្នាក្នុងតំបន់ ។ ទី៣•ជំរុញបង្កើតយន្តការទទួលស្គាល់បទពិសោធន៍រួម ដោយឈរលើគោលការណ៍គុណភាព និង ក្របខណ្ឌ គតិយុត្តនៃប្រទេសនីមួយៗ ។ និងទី៤ ស្នើសុំដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សហការ និង ជួយគាំទ្រ ដល់ប្រទេសសមាជិកឤស៊ាន តាមការជាក់ស្តែង ដើម្បីចូលរួមសម្រេចគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា សម្តេចតេជោ បានអំពាវនាវដល់ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា ពិនិត្យមើល ការផ្តល់ប្រាក់កម្ចីការប្រាក់ទាប ដល់និស្សិតខ្មែរដើម្បីរៀនជំនាញទេសចរណ៍។
សម្តេចតេជោ បានចាត់តាំងឱ្យ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិភាក្សាជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិក្សារៀបចំការផ្តល់ប្រាក់កម្ចីដល់និស្សិតសម្រាប់រៀនជំនាញទេសចរ ក្នុងអត្រាការប្រាក់ទាបបំផុត ដែលធ្វើយ៉ាងណាធានាដល់ការចំណេញទាំងអស់គ្នា គឺធនាគារ ដែលផ្តល់ប្រាក់កម្ចី ត្រូវទទួលបានប្រាក់ដើម បូកជាមួយការប្រាក់ត្រឡប់មកវិញ នៅពេលនិស្សិតរៀនចប់ ចំណែកនិស្សិត ក៏ទទួលបានជំនាញ និងចំណេះដឹងផ្នែកទេសចរណ៌ផងដែរ៕